រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងដ៏ល្បីល្បាញអ្នកនាង អម្ពរ ទេវី បានធ្វើការរំលឹកឡើងវិញនូវអនុស្សាវរីយ៍តាមរយៈរូបថតចាស់ៗ បង្ហាញពីស្នាដៃនៃអ្នកតុបតែងមុខឲ្យនាងសម្តែងចាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៨ ដែលរូបភាពទាំងអស់នោះ ត្រូវបានអ្នកនាងចាត់ទុកថា អតីតកាលជាមួយនឹងការចងចាំដ៏ល្អមួយ។
ជាមួយនឹងរូបថតជាច្រើនសន្លឹកដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនោះ អ្នកនាង អម្ពរ ទេវី បានភ្ជាប់ជាមួយនឹងសារថា «អនុស្សាវរីយ៍នៃអតីតកាលដ៏ល្អ និងការចងចាំ អរគុណដល់បងៗ និងប្អូនៗនូវទឹកដៃដ៏ឆ្នើមក្នុងការផាត់មុខ ធ្វើសក់ និងតុបតែងខ្លួនលំអរដល់នាងខ្ញុំក្នុងវិស័យសិល្បៈ ភាពយន្តខ្មែរ ១៩៩០ ដល់ ២០១៨»។
អ្នកនាង អម្ពរ ទេវី បានបញ្ជាក់បន្ថែមថា «នាងពិតជាមានការនឹករលឹកដល់អ្នកទាំងអស់នោះខ្លាំង បើទោះបីជាមានអ្នកខ្លះបានទទួលមរណៈនៅសល់តែរូបថតក៏ដោយក្តី ដោយនៅក្នុងនោះ អ្នកនាងក៏បាននឹកឃើញមនុស្សម្នាក់ គឺលោក គីរី ដែលជាអ្នកផាត់មុខឲ្យនាងលើកដំបូងគេបង្អស់»។

យ៉ាងណា បន្ទាប់ពីអ្នកនាង អម្ពរ ទេវី បានបញ្ចេញរូបថតទាំងអស់នោះមក គេសង្កេតឃើញមានទស្សនិកជនគាំទ្រជាច្រើនបាននាំគ្នាចូលទៅធ្វើការខំមិនដោយម្នាក់ៗបានលើកសរសើរពីរូបសម្រស់របស់អ្នកនាង ដែលពីមួយចំនួនជំនាន់ទៅមួយជំនាន់ គឺអ្នកនាងនៅតែមានភាពស្រស់ស្អាតជានិច្ច។
ជាការកត់សម្គាល់ ត្បិតកំពុងកសាងជីវភាពគ្រួសារថ្មីយ៉ាងមានសុភមង្គលលើទឹកដីអាមេរិកនាពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែអ្នកនាង អម្ពរ ទេវី តែងតែសម្តែងនូវការនឹករលឹកជាបន្តបន្ទាប់មកពីកាន់ប្រជាជនខ្មែរ ជាពិសេសប្រិយមិត្តដែលធ្លាប់គាំទ្រការសម្តែងរបស់នាងកាលពីអតីតកាល។
ទោះជារស់នៅឯនាយសមុទ្រក៏ពិតមែន ប៉ុន្តែអ្នកនាង អម្ពរ ទេវី ក៏មិនបានទៅណាឆ្ងាយពីវិស័យសិល្បៈនៃការសម្តែងនោះដែរ ពោលគឺកាលពីពេលកន្លងទៅ អ្នកនាង ក៏ធ្លាប់ចុះមកស្រុកខ្មែរ ដើម្បីថតភាពយន្តខ្នាតធំ និងភាពយន្តភាគសម្រាប់ចាក់បញ្ចាំងតាមទូរទស្សន៍ផងដែរ បើទោះបីជាការសម្តែងរបស់អ្នកនាងនាពេលនេះ បានត្រឹមជាតួម្តាយក៏ដោយ។

ជាងនេះទៅទៀត គ្រប់ពេលដែលអ្នកនាង ចុះមកស្រុកខ្មែរ ហើយចូលរួមកម្មវិធីនានា ក៏ដូចជាការសម្តែងនោះ គឺអ្នកនាងតែងតែឲ្យអតីតស្វាមីរបស់នាង គឺលោក ពេជ្រ ភិរុណ ជាអ្នករៀបចំសម្លៀកបំពាក់សម្រាប់រូបនាងជានិច្ច ក្នុងពេលដែលលោក ពេជ្រ ភិរុណ គឺជាអ្នកកាត់សម្លៀកបំពាក់ដ៏មានស្នាដៃមួយរូបនៅក្នុងស្រុកខ្មែរផងដែរ។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកនាង អម្ពរ ទេវី បានចេញទៅរស់នៅសហរដ្ឋអាមេរិក ដោយបានសាងគ្រួសារថ្មីមួយនៅទីនោះ ដែលរហូតមកទល់នាពេលនេះនាងទទួលបានចំណងដៃកូនស្រីមួយរូប ខណៈពេលដែលកូនប្រុសជាមួយនឹងអតីតស្វាមីក៏កំពុងរស់នៅប្រទេសមហាអំណាចមួយនេះជាមួយនឹងអ្នកនាងផងដែរ៕











ចែករំលែកព័តមាននេះ