ប្រវត្តិ​របស់​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ភេរវ​ករ​ថ្នាក់​លេខ​1​លើ​ពិភពលោក


ចាប់តាំងពី​ហេតុការណ៍​មហា​វិនាសកម្ម​លើ​អគារ​ភ្លោះ វើ​ល​ទ្រេត សិន​ទ័​រ នា​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១១ កញ្ញា ២០០១ មក អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ត្រូវ​គេ​ចោទប្រកាន់​ថា គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការ​បង្ក​វិនាសកម្ម​នេះ ព្រោះ​មហន្តរាយ​ជា​ច្រើន​ដែល​កើតឡើង​ពី​ពេល​មុន​នេះ សុទ្ធតែ​បញ្ជាក់​ឱ្យ​ឃើញ​ថា អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ជា​អ្នកបញ្ជា​ទាំងអស់ ។

តាម​ទស្សនៈ​របស់​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ពួក​មហាអំណាច​លោក​ខាងលិច ជា​ពិសេស​សហរដ្ឋអាមេរិក​បាន​ជាន់ឈ្លី​ទៅ​លើ​ទឹកដី​ដ៏​សក្តិ​សិទ្ធិ​របស់​ពួក​គេ​រហូត​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​ក្រោកឈរ​ឡើង​តស៊ូ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​សាសនា ។ ប៉ុន្តែ​ប្រសិនបើ​យើង​ពិចារណា​ទៅ​លើ​អំពើ​ដែល​ពួក​គេ​បាន​ធ្វើ ក៏​មិន​សម​ស្រប​ទៅ​តាម​ជំនឿ​សាសនា​របស់​ខ្លួនឯង​ដែរ ព្រោះ​ពុំ​មាន​សាសនា​ណា​ដែល​បង្រៀន​ឱ្យ​មនុស្ស​មក​បង្ក​វិនាសកម្ម​ដល់​មនុស្ស​មួយ​ភាគ​ធំ​ដែល​ជា​ប្រជាជន​ធម្មតា​ពុំ​បានដឹង​ឮ​រឿង​ទំនាស់​ជម្លោះ​នយោបាយ​អ្វី​ទាំងអស់ ។ ដូច្នេះ​តើ​អំពើ​របស់​ពួក​គេ និង​ពួក​អា​មេ​រិ​ក​មាន​អ្វី​ខុស​ប្លែក​ពី​គ្នា​ទៅ ?

កើត​ក្នុង​គ្រួសារ​ដែល​គោរព​សាសនា​យ៉ាង​តឹងរ៉ឹង
យោង​តាម​អត្ថបទ​ប្រែ​សម្រួល​ដោយ​លោក​គឹ​ម ចាន់​ណា ក្នុង​សៀវភៅ «​បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​» ឱ្យ​ដឹង​ថា អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន កើត​នៅ​ក្នុង​គ្រួសារ​អ្នក​កាន់សាសនា​តឹងរ៉ឹង​មួយ​នៅ​ក្រុង​រី​យ៉ា​ដ (Riyadh) ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ជា​កូនប្រុស​របស់​មហាសេដ្ឋី​លក់​គ្រឿងសំណង់​ឈ្មោះ​ម៉ូ​ហា​ម៉ាត់ ប៊ី​ន​ឡា​ដិ​ន ដែល​មានការ​ទាក់​ទង​​យ៉ាង​ជិត​ស្និទ្ធ​ជាមួយរាជវង្ស​ហ្វៃ​សាល នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។

លុះ​ចូល​ដល់​វ័យ​ធ្វើការ អូ​សា​ម៉ា បាន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​របស់​គ្រួសារ​ដូច​ជា​គ្រួសារ ដទៃ​ៗ​ទៀត នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បងប្រុស​ឈ្មោះ​សា​ឡឹម ប៊ី​ន​ឡា​ដិ​ន ដែល​បន្តវេន​ពី​ឪពុក​ដែល​ស្លាប់​ទៅ ។ ក្រៅពី​មុខរបរ​លក់​គ្រឿងសំណង់​នេះ ត្រកូល​ប៊ី​ន​ឡា​ដិ​ន មាន​សល់​ដីធ្លី និង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​រដ្ឋ​រី​ដា រដ្ឋ​ញូ​វ​អុ​ិ​ង​ក្លិន តិច​សាស់ និង​មាន​ភាគហ៊ុន​ជា​ច្រើន​កន្លែង​នៅ​សហរដ្ឋអាមេរិក ។

ដើមហេតុ​នៃ​ការ​បង្ក​ភេរវកម្ម
នៅ​ពេល​អតីត​សហភាព​សូ​វៀតបាន​វាយលុក​យក​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំ​១៩៨០ ដោយសារ​តែ​ការ​ដិត​ជាប់​នឹង​ពាក្យ​ប្រៀនប្រដៅ​របស់​សាសនា​ធ្វើ​ឱ្យ​ប៊ី​ន​ឡា​ដិ​ន មាន​អារម្មណ៍ឈឺចាប់​ជា​ខ្លាំង​ចំពោះ​អំពើ​លោភលន់​របស់​សូ​វៀត ។

គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​វត្ថុបំណង​ថា ប្រទេស​មូ​ស្ល៊ី​ម​ដូច​ជា​អា​ហ្វ​ហ្គា​នី​ស្ថាន នេះ​មិន​សមគួរ​នឹង​ធ្លាក់​ទៅ​នៅ​ក្រោម​អំណាច​របស់​អ្នកគ្រប់គ្រង​ដែល​កាន់​សាសនា​ដទៃ​ដូច​សហភាព​សូ​វៀត​នេះ​ទេ ទើប​គេ​សម្រេចចិត្ត​ចេញ​ធនធាន​ផ្ទាល់ខ្លួន​ក្នុង​ការ​បង្កើត​កងកម្លាំង​ឧទ្ទាម​ចាំ​លួច​វាយឆ្មក់​កងទ័ព​សូ​វៀត​ដោយ​មាន​សហរដ្ឋ​អាមេរិក​ជា​អ្នក​ជួយ​គាំទ្រ​នៅ​ពីក្រោយ​យ៉ាង​សម្ងាត់​ជាទី​បំផុត ។ បណ្តា​ពួក​ឧទ្ទាម​របស់​គេ​នេះ​បំពេញភារកិច្ច​ដោយ​ជំនឿ​យ៉ាង​ងប់ងុល​ទៅ​លើ​ពាក្យ​ប្រៀនប្រដៅ​របស់​សាសនា រហូត​ហ៊ាន​ពលី​ជីវិត សូ​ម្បី​មហាសេដ្ឋី​ក៏​សុខចិត្ត​កាន់​អាវុធ​ដោយ​ពុំ​មាន​ខ្លាច​ស្លាប់​អ្វី​ឡើយ ។

ចក្រពត្តិ​អ៊ិ​ស្លា​មៈ តាំងខ្លួន​ជា​សាឡា​ឌិន​នៃ​សហស្ស​វត្សរ៍​ថ្មី
បន្ទាប់​ពី​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បញ្ចប់​ទៅ​ហើយ សហរដ្ឋអាមេរិក​ក៏​បាន​បញ្ជូន​កងទ័ព​មក​នៅ​លើ​ទឹកដី​ប្រទេស​នេះ​វិញ​ម្តង ដែល​វា​ផ្ទុយ​នឹង​គោលការណ៍​ក្នុង​សាសនា​អ៊ិ​ស្លា​ម​ដែល​មាន​ខ​បញ្ញត្តិ​ហាម​មិន​ឱ្យ​អ្នក​ក្រៅ​សាសនា​ចូល​មក​ទន្ទ្រាន​លើ​ដែនដី​ដ៏​សក្តិ​សិទ្ធិ​របស់​ពួក​គេ​ទេ រួម​ផ្សំ​នឹង​បានការ​លើកទឹកចិត្ត​ពី​អា​យ៉ា​តុ​ឡោះ ខូ​មេ​នី មេដឹកនាំ​សាសនា​​អ៊ិ​ស្លា​ម​និកាយ​ស៊ី​អាក់​នៃ​ប្រទេស​អីុ​រ៉​ង់ ដែល​ទាមទារ​ឱ្យ​បណ្តេញ​កងទ័ព​របស់​សហរដ្ឋអាមេរិក​ចេញពី​ប្រទេស​នេះ ធ្វើ​ឱ្យ​ប៊ី​ន​ឡា​ដិ​ន ចាប់ផ្តើម​មានគំនិត​ថា តាម​ការណ៍​ពិត ការ​ដែល​សហរដ្ឋអាមេរិក​លូកដៃ​ចូល​មក​ជួយ​ដល់​ពួក​ខ្លួន​ក្នុង​ការ​ចាត់ចែង​កងកម្លាំង​ឧទ្ទាម​នេះ គឺ​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​ដែល​បាន​មក​ពី​សម្បទាន​ប្រេង​ឆៅ​នៅ​ភូមិភាគ​មជ្ឈិម​បូព៌ា​នេះឯង ។

នេះ​ក៏​ជា​ការ​គាបសង្កត់ ហើយ​ជំទាស់​នឹង​កិច្ចការ​ខាង​សាសនា​ដ៏​ស័ក្ដិសិទ្ធិ​របស់​ពួក​គេ​ដូច​មុន​ដែរ ។ គឺ​គំនិត​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​សង្គ្រាម​ស័ក្ដិសិទ្ធិ ដើម្បី​លើក​ស្ទួយ និង​ការពារ​សាសនា​ប្រៀប​ដូច​សាឡា​ឌិន ស៊ុ​ល​តង់ កំពូល​អ្នក​ចម្បាំង​ពី​បុរាណ​ធ្លាប់​អនុវត្ត​ក្នុង​សង្គ្រាម​គ្រូ​សេ​ដ​នោះ​ឯង​។ ប៊ី​ន​ឡា​ដិ​ន​បាន​ប្រកាស​ថា ខ្លួន​គឺជា​អ្នក​ដែល​មក​បំពេញ​«​ភារកិច្ច​ដែល​ត្រូវ​គេ​បោះបង់​ចោល​នេះ​» ដោយ​ធ្លាប់ បាន​ពោល​តាម​ឃ្លី​ប​អូ​ថា «​យើង​បានឃើញ សាឡា​ឌិន​និម្មិត​ខ្លួន​នៅ​លើ​មេឃ !…» ។

កំណើត​របស់​ក្រុម​ឧទ្ទាម​អាល់​កៃ​ដា
បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​សកម្មភាព​បង្ក​អសន្ដិសុខ​អស់​រយៈពេល​ដ៏​យូរ​មក​នោះ ក្នុង​ឆ្នាំ​១៩៨៨ ប៊ី​ន​ឡា​ដិ​ន​ក៏​បាន​ចាប់ផ្ដើម​បង្កើត​ក្រុម​ឧទ្ទាម​ភេរវកម្ម «​អាល់​កៃ​ដា​» ដែល​គេ​កាត់​ស្មានថា មាន​សមាជិក​ចូលរួម​ក្នុង​ចលនា​នេះ​រាប់​ពាន់​នាក់​បំបែក​គ្នា​នៅ​តាម​ទីកន្លែង​នានា​លើ​ពិភពលោក ។ មានការ​សន្និដ្ឋាន​ផង​ដែរ​ថា មនុស្ស​ទាំង​អស់នោះ​ធ្លាប់​បាន​តស៊ូ​ជាមួយ​ប៊ី​ន​ឡា​ដិ​ន កាល​ធ្វើសង្គ្រាម​នឹង​សូ​វៀត ហើយ​លើស​ពី​នេះ​ទៀត ពួក​គេ​ច្រើន​តែ​ចាត់តាំង​កងកម្លាំង​ជីវពល​ក្នុង​ប្រទេស អ៊ូ​បេ​គី​ស្ថាន អាល់​ហ្សេ​រី ប៉ា​គី​ស្ថាន លី​បង់ ឥណ្ឌូ​ណេ​ស៊ី ឆេ​ស្នៀ កូរ៉េ និង​ទឹកដី​ភាគ​ខាងលិច​ទន្លេ​ហ្ស​ក​ដង់ ព្រមទាំង​តំបន់​កា​ហ្សា​ផង​ដែរ ។

ចាត់តាំង​រចនាសម្ព័ន្ធ​តាម​បែប​ម៉ា​ហ្វ៊ី​យ៉ា
លោក​ភី​ទ័​រ បឺ​កេ​ន ជា​អ្នក​តាមដាន​សកម្មភាព​របស់​ក្រុម​អង្គការ​អាល់​កៃ​ដា យ៉ាង​ដិត​ដល់​បាន​សរសេរ​ថា រចនាសម្ព័ន្ធ​គ្រប់​គ្រង់​នៃ​អង្គការ​របស់​ប៊ី​ន​ឡា​ដិ​ន​បាន​ប្រើ​វិធីសាស្ត្រ​គ្រប់គ្រង​តាម​បែបក្រុម​ម៉ា​ហ្វ៊ី​យ៉ា អីុតា​លី​ដែល​បងធំ​គេ​បង្អស់​ត្រូវ​គេ​ហៅ​ថា «​ដុន​» ដែល​ជា​មេបញ្ជាការ​ជាន់ខ្ពស់ និង​ចេញ​បញ្ជា​ទៅ​តាម​លំដាប់ថ្នាក់​យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​មានការ​ចង​បាច់​គ្នា​ជា​ក្រុម​ជា​ពួក​យ៉ាង​ស្អិតរ​មួ​ត ។ ចំណែក​អ្នក​ដែល​ចុះ​ប្រតិបត្ដិការ​ផ្ទាល់​ក្នុង មួយ​លើក​ៗ គឺ​អ្នក​ដែល​មាន​ឋានៈ​តូច​ជាងគេ​បំផុត​ក្នុង​អង្គភាព និង​មាន​ភារកិច្ច​ចាប់​អាវុធ​ចូល​ទៅ​ធ្វើ​សកម្មភាព ឬ​ពលី​ជីវិត​ខ្លួនឯង ដើម្បី​សម្រេច​គោលដៅ ឬ​ដើម្បី​ដណ្ដើម​យក​ផលប្រយោជន៍​ផ្សេង​ៗ​។

សមាជិក​របស់​ក្រុម​អាល់​កៃ​ដា​មាន​ចំនួន​លើស​ពី​១.០០០​នាក់ និង​ដោយសារ​តែ​ការ​រៀបចំ និង​បែងចែក​អំណាច​ទៅ​តាម​លំដាប់​ជាន់ថ្នាក់​បែប​នេះ ទើប​កូនចៅ​ថ្នាក់​ក្រោម​មិន​ងាយ​បានដឹង​ពី​រឿង​ដឹកនាំ​ថ្នាក់ខ្ពស់​ឡើយ ដែល​ជា​រឿង​ដ៏​ពិបាក​បំផុត​ក្នុង​ការ​សើ​ុ​បរក​ទីកន្លែង​លាក់ខ្លួន​របស់​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន​នោះ ។

៩ កញ្ញា ២០០១ វិនាសកម្ម​ដ៏​រន្ធត់ សម្រាប់​ពិភពលោក
ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០០១ លោក​ទាំងមូល​បាន​ផ្លាស់​ប្តូរ​រូបភាព​ដោយសារ​ព្រឹត្ដិការណ៍​បញ្ជា​យន្ដហោះ​ឱ្យ​បុក​កម្ទេច​អគារ​ភ្លោះ​ពាណិជ្ជកម្ម​វើ​ល​ទ្រេត សិន​ទ័​រ (World TradeCenter) និង​ប៉ង់​តា​ហ្កូ​ន (Pentagon) នៃ​សហរដ្ឋអាមេរិក​ដោយ​អាជ្ញាធរ​របស់​អា​មេ​រិ​ក​មិន​បានដឹង​ខ្លួន​ជា​មុន ឬ​ត្រៀមខ្លួន​ការពារ​ឱ្យ​បាន​ទាន់​ពេលវេលា​អ្វី​ដែរ ។

ក្នុង​ព្រឹត្ដិការណ៍​នេះ​គេ​ជឿ​ថា មាន​មនុស្ស​ស្លាប់​ជាង​៦.០០០​នាក់ ឬ​អាច​លើស​ពី​នេះ ។ ពួក​ភេរវ​ករ​មាន​គ្នា​លើស​ពី​១០​នាក់ បាន​បែងចែក​គ្នា​ប្លន់​យន្ដហោះ​ចំនួន​៤​គ្រឿងក្នុង​១​គ្រឿង​អាច​មាន​សមាជិក​ដល់​ទៅ​៥​នាក់ ដែល​នឹង​ពលី​ជីវិត​ទៅ​ជាមួយនឹង​ការ​បំផ្ទុះ​យន្ដហោះ ។

យន្តហោះ​មួយ​គ្រឿង​បើក​សម្រុក​បុក​ចូល​ពី​ទិស​ខាងលិច​អគារ ប៉ង់​តា​ហ្គូ​ន ពីរ​គ្រឿង​ទៀត​បាន​បោះពួយ​បុក​អគារ​វើ​ល​ទ្រេត ម្ដង​មួយ​ៗ ។

លោក​យ៉ា​ម៉ាសា​គិ​ស្ថាបត្យករ​ជនជាតិ​ជប៉ុន​សញ្ជាតិ​អា​មេ​រិ​ក បាន​ពោល​អំពី​អគារ​វើ​ល​ទ្រេត​សិន​ទ័​រ ដែល​ក្រុម​ស្ថាបនិក​របស់​គាត់​ជា​អ្នក​គូរ​ប្លង់​ដោយ​អះអាង​ថា អគារ​នេះ​រឹង​មាំ​ខ្លាំង​ណាស់​សូ​ម្បី​តែ​យន្ដហោះ​ប៊ូអីុ​ញ ៧៤៧ មក​បុក​ក៏​មិន​អ្វី​គួរ​ឱ្យ​ភ័យ​ដែរ ? គាត់​ភ្លេច​គិត​ថា ក្នុង​យន្ដហោះ​មាន​សុទ្ធតែ​សាំង និង​ម្យ៉ាងទៀត​ពេល​រង​កម្តៅ​ដែក​វា​នឹង​ទន់​ដែល​មិន​អាច​ទ្រទ្រង់​ទម្ងន់​នោះ​ឡើយ​។

សង្គ្រាម​ដែល​នឹង​ពុំ​មាន​ថ្ងៃ​បញ្ចប់ ?
ច្បាប់ និង​ប្រពៃណី​របស់​អីុ​ស្លា​ម​ដែល​ជា​ចារឹក​ក្នុង​គម្ពីរ​ទាក់​ទង់​នឹង​រឿង​សង្គ្រាម​មាន​ន័យ​យ៉ាង​ច្បាស់លាស់​ថា មិន​ឱ្យ​បំផ្លិចបំផ្លាញ ឬ​បង្កក្តី​អន្ដរាយ​ដល់​ទ្រព្យសម្បត្តិ​របស់​សត្រូវ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ថា «​កុំ​ដុត​បំផ្លាញ​ដំណាំ​រុក្ខជាតិ ឬ​កុំ​កាប់​បំផ្លាញ​ដើមឈើ​នៅ​លើ​ទឹកដី​របស់​សត្រូវ​» តែ​ចំពោះ​រឿង​វិនាសកម្ម​ដែល​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន បាន​បង្ក​ឡើង​​លើ​អគារ​ភ្លោះ​វើ​ល​ទ្រេត គឺជា​អ្វី​ដែល​ផ្ទុយ​ស្រឡះ​ពី​ពាក្យប្រៀប​ប្រដៅ​ក្នុង​គម្ពីរ​ដែល​គេ​ជឿ និង​គោរព​នោះ ។ យើង​អាច​នឹង​យល់​ពី​ឧត្តមគតិ​គោល​គំនិត ជំនឿ និង​ផ្លូវ​ជ្រើសរើស​របស់​ប៊ី​ន​ឡា​ដិ​ន ប៉ុន្តែ​យើង​មាន​ជំនឿ​ថា គ្រប់​សាសនា​ទាំងអស់​មុខជា​មិន​ដែល​ទូន្មាន​ឱ្យ​មនុស្ស​មក​បំផ្លិចបំផ្លាញ​ជីវិត​ដូច​គ្នា​ឡើយ ជា​ពិសេស​គឺ​ប្រជាជន​សាមញ្ញ​ធម្មតា​ដែល​មិនដឹង​រឿង​អ្វី​សោះ​នោះ ។ ម្យ៉ាងវិញទៀត​ដើម្បី​ប្រយោជន៍​របស់​ខ្លួន សហរដ្ឋអាមេរិក​ក៏​បាន​ប្រព្រឹត្ត​រឿង «​ល្អ​មុខ តែ​ស៊ី​ជ្រៅ​» ជាមួយ​ប្រទេស​នានា​លើ​សាកល​លោក​ផង​ដែរ ទើប​ក្លា​យមក​ជា​មូលហេតុ​នៃ​ការ​ចងកំហឹង​គុំកួន សងសឹក​នឹង​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

ថ្ងៃ​អវសាន​របស់​ប៊ី​ន​ឡា​ដិ​ន
អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ត្រូវ​រដ្ឋាភិបាល​អា​មេ​រិ​ក​ចោទប្រកាន់​ពី​បទ​ធ្វើ​វិទ្ធង្សនា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ជីវិត​ជន​ស៊ី​វិល និង​យោធា​ជា​ច្រើន​កន្លែង បាន​ដាក់​បំផ្ទុះ​គ្រាប់បែក​បំផ្លាញ​ស្ថានទូត​អា​មេ​រិ​ក​នៅ​ប្រទេស​កេ​ន​យ៉ា និង​គង់​ហ្សា​នី (១៩៩៨) និង​ហេតុការណ៍​កម្ទេច​អគារ​ពាណិជ្ជកម្ម​ភ្លោះ ។ ប៊ី​ន​ឡា​ដិ​ន គឺជា​បុគ្គល​ម្នាក់​ក្នុង​បណ្តា​បុគ្គល សំខាន់​ៗ​ទាំង​១០​រូប ដែល​សហរដ្ឋអាមេរិក​តាម​ចាប់ខ្លួន ។ តម្លៃ​នៃ​ការ​ផ្តល់​រង្វាន់​ចាប់ខ្លួន​បាន​ឡើង​រហូត​ដល់​២៥​លាន​ដុល្លារ ក្នុងអំឡុងពេល​បី​អាណត្តិ​របស់​ប្រធានាធិបតី (​គឺ​ចាប់ពី​ប៊ី​ល​គ្លី​ន​តុ​ន ច​ច​ប៊ូ​ស រហូត​មក​ដល់​បា​រ៉ា​ក់ អូ​បា​ម៉ា​) ។ បន្ទាប់​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​តាម​រក​ជា​ច្រើន​ឆ្នាំ​មក កងទ័ពជើងទឹក​អា​មេ​រិ​ក (SEALS) រួម​ប្រតិបត្តិការ​ជាមួយនឹង​ក្រុម​ស៊ើបការណ៍​សម្ងាត់​សេ​អុ​ី​អា (CIA) ក្រោម​បញ្ជា​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​វាយប្រហារ​លើ​លំនៅ​ឋាន​លាក់ខ្លួន និង​សម្លាប់​ប៊ី​ន​ឡា​ដិ​ន ក្នុងភូមិ​អាប់​បុត្តា​បា​ដ (Abbottabad) នៃ​ប្រទេស​ប៉ា​គី​ស្ថាន នៅ​ក្នុង​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១១ ។ សាកសព​ប៊ី​ន​ឡា​ដិ​ន ត្រូវ​បាន​គេ​យក​ទៅ​ពិនិត្យ​បញ្ជាក់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន រួច​ក៏​យក​ទៅ​ទម្លាក់​ចោល​ក្នុង​សមុទ្រ​រយៈពេល​២៤​ម៉ោង​បន្ទាប់​ពី​ពេល​ស្លាប់ ។ ក្រុម​អាល់​កៃ​ដា បាន​ប្រកាស​ទទួលស្គាល់​មរណភាព​របស់​ប៊ី​ន​ឡា​ដិ​ន នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១១ ។ ប៉ុន្តែ​អ្វី​ដែល​ជា​ច​ម្ង​ល់​របស់​មនុស្ស​ទូ​ទាំង​សាក​លោក គឺ​បើ​អត់​ពី​ប៊ី​ន​ឡា​ដិ​ន​ទៅ​តើ​ក្រុម​អាល់​កៃ​ដា ពិតជា​រលាយ​ផង​ដែរ​ឬ ? ព្រោះ​បើ​ទោះបី​ប៊ី​ន​ឡា​ដិ​ន ជា​បិសាច​សម្រាប់​មនុស្ស​មួយ​ក្រុម តែ​គេ​នៅ​តែ​ជា​ព្រះ​របស់​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត​នោះ ?

ព្រឹត្តិការណ៍​សំខាន់​ៗ
– កើត​នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ឆ្នាំ​១៩៥៧ ។
– បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​រដ្ឋបាល និង​វិស្វកម្ម​យោធា​ពី​មហាវិទ្យាល័យ​ឃី​ង អាប់ឌុ​ល​អាស៊ី​ស ឆ្នាំ​១៩៧៩ ។
– ចូលរួម​ក្នុង​ចលនា​ភេរវកម្ម​លើក​ដំបូង​នៅ​ខែឧសភា ឆ្នាំ​១៩៨០ នៅ​ក្នុងស្រុក​ឃូ​ណា ពេល​មាន​អាយុ​២៣​ឆ្នាំ ។
– បង្កើត​ក្រុម​ឧទ្ទាម​អាល់​កៃ​ដា​នៅ​ឆ្នាំ​១៩៨៨​។
– ត្រូវ​គេ​ដកហូត​សញ្ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត និង​ត្រូវ​ដក​ចេញពី​ត្រកូល​នៅ​ឆ្នាំ​១៩៩៤ ។
– ធ្វើ​ដំណើរ​ទៅ​លាក់ខ្លួន​បង្កើត​ក្រុម​ភេរវកម្ម​នៅ​បរទេស​ចាប់ពី​ឆ្នាំ​១៩៩៦ ។
– ជាប់ចោទ​ជា​អ្នកបញ្ជា​ក្នុង​ព្រឹត្តិការណ៍​វិនាសកម្ម​អគារ​ភ្លោះ​វើ​ល​ទ្រេត ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០០១ ។
– ត្រូវ​កងកម្លាំង​សម្ងាត់​អា​មេ​រិ​ករក​ឃើញ និង​ពិឃាត​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១១ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ