ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងដេញថ្លៃផ្លូវបេតុង ៥ឃុំ ជាង ១.០០០លានរៀល នៅស្រុកស្រីសន្ធរ ដេញចុះតែបន្តិចបន្តួច

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ផ្លូវដីនៅតាមឃុំ បានប្រែក្លាយ ទៅជាផ្លូវបេតុង ចំនួន ៥ឃុំ មានទឹកប្រាក់រហូតដល់​ជាង ១.០០០លានរៀល ត្រូវបាន​ដាក់ដេញថ្លៃ នៅសាលាស្រុកស្រីសន្ធរ…

ខេត្តកំពង់ចាម៖ ផ្លូវដីនៅតាមឃុំ បានប្រែក្លាយ ទៅជាផ្លូវបេតុង ចំនួន ៥ឃុំ មានទឹកប្រាក់រហូតដល់​ជាង ១.០០០លានរៀល ត្រូវបាន​ដាក់ដេញថ្លៃ នៅសាលាស្រុកស្រីសន្ធរ កាលពី​ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២។ គេសង្កេតឃើញមានក្រុមហ៊ុនជាច្រើន ពេញមុខសាលាស្រុក តែក្រុមហ៊ុន ដែលចូលរួមដេញថ្លៃ គឺមានចំនួន​តិចតួច ហើយតម្លៃ ដែលដេញបាន គឺចុះតែបន្តិចបន្តួចប៉ុណ្ណោះ។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ លើកឡើងថា​ ចំពោះគម្រោងផ្លូវ ដែលត្រូវដេញថ្លៃ នាព្រឹកថ្ងៃទី១២ មេសានេះ មានចំនួនប្រាំឃុំ ស្មើជាង ១.០០០លានរៀល។ ការដេញថ្លៃកន្លងទៅ ប្រព្រឹត្តបានល្អ ហើយមក​ដល់ពេលនេះ លោកអភិបាលស្រុក ស្នើឲ្យក្រុមហ៊ុន មកចូលរួមដេញថ្លៃ គោរពគោលការណ៍ណែនាំ បើសិនជាពិនិត្យឃើញមានភាពមិនប្រក្រតីណាមួយ កើតឡើង នឹងត្រូវបដិសេធនូវគម្រោងនោះចោល។

ក្នុងពិធីដេញថ្លៃនោះ លោក​ភិបាលស្រុកស្រីសន្ធរ បានព្រមានតំណាងក្រុមហ៊ុន​ធ្វើផ្លូវថា បើសិនជាចង់ជជែកគ្នា ទៅជជែកនៅខាងក្រៅ ពេលចូលដេញថ្លៃ ត្រូវរក្សាភាពស្ងប់ស្ងាត់។ ចំពោះក្រុមហ៊ុន ដែលដេញថ្លៃបាន ត្រូវអនុវត្តតាមកិច្ចសន្យា ជាមួយនោះ លទ្ធកម្ម​ឃុំ ត្រូវចុះពិនិត្យតាមដានក្រុមហ៊ុន ដែលកំពុងតែស្ថាបនា​ផ្លូវបេតុង។ ថ្ងៃក្រោយ បើសិនជាថ្នាក់ជាតិ ចុះមកពិនិត្យ ឃើញក្រុមហ៊ុន ធ្វើមិនបានត្រឹមត្រូវ តាមស្តង់ដា នោះតម្រូវឲ្យមានការសាងសង់ជាថ្មីឡើងវិញ។ អាជ្ញាធរឃុំ មិនត្រូវសមគំនិតគ្នាជាមួយក្រុមហ៊ុន​ ធ្វើឲ្យបាត់បង់​គុណភាពផ្លូវនោះទេ។

សូមបញ្ជាក់ថា ចំពោះគម្រោងផ្លូវ ដែលត្រូវបានដាក់ឲ្យដេញថ្លៃចំនួន៥ កន្លែងនោះ រួមមាន ផ្លូវបេតុង​ឃុំជីបាល តម្លៃប៉ានស្មាន ១៧៩.៧២២.១៤២៛ មានក្រុមហ៊ុនចំនួន៤ ចូលរួមដេញថ្លៃ ហើយបានទៅលើក្រុមហ៊ុន ជា មករា ក្នុងតម្លៃ ១៨០.៨៨០.០០០៛។ ២.ឃុំទងត្រឡាច ផ្លូវបេតុងអាមេ តម្លៃត្រូវដាក់ឲ្យដេញថ្លៃ១៩៨.៩០៤.៦០១៛ មានក្រុម​ហ៊ុន ចំនួន៣ ចូលរួមដេញថ្លៃ។ បានទៅលើក្រុមហ៊ុន កៅ ប៊ុនណាក់ ក្នុងតម្លៃ ១៨៩.០០០.០០០៛។ ៣.ឃុំកោះ​អណ្ដែត ផ្លូវបេតុងអាមេប្រវែង ៤១៥ម៉ែត្រ តម្លៃដាក់ដេញថ្លៃ២០៧.៦៨៦.៣០០៛ មានក្រុមហ៊ុនចំនួន៣ ចូលរួម​ដេញថ្លៃ។ បានទៅលើក្រុមហ៊ុន នូ ប៊ុនថន ក្នុងតម្លៃ២០២.៩៣៥.០០០៛។ ៤.ឃុំឬស្សីស្រុក ផ្លូវបេតុងអាមេ ប្រវែង ៣៩០ម៉ែត្រ តម្លៃដាក់ដេញថ្លៃ១៨៥.០៨០.០០០៛ មានក្រុមហ៊ុនចំនួន៣ បានចូលរួមដេញថ្លៃ។ បានទៅលើក្រុមហ៊លុន ស្រុង ស្រឿន ក្នុងតម្លៃ ១៨១.០០០.០០០៛។ ៥.ឃុំស្វាយពោធិ៍ ផ្លូវបេតុងអាមេ តម្លៃដាក់ដេញថ្លៃ ២១៩.៩០៣.៩៨៩៛  មានក្រុមហ៊ុនចំនួន៣ ចូលរួមដេញថ្លៃ។ បានទៅលើក្រុមហ៊ុន ម៉ាន ម៉េងលាង ក្នុងតម្លៃ ២០៨.០០០.០០០៛​។

សូមបញ្ជាក់ថា ការដេញថ្លៃគម្រោងផ្លូវនាពេលកន្លងមក តម្លៃដែលដេញថ្លៃបាន ចុះរហូតដល់ជាងពាក់កណ្ដាល ក៏មាន នៅ​ក្នុងស្រុកស្រីសន្ធរ ហើយការដេញលើកនេះ តម្លៃចុះតែបន្តិចប៉ុណ្ណោះ។ នៅមុនការដេញថ្លៃនេះ គេ​ឃើញ​មាន​ការខ្សឹបខ្សៀវគ្នា នៅខាងក្រៅ​បន្ទប់ប្រជុំ​៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ