ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក​អង្គការ​ភាព​ញញឹម​នៃ​កុមារ ទទួលមរណភាព​កាលពី​យប់មិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES ) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្ថាបនិក​នៃ​អង្គការ​ភាព​ញញឹម​នៃ​កុមារ​…

រាជធានី​ភ្នំពេញ ៖ លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES ) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្ថាបនិក​នៃ​អង្គការ​ភាព​ញញឹម​នៃ​កុមារ ​ដែល​ជា​អង្គការ​មួយ​បាន​ជួយ​កុមារ​កំព្រា និង​គ្មាន​ទីពឹង​ស្ទើរ​រាប់​ពាន់​នាក់​ឲ្យ​មានការ​រៀនសូត្រ និង​មានការ​ងារ​ល្អ​ធ្វើ​ក្នុង​សង្គម​នោះ ពេល​នេះ​លោក​មាន​ទទួលមរណភាព​ហើយ ក្នុង​វ័យ​៨២​ឆ្នាំ ដោយសារ​រោគាពាធ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ទីតាំង​អង្គការ​ភាព​ញញឹម​នៃ​កុមារ ស្ថិត​ក្នុងផ្ទះ​លេខ​៤០២ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អង្គការ​ភាព​ញញឹម​នៃ​កុមារ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ។ អង្គការ​មួយ​នេះ​បង្កើត​ឡើង​ដោយ​ប្តី​ប្រពន្ធ​ជា​ជនជាតិ​បារាំង គឺ​លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES ) និង​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យ៉ែ​រ ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​ជួយ​សង្គ្រោះ​កុមារ​រើស​សម្រាម កុមារ​ក្រីក្រ​គ្មាន​ទីពឹង គ្មាន​ផ្ទះ​ស្នាក់​អាស្រ័យ​ត្រឹមត្រូវ ឬ​បាត់បង់​ឪពុក​ម្តាយ​ជាដើម ដោយ​បាន​យក​ពួក​គេ​មក​អប់រំ ណែនាំ រៀនសូត្រ តាម​កម្រិត​នៃ​សាលា​រដ្ឋ ឬ​ចំណេះដឹង​ទូទៅ នៃ​កម្រិតសិក្សា បង្ហាត់បង្រៀន​ទាំង​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ផ្សេង​ៗ ដល់​ក្មេង និង​ជួយ​រក​ការងារ​ឲ្យ​ធ្វើ​ពេល​បញ្ចប់​ការ​សិក្សា នៃ​អង្គការ​ខាងលើ ។ បន្ថែម​ពី​នេះ​ក៏​មាន​ផ្តល់​នូវ​ទីកន្លែង​ស្នាក់​នៅ​ដល់​ក្មេង​ៗ​ដែល​ភាគច្រើន​មក​ពី​ជនបទ និង​មួយ​ចំនួន​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ ដោយ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ដែល​ជា​ស្ថា​ប​នឹក​បាន​ប្រើប្រាស់​ថវិការ​ផ្ទាល់ខ្លួន​ទិញ​ដី​ដ៏​ធំ​មួយ​ទំហំ​ជាង​១​ហិ​កតា និង​បាន​សាងសង់​ជា​អាគារ​សិក្សា បណ្ណាល័យ​អាន​សៀវភៅ បន្ទប់​ហូប​ចុក ស្នាក់​នៅ និង​អាគារ​រដ្ឋបាល​ទូទៅ​ជា​ច្រើន​ទៀត ដើម្បី​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​រៀនសូត្រ និង​រស់នៅ​របស់​ក្មេង​ៗ ។

សូម​បញ្ជាក់​ថា ស្ថាបនិក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ​មាន​សញ្ជាតិ​ដើម​ជា​ជនជាតិ​បារាំង ពួក​គាត់​បាន​ចូល​មក​រស់នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០ ហើយ​ពួក​គាត់​បាន​ស្នើ​ទៅ​ដល់​ព្រះមហាក្សត្រ​ដើម្បី​សុំ​ចូល​ជា​សញ្ជាតិ​ខ្មែរ ក៏​ត្រូវ​បាន​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហ​នុ ឡាយ​ព្រ​ហ​ស្ថ​ឯកភាព​តាំងពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ ។

យ៉ាងណាមិញ បច្ចុប្បន្ន​សព​បាន​រៀបចំ​ពិធី​តម្កល់​នៅ​ក្នុង​ទីតាំង​ផ្ទាល់​របស់​អង្គការ​ភាព​ញញឹម​នៃ​កុមារ ដើម្បី​ឲ្យ​បងប្អូន​ញាតិ​ជិតខាង​មក​គោរព​វិញ្ញាណក្ខន្ធ​សព និង​ត្រៀម​ដឹក​យក​ទៅ​កាន់​វត្ត​ឫស្សី​សាញ់​នៅ​រសៀល​ថ្ងៃ​ចន្ទ ដើម្បី​បូជា​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​នោះ​គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​សិស្ស និង​អតីត​សិស្ស​ជា​ច្រើន​ដែល​ធំធាត់​នៅ​ក្នុង​អង្គការ​ខាងលើ​បាន​នាំ​គ្នា​មក​គោរព​វិញ្ញាណក្ខន្ធ​លោក ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) យ៉ាង​កកកុញ​ផង​ដែរ ៕