ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​វត្ថុ​បុរាណ ក្នុង​រណ្ដៅ​សីមា វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ក្រុមការងារ​ជំនាញ​មក​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​ធម្មការ និង​សាសនា បាន​ចុះ​ពិនិត្យ​វត្ថុ​បុរាណ​មួយ​ចំនួន ដែល​បាន​រក​ឃើញ​នៅ​ក្នុង​វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី ក្នុងអំឡុងពេល​ដែល​វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី បាន​ធ្វើការ​រុះរើ​ព្រះ​វិហារ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ដើម្បី​សាងសង់​ព្រះ​វិហារ​ថ្មី ក៏​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន នៅ​តាម​រណ្ដៅ​សីមា​ចាស់ តែ​ម្ដង ។

បើ​តាម​ការ​បញ្ជាក់​ជាបឋម​ពី​លោក​អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ថា សម្រាប់​វត្ថុ​បុរាណ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ពេល​នេះ រួម​មាន ៖
-​បំណែក​កុលា​ភាជន៍ ចំនួន​២០​បំណែក (​ធ្វើ​ពី​ដី​ដុត​)
-​បំណែក​ជើងពាន ចំនួន​១៥​បំណែក (​ស្ពាន់​១២ សំ​រិ​ន្ធ​៣)
-​កាក់​សៀម ចំនួន​១៣​កាក់ (​ស្ពាន់​)
-​កាក់​ឥណ្ឌូចិន ចំនួន​៣៣​កាក់​(​ប្រាក់​)
-​ដន្លាប់​តូច ចំនួន​១(​ប្រាក់​)
-​ក្រវិល​មួយ​ចំហៀង (​ស្ពាន់​)
-​ចិញ្ចៀន ចំនួន​១​វង់​(​ស្ពាន់​)
-​ប្រាក់​ឌួ​ង ១​ចំហៀង (​ប្រាក់​)
-​កណ្ដឹង ចំនួន​២ (​ស្ពាន់​លាយ​)
-​បំណែក​ដែក (​ប្រហែល​ដង​ដាវ​) ចំនួន​១​ដុំ​(​ដែក​)
-​កាក់​ប្រាក់​រូប​មាន់ ចំនួន ៣,៥៩០​កាក់ (​ប្រាក់​)
-​ហិប​ប្រាក់ ចំនួន​១
-​សន្លឹក​ប្រាក់ ចំនួន​១​បន្ទះ ។

លោក​អភិបាលខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​ឯកភាព​ពី​លោកគ្រូ​ចៅអធិការ អាចារ្យ គណៈកម្មការ និង​ឧបាសក ឧបាសិកា ពុទ្ធ​បរិ​ស័​ទ្ធ ដែល​បាន​ចូលរួម​នា​ពេល​នេះ គឺ​នឹង​ប្រគល់​ភារកិច្ច​ទៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​វត្ត​សុវណ្ណ​ភូមិ ដើម្បី​ថែរក្សា​វត្ថុ​បុរាណ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នា​ពេល​នេះ ដើម្បី​ថែរក្សា​ចុះបញ្ជី​ទុក​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ និង​រក្សា​ទុក​នៅ​សារមន្ទីរ​ខេត្តបាត់ដំបង ក្រោយ​ពេល​ដែល​ក្រុមការងារ​ជំនាញ បាន​ធ្វើ​កំណត់ហេតុ និង​របាយការណ៍​អំពី​វត្ថុ​បុរាណ​នេះ​ច្បាស់លាស់ ទើប​បញ្ជូន​ទៅ​សារមន្ទីរ​ខេត្ត ហើយនឹង​រៀបចំ​កម្លាំង​ការពារ​វត្ថុ​បុរាណ ដែល​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​វត្ត​តា​លាស់​ថ្មី​នេះ ។

លោក​បាន​បន្ត​ទៀត​ថា បើ​ថ្ងៃ​ណាមួយ វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី មាន​ព្រះ​វិហារ​ច្បាស់លាស់ និង​អាច​រៀបចំ​សារមន្ទីរ​ក្នុង​វត្ត គឺ​អាច​រក្សា​ទុក​វត្ថុ​បុរាណ​នេះ នៅ​សារមន្ទីរ​ក្នុង​វត្ត ក៏​បាន ដើម្បី​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ បាន​មើលឃើញ បាន​ស្គាល់ អំពី​វត្ថុ​បុរាណ​នេះ ដែល​ជា​អនុស្សាវរីយ៍ ត្រូវ​បាន​ប្រទះ​ឃើញ​ពេល​កំពុង​សាងសង់​ព្រះ​វិហារ​ថ្មី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី​នេះ ត្រូវ​បាន​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​១៧១០ ដោយឡែក​ព្រះ​វិហារ​ចាស់ កសាង​ដំបូង​គេ នៅ​អំឡុង​សតវត្ស​ទី​១៨ និង​បញ្ចុះ​ខណ្ឌសីមា នៅ​ឆ្នាំ​១៩០៦ ហើយ​ព្រះ​វិហារ​ចាស់​នេះ ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ទាំងស្រុង នៅ​អំឡុង​ពេល​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ។ ក្រោយមក ដោយសារ​បន្សល់​ទុក​នូវ​គំនរ​ចាស់​ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែល​រស់នៅ​តំបន់​នោះ ក៏​បាន​ឯកភាព​គ្នា​សាងសង់​ព្រះ​វិហារ​ថ្មី ជា​លើក​ទី​២ ឡើង​វិញ នៅ​ឆ្នាំ​១៩៩០ បញ្ចុះ​ខណ្ឌសីមា នៅ​ឆ្នាំ​២០០៦ ប៉ុន្តែ​ដោយសារ​ព្រះ​វិហារ​ចាស់ ដែល​សាងសង់​នៅ​ឆ្នាំ​១៩៩០​នេះ សាងសង់​ឡើង មិន​ត្រូវ​ស្ដង់ដារ​បច្ចេកទេស បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​ព្រះ​វិហារ​បាក់​ស្រុត មួយអន្លើ​ៗ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ផង​នោះ ដូចនេះ​គណៈកម្មការ​វត្ត អាចារ្យ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​វត្ត ក៏​បាន​ប្រជុំ​សម្រេច​រុះរើ​ព្រះ​វិហារ​ចាស់ ដែល​សាងសង់​នៅ​ឆ្នាំ​១៩៩០​នេះ ដើម្បី​សាងសង់​ព្រះ​វិហារ​ថ្មី​ឲ្យ​ស្រប​តាម​បច្ចេកទេស​ត្រឹមត្រូវ ៕

រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង មានដូចខាងក្រោមនេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ