ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​2016-2017 នៅ​តែ​រឹង​មាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៦ បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​តាម​ការ​រំពឹង​ទុក ។

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៦ បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​តាម​ការ​រំពឹង​ទុក ។ នៅ​ក្នុង​បច្ចុប្បន្នភាព​នៃ​អត្ថបទ​បោះពុម្ពផ្សាយ​ប្រចាំឆ្នាំ​ចម្បង​មួយ​អំពី​បញ្ហា​សេដ្ឋកិច្ច ដែល​មានឈ្មោះ​ថា «​ការ​ព្យាករ​អំពី​ការ​អភិវឌ្ឍ​នៅ​អាស៊ី » ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​រក្សា​ការ​ព្យាករ​របស់​ខ្លួន​ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ថា មាន​អត្រា​៧%​ក្នុងឆ្នាំនេះ និង​៧,១%​ក្នុង​ឆ្នាំ​២០១៧ ។

លោក Samiuela Tukuafu ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « បន្ទាប់​ពី​ទទួល​បាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ខែកក្កដា ការ​ព្យាករ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​បន្ត​រឹង​មាំ ដោយ​ការ​នាំ​ចេញ​ឧស្សាហកម្ម​សម្លៀក​បំពាក់ និង​ស្បែកជើង​បាន​កើនឡើង​ចំនួន​៩,៤%​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ។ បើ​ទោះបីជា​កំណើន​ឥណទាន​ជូន​ដល់​វិស័យ​ឯកជន​បាន​ថយ​ចុះ​មក​ត្រឹម​២៨,១% បើ​ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​ខែមិថុនា​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​បង្ហាញ​ឱ្យ​ឃើញ​អំពី​តម្រូវការ​ក្នុងស្រុក​មាន​កម្រិត​ខ្ពស់ ។ កត្តា​អាកាសធាតុ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ចាប់ពី​ខែមិថុនា បន្ទាប់​ពី​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ គប្បី​អាច​ជួយ​ឱ្យ​វិស័យ​កសិកម្ម​មាន​ភាព​ធូរស្រាល​ឡើង​វិញ​បន្តិច » ។

លោក​បន្ត​ថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​វិនិយោគ​សំខាន់​ៗ​នៅ​ក្នុង​ផ្នែក​ផលិតកម្ម កសិកម្ម ការ​ដឹក​ជញ្ជូន​និង​ភស្តុ​ភារ ការ​អប់រំ​និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ។

តាម​របាយការណ៍​លើក​ឡើង​ថា គោលនយោបាយ​ហិរញ្ញវត្ថុ ត្រូវ​បាន​គេ​មើលឃើញ​ថា គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច ដោយ​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​បាន​កើនឡើង​១៥,៦%​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦ ដោយសារ​កំណើន​នៃ​បៀវត្សរ៍ សេវា​សាធារណៈ និង​ប្រាក់​ចំណូល​បាន​កើនឡើង​២៤,១% អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​បន្ត​កែ​លម្អ​លើ​ការ​ប្រមូល​ពន្ធ​។ ឱនភាព​ថវិកា​មិន​រាប់​បញ្ចូល​ហិរញ្ញប្បទាន​ឥត​សំណង មាន​គោលដៅ​ពង្រីក​ផលិតផល​ក្នុងស្រុក​សរុប​៤,៣% ។ តម្រូវការ​ក្នុងស្រុក​មាន​ភាពរឹងមាំ និង​ការ​កើនឡើង​នៃ​តម្លៃ​ស្បៀងអាហារ​បាន​ធ្វើ​ឱ្យ​អតិផរណា​ជា​មធ្យម​កើនឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ចំនួន​២,៧% ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​មុន ក្រោយ​ពេល​មាន​និន្នាការ​ធ្លាក់​ចុះ​មក​ត្រឹម​១,២%​កាលពី​ឆ្នាំ​មុន ។ ការ​ព្យាករ​អំពី​អតិផរណា​បាន​កើនឡើង​បន្តិច ដោយ​អត្រា​ជា​មធ្យម​មាន​ចំនួន​៣,៤%​ក្នុង​ឆ្នាំ​២០១៧ ដែល​ការ​ព្យាករ​បែប​នេះ​ស្រប​នឹង​ការ​រំពឹង​ទុក​ថា នឹង​មានការ​កើនឡើង​នៃ​តម្លៃ​ប្រេង​សកល ។

ការ​នាំ​ចេញ​ទំនិញ​បាន​កើនឡើង​ក្នុង​កម្រិត​ប៉ាន់​ប្រមាណ​ចំនួន​១២,៣%​ក្នុង​រយៈពេល​៦​ខែ​ដំបូង ដែល​អត្រា​នេះ​លឿន​ជាង​៩,៤%​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៥ ។ កំណើន​ការ​នាំ​ចូល​ទំនិញ​បាន​ធ្លាក់​ចុះ​ពី​១៧,០% មក​ត្រឹម​៧,៣%​។ ឱនភាព​គណនី​ចរន្ត ដោយ​មិន​រាប់​បញ្ចូល​ការ​ផ្ទេរ​ជា​ផ្លូវការ នៅ​តែ​ត្រូវ​បាន​គេ​មើលឃើញ​ថា ប្រែប្រួល​បន្តិចបន្តួច​ក្នុងឆ្នាំនេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ និង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រួម​តូច​ក្នុង​ឆ្នាំ​២០១៧ ដែល​ជា​ហេតុ​នាំ​ឱ្យ​រក្សា​បាន​នូវ​ជំហរ​ខាងក្រៅ​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ៕