ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ផ្ទុះ​ប្រតិកម្ម ពាក់ព័ន្ធ​ការ​កាឡៃ​បទ«​សែន​ឈឺចិត្ត​»

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​គ្រួសារ​របស់​លោក​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សម្តែង​ការ​ពិត​មិន​ពេញ និង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជុំវិញ​ការ​យក​បទ​ម្ចាស់​ដើម ដែល​មាន​ចំណងជើង​ថា

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​របស់​លោក​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សម្តែង​ការ​ពិត​មិន​ពេញ និង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជុំវិញ​ការ​យក​បទ​ម្ចាស់​ដើម ដែល​មាន​ចំណងជើង​ថា «​សែន​ឈឺចិត្ត ឬ​ម្តាយក្មេក​មក​លេង​» មក​កាឡៃ​សាច់ភ្លេង និង​ទំនុកច្រៀង​ថ្មី ដែល​ធ្វើ​អោយ​ខូច​ទម្រង់​ដើម និង​នាំ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​។

ប្រតិកម្ម​របស់​ក្រុម​គ្រួសារ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ឆា​ណែ​ល​យូ​ធូប​មួយ​បាន​បង្ហោះ​បទ​ចម្រៀង «​សែន​ឈឺចិត្ត​» មក​កាឡៃ​ទំនុកភ្លេង​ថ្មី ខណៈ​ពេល​ក៏​មាន​បេក្ខជន​មួយ​រូប ក៏​បាន​កាឡៃ​បទ​ដូច​គ្នា​នេះ ដោយ​បាន​ប្តូរ​ចំណងជើង​ថា «​ខ្ចី​លុយ​ម៉ែក្មេក​» មក​ប្រឡង​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​។

យ៉ាងណា ក្រុម​គ្រួសារ​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ស្នើ​ឲ្យ​ម្ចាស់​ឆា​ណែ​ល​យូ​ធូប​ទាំងនោះ ត្រូវ​ដក​សាច់ភ្លេង និង​ទំនុកច្រៀង​ចេញ មុន​នឹង​ឈាន​ដល់​វិធានការ​ផ្លូវច្បាប់​កម្មសិទ្ធិបញ្ញា​។

កូនស្រី​របស់​កវី គ​ង្គ ប៊ុ​ន ឈឿ​ន គឺ​អ្នកស្រី ប៊ុ​ន​ឈឿ​ន សូ​រី​វិ​ល័យ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ថា «​យើងខ្ញុំ​ជា​ក្រុម​គ្រួសារ សូម​សំណូមពរ​ម្ដង​ហើយ​ម្ដងទៀត បញ្ឈប់​ការ​យក​ស្នាដៃ​មរតក​ដើម​យក​មក​ច្រៀង​បំពាន​បំផ្លាញ​សិទ្ធិ​ស្នាដៃ​កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុ​ន​ឈឿ​ន បទ «​សែន​ឈឺចិត្ត​» (​ម្តាយក្មេក​មក​លេង​) ម្ចាស់​សំនៀង រស់ សេរី​សុទ្ធា ច្រៀង​មាន​ដាក់​ក្នុង​ប្រលោមលោក «​រឿង​ពិត​របស់ខ្ញុំ​» យក​មក​ក្រ​ឡៃ​ដាក់​ពាក្យ​ថ្មី (​ខ្ចី​លុយ​ម៉ែក្មេក )» ។

លោកស្រី​បន្ត​ថា «​អ្នក​ដំបូង​ដែល​យក​បទ​មក​ក្រ​ឡៃ រហូត​មាន​អ្នក​មិនដឹង​យក​មក​ប្រលង ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក ធ្វើ​អោយ​ក្មេង​ជំនាន់​ក្រោយ​កាន់តែ​យល់​ច្រឡំ បទ​ចម្រៀង មិន​គិត​ពី​ម្ចាស់​ដើម រួម​ទាំង​ការ​លួច​រាប់រយ​បទ​ផ្សេង​ទៀត​រៀបរាប់​មិន​អស់ សូម​ឆាប់​ដក​សាច់ភ្លេង ទំនុកច្រៀង​ចេញពី​យូ​ធូប ឬអ្វី​ផ្សេង​ទៀត ពួក​ខ្ញុំ​មិន​អនុញ្ញាតិ​ទេ បើ​ពុំនោះ​ទេ ត្រូវ​ប្រឈម​នឹង​ច្បាប់​កម្មសិទ្ធិបញ្ញា​»​។

លោកស្រី​បន្ត​ទៀត​ថា «​សូម​បញ្ជាក់​ថា ពួក​ខ្ញុំ​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​បង្កើត​ថ្មី រក្សា​ទំរង់​ដើម​តែ​មិន​ក្រ​ឡៃ​បទ ម្ចាស់​ដើម . កន្លង​មក ដូច​ជា រឿង​នាយ​ចឺម​ច្រៀង បទ «​នឹក​ភូមិ​ភ្នំ​ធំ​» ដែល​យក​មក​កាឡៃ​ថ្មី ធ្វើ​អោយ​ក្រុម​គ្រួសារ​ខ្ញុំ​ចេញ​មុខ​តវ៉ា ។ កាលនោះ មាន​មនុស្ស​ជា​ច្រើន​គិត​ថា ម្តាយ​ខ្ញុំ​បាន​ប្ដឹង បាន​លុយ បាន​អី ហើយ​ដើរ​រករឿង​គេ គ្រាន់តែ​យក​បទ​ចម្រៀង​មក​ច្រៀង​ថ្មី​សោះ ។ តាម​ការ​ពិត​ក្រុម​គ្រួសារ​ខ្ញុំ​មិន​ដែល​ប្ដឹង​អ្នក​ណា ឬ​បាន​សំណង​ពី​នរណា​ម្នាក់​ទេ​។ តើ​ខុស​ទេ ដែល​ម្ចាស់​ដើម​ទាមទារ​ថែរក្សា​កម្មសិទ្ធិ បទ​ចម្រៀង​របស់​ខ្លួន?​»​។

ជា​ការ​កត់សម្គាល់ បទ «​សែន​ឈឺចិត្ត​» ត្រូវ​បាន​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន និង​សម្រួល​តន្ត្រី​ដោយ​លោក ហាស់ សាឡ​ន និង​បកស្រាយ​ដោយ​លោកស្រី រស់ សេរី​សុទ្ធា ខណៈ​ពេល​ដែល​បទ​នេះ ក៏​ជា​បទ​មួយ​ក្នុង​ចំណោម​បទ​ជា​ច្រើន​ទៀត​ដែល​មាន​កម្មសិទ្ធិបញ្ញា​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រគល់​បទ​ចម្រៀង​ចំនួន​៤១​បទ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ជូន​អ្នកស្រី គា គី​ម​លន ជា​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​បទ​ចម្រៀង ដើម្បី​ផ្តល់​លាភការ សម្រាប់​ម្ចាស់​ស្នាដៃ​ពិតប្រាកដ ព្រមទាំង​បន្សល់​ទុក ទៅ​កូនចៅ​ជំនាន់​ក្រោយ​ៗ​។ ប្រការ​នេះ ធ្វើ​ឡើង​ចៀសវាង​ការ​លួច​ចម្លង ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ