ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​៤​វិច្ឆិកា​ខាង​មុខ សាលាដំបូង​បើក​សវនាការ​សំណុំរឿង​លោក ស៊ុត ឌី​ណា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ពុក​រលួយ​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌី​ណា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​០៤

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ពុក​រលួយ​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌី​ណា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​។ គួរ​រំលឹក​ថា​លោក ស៊ុត ឌី​ណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦ ដោយ​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​លើ​ទឹកប្រាក់​ចំនួន ៧,២​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​មាស​៣៣៩​តម្លឹង ឬ​ស្មើនឹង​ជិត​១៣​គីឡូក្រាម​។

ប៉ុន្តែ​ករណី​នេះ ក្រុម​គ្រួសារ​របស់​លោក ស៊ុត ឌី​ណា បាន​ច្រាន​ចោលការ​លើក​ឡើង​នេះ​។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ដឹង​ថា យោង​តាម​ការ​ចុះ​ស៊ើបអង្កេត​របស់ ACU នៅ​ក្នុង​ប្រទេស និង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ព្រមទាំង​ចម្លើយ​សារភាព​របស់​លោក ស៊ុត ឌី​ណា និង​សាក្សី​ជា​ច្រើន​ទៀត អង្គភាព​បាន​រក​ឃើញ​ថា​លោក ស៊ុត ឌី​ណា មាន​លុយ​នៅ​ក្រៅ​ធានា​គារ​ចំនួន​៧,២​លាន​ដុល្លារ និង​មាន​មាស​១២,៤៧​គីឡូក្រាម​នោះ​។

ចំនួន​ទឹកប្រាក់​នេះ​បាន​បង្ហាញ​ថា កំណើន​សាច់ប្រាក់​របស់​លោក ស៊ុត ឌី​ណា ក្នុង​រយៈពេល​៣​ឆ្នាំ​មាន​ចំនួន​៣​លាន​ដុល្លារ ដោយ​ក្នុង​ឆ្នាំ​២០១៣ លោក​មាន​ប្រាក់​ចំនួន​៤,២​លាន​ដុល្លារ​អា​មេ​រិ​ក​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ដែល​ជា​ពេល​លោក​ចាកចេញ​ទៅ​ធ្វើ​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង រហូត​មក​ដល់​បច្ចុប្បន្ន លោក ស៊ុត ឌី​ណា បាន​ធ្វើ​ដំណើរ​ទៅ​មករ​វាង​ប្រទេស​កូរ៉េ និង​ប្រទេស​កម្ពុជា​ចំនួន​២១​លើក ក្នុង​រយៈពេល​២៥​ខែ​នោះ មាន​ន័យ​ថា​ស្ទើរតែ​១​ខែ​១​លើក​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​កសាង​សំណុំ​បែបបទ​បញ្ជូន​លោក ស៊ុត ឌី​ណា ទៅ​តុលាការ​។

អាស្រ័យ​ដោយពេល​វេលា​មាន​តែ​៤៨​ម៉ោង អង្គភាព​បាន​សម្រេចចិត្ត​កសាង​សំណុំរឿង ២​បទល្មើស​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ឃុំខ្លួន​លោក ស៊ុត ឌី​ណា ជា​បណ្តោះអាសន្ន​។ ការ​ឃាត់ខ្លួន លោក ស៊ុត ឌី​ណា ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង របស់​ពលករ​ខ្មែរ​នៅ​ប្រទេស កូរ៉េ​ខាងត្បូង និង​ពាក្យបណ្តឹង​របស់​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង កំណត់ហេតុ សវន​កម្ម នៃ​ប្រតិភូ​ចម្រុះ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងការបរទេស​ដែល អង្គភាព​បាន​អះអាង​ថា លោក ស៊ុត ឌី​ណា បានឃើញ និង​ឯកភាព​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ ២០១៦​។ លោក ស៊ុត ឌី​ណា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រំលោភ​អំណាច មាន​ប្រសិទ្ធិ​ភាព និង​បទ​ការ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់​៕