ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ពង្រឹង​ការ​ផ្សព្វ ផ្សាយ​ផលិតផល​ម៉ាក​ល្បី​ៗ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ផលិតផល​ថៃ​កាន់តែ​ទទួល​បានការ​គាំទ្រ និង​ប្រើប្រាស់​កាន់តែ​ច្រើន​នៅ​ទីក្រុង និង​តាម​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ខាង​អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម​ថៃ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ផលិតផល​ថៃ​កាន់តែ​ទទួល​បានការ​គាំទ្រ និង​ប្រើប្រាស់​កាន់តែ​ច្រើន​នៅ​ទីក្រុង និង​តាម​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ខាង​អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម​ថៃ គ្រោង​នឹង​នាំ​យក​ក្រុមហ៊ុន​ថៃ​ចំនួន​១១០ មក​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់​ថៃ​ប្រែ​ន ​នៅ​ខេត្តសៀមរាប នា​ដើមខែ​វិច្ឆិកា ខាង​មុខ ។

ក្រុមហ៊ុន​ថៃ​ទាំង​១១០ នឹង​តាំង​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន​ដូច​ជា សម្ភារ​សំណង់ អាហារ​និង​ភេសជ្ជៈ សម្លៀក​បំពាក់​និង​វាយ​ន​ភណ្ឌ សុខភាព សម្ផស្ស​និង​គ្រឿងសម្អាង សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​និង​សម្ភារ​ផ្ទះបាយ វត្ថុ​អនុស្សាវរីយ៍​និង​តុង​តែង​ផ្ទះ សម្ភារ​ធ្វើ​ពី​ស្បែក​និង​ស្បែក គ្រឿងបន្លាស់​រថយន្ត និង​ទំនិញ​OPOP ជាដើម ។

លោកស្រី ជី​រ៉ា​ណា​ន់ វង្ស​មង្គល បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពី​ថ្ងៃ​ទី​១៩ តុលា ថា គោលបំណង​ក្នុង​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់​ថៃ​ប្រែ​ន​ឆ្នាំ​២០១៦​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ថៃ ដែល​ជា​ផលិតផល​មានគុណ​ភាពល្អ តម្លៃ​សមរម្យ និង​ស្វែងរក​ការ​គាំទ្រ​ពី​អតិថិជន​ទៅ​លើ​ទំនិញ​ថៃ ហើយ​ម្យ៉ាងទៀត​សម្រាប់​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​និង​ប្រជាពលរដ្ឋ​ទាំង​ពីរ​កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា (​ថ្មី​) មាន​ប្រសាសន៍​ថា ៖ « យើង​មាន​គម្រោង​ជា​ច្រើន​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​រវាង​កម្ពុជា​-​ថៃ នា​ពេល​ខាង​មុខ ។ គម្រោង​ដែល​គ្រោង​រៀបចំ​នៅ​កម្ពុជា​នៅ​ឆ្នាំ​នេះ ក្រៅពី​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់​ថៃ​ប្រែ​ន គឺ​នៅ​ខែធ្នូ​ខាង​មុខក្រសួង​ពាណិជ្ជកម្ម​ថៃ​នឹង​បញ្ជូន​ពាណិជ្ជករ​ថៃ​មក​ចូលរួម​តាំងពិព័រណ៍​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចំនួន​៥០​ស្តង់ ។ ដោយឡែក នៅ​ឆ្នាំ​២០១៧ យើង​នឹង​ត្រៀម​រៀបចំ​ពិព័រណ៍​ថប់​ថៃ​ប្រែ​ន​នៅ​ក្រុងភ្នំពេញ និង​ពិព័រណ៍​ផ្សេង​ទៀត​នៅ​ខេត្ត​ប៉ៃលិន » ។

ក្រៅពី​ការ​រៀបចំ​ពិព័រណ៍​នៅ​កម្ពុជា នៅ​ប្រទេស​ថៃ​វិញ ក៏​នឹង​មានការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ​ជា​ច្រើន និង​បាន​អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​កម្ពុជា​ចូលរួម​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន តាម​រយៈ​ការ​គាំទ្រ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ និង​ឧបត្ថម្ភ​ពី​ភាគី​ថៃ​ផង​ដែរ ។

លោក​បន្ត​ថា ៖ « សម្រាប់​គម្រោង​ដែល​ខ្ញុំ​លើក​ឡើង​នេះ នឹង​ជួយ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ឱ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត » ។

យោង​តាម​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បានឱ្យ​ដឹង ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ នៅ​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៦ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​៣.៥៤៧​លាន​ដុល្លារ ក្នុង​នោះ​ថៃ​នាំ​ចេញ​មក​កម្ពុជា​មាន​ទឹកប្រាក់​២.៧៦១​លាន​ដុល្លារ ធ្លាក់​ចុះ​១៧% រីឯ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ មាន​ទឹកប្រាក់​៧៨៦​លាន​ដុល្លារ កើនឡើង​ដល់​៦៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ ៕