ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយក្រុមគ្រូ​ពេទ្រ​ស្ម័គ្រ​ចិត្ត​យុវជនសម្តេចតេជោ (TYDA)

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា…

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ សម្តេចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើង នៅសាលពិព័រណ៍​ជ្រោយចង្វារ។ នេះបើតាមការផ្សាយ​ក្នុង​ហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។​

ការសំណេះសំណាលនេះ ធ្វើឡើង ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការ​ឆ្លង​ជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រ​នានា​ទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។

ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលប្រមូលផ្តុំ​ដោយក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាព​ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាល​ជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបានជាង ៣៣ម៉ឺននាក់។ ក្នុងនោះអ្នកជំងឺធ្ងន់ជាង ៦ពាន់នាក់ ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ ក្នុងចំណោមអ្នកជំងឺធ្ងន់នេះ ក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ៥៦នាក់ផងដែរ។

ក្នុងពេលដែលកម្ពុជា រងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ជិត ៨០០នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលដោយឥតរួញរាផងដែរ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់ (Live) ពិធីនេះ នៅម៉ោង 7:00 នាទីព្រឹក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ