ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ចែករំលែកបទពិសោធន៍នៃ​ការ​ស្ដារវិស័យទេសចរណ៍ ដល់​ទីម័រ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ​លោក​ Ermegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រ ប្រចាំកម្ពុជា បានចូលជួប​លោកបណ្ឌិត ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍…

រាជធានីភ្នំពេញ៖ ​លោក​ Ermegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រ ប្រចាំកម្ពុជា បានចូលជួប​លោកបណ្ឌិត ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នេះ។ លោករដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានរំលឹកឡើងវិញនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-ទីម័រ ក្រោយការផ្លាស់ប្ដូរ​ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីពេលកន្លងទៅ។

ទន្ទឹមនោះ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានចែករំលែកនូវបទពិសោធន៍នៃការស្ដារវិស័យទេសចរណ៍​នៅកម្ពុជាឡើងវិញ ក្រោយភាពធូរស្រាលនៃជំងឺកូវីត១៩។

លោកបណ្ឌិត ថោង ខុន បានលើកឡើងអំពីស្ថានភាពនៃវិស័យទេសចរណ៍នៅកម្ពុជា ដែលមុនជំងឺកូវីត១៩ វិស័យទេសចរណ៍ មានការរីកចម្រើនគួរជាទីមោទកភាពបំផុត។ ប៉ុន្តែក្រោយផ្ទុះជំងឺកូវីត១៩ បានធ្វើអោយវិស័យ​ទេសចរណ៍នៅកម្ពុជា ក៏ដូចទូទាំងពិភពលោក មានការធ្លាក់ចុះគួរអោយកត់សម្គាល់។

លោកបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលចាប់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្ត​គន្លឹះនៃការបើកសេដ្ឋកិច្ចសង្គមឡើងវិញនោះ គឺកម្ពុជាបានបើកផ្លូវអាកាស ផ្លូវគោកជាមួយប្រទេសថៃ ខណៈដែលអ្នកធ្វើដំណើរ ដែលបានចាក់វ៉ាក់សាំងរួចហើយ ពួកគាត់គ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងប៉ុណ្ណោះ។ លោកបញ្ជាក់ថា នេះជាការជឿនលឿនមួយ នៅក្នុងតំបន់ផងដែរ។

លោករដ្ឋមន្រ្តី ថោង ខុន ក៏បានបង្ហាញអំពីសុទិដ្ឋិនិយមក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅថ្ងៃអនាគត ដើម្បីចែកជូនជាបទពិសោធន៍ដល់ភាគីទីម័រ ក្នុងនោះ លោកលើកឡើងថា នៅថ្ងៃអនាគត បញ្ហាសំខាន់ គឺយើងត្រូវជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក្នុងនោះ ក៏មានការជំរុញទេសចរណ៍រវាងប្រទេសទីម័រ និងកម្ពុជាផងដែរ។

លោកបណ្ឌិត ក៏បានចែករំលែកនូវយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅកម្ពុជា ក្រោយកូវីត១៩ ដោយផ្ដោតសំខាន់ទៅលើការបង្កើតផលិតផលថ្មី ដូចជាសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ជាដើម។

ទន្ទឹមនោះ លោក ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នទ្រទ្រង់លើវិស័យទេស​ចរណ៍ក្នុងនោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ននៅខេត្តសៀមរាប រួមទាំងសហគមន៍ទេសចរណ៍មួយចំនួនទៀត ជាដើម។

លោកបញ្ជាក់បន្ថែមថា ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ ហាក់ដូចជា ការត្រៀមទុកជាមុនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដាវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីកូវីត១៩។

លោក Ermegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រ ប្រចាំកម្ពុជា ក៏បានថ្លែងការកោតសរសើរដល់ប្រទេសកម្ពុជា ក្នុងការត្រៀមលក្ខណៈ បានល្អប្រសើរ សម្រាប់ការស្ដារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ។

លោកក៏បានថ្លែងអំណរគុណផងដែរ ចំពោះកម្ពុជា ដែលបានគាំទ្រដល់ប្រទេសទីម័រ ក្នុងការចូលជាសមាជិក​អាស៊ាន ខណៈដែលកិច្ចការត្រៀមនោះ កំពុងដំណើរការទៅមុខ។

ទន្ទឹមនោះ លោកក៏បានអោយដឹងដែរថា បច្ចុប្បន្ននេះ ក៏មាននិស្សិតទីម័រ កំពុងសិក្សានៅប្រទេសកម្ពុជា ហើយនោះ ក៏ជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំង ២ផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានសំដែងការកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងលឿនរបស់ប្រទេសកម្ពុជា​សំខាន់​ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍តែម្ដង ដែលនោះ គឺជាគំរូសម្រាប់ប្រទេសទីម័រត្រូវរៀនសូត្រតាម​។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត តាមរយៈរដ្ឋមន្ត្រីទេសចរណ៍ លោក​ក៏បានចូលរួមរំលែក​មរណទុក្ខ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែល​បានបាត់បង់​បងប្រុសជាទីស្រឡាញ់ នាពេលនេះ។

ចំពោះការផ្លាស់ប្ដូរយោបល់ទាក់ទងការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅពេលអនាគត លោករដ្ឋមន្រ្តី ថោង ​ខុន បានលើកឡើងថា កិច្ចការសំខាន់នោះ គឺការបណ្ដុះបណ្ដាលធនធានមនុស្សសំខាន់ ក្នុងក្របខណ្ឌអាស៊ាន ដែលយើងអាចជួយគ្នាបាន លើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យទេសចរណ៍៕ សុខ សារ៉ាយ

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture