ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ទំព័រ​ថ្មី​! លោក​ហ្វៃ សំអាង ត្រៀម​ផលិតភាព​យន្ត​ខ្នាត​ធំ​ដែល​មាន​តួអង្គ​សំខាន់​ជាង​៤០​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ផលិតករ​ដែល​មាន​ស្នាដៃ​លោក ហ្វៃ សំអាង បាន​ប្រកាស​ត្រៀម​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ ជា​ការ​បើក​ទំព័រ​ថ្មី ជាមួយនឹង​ការ​សម្រិតសម្រាំង​ជ្រើសរើស​តួអង្គ​សំខាន់​ៗ​ប្រមាណ​ជាង​៤០​នាក់​ឲ្យ​ចូលរួម​សម្តែង ខណៈ​ពេល​ដែល​ដំណើរការ​ថត​រឿង​ខាងលើ​នេះ នឹង​ចាប់ផ្តើម

រាជធានី​ភ្នំពេញ ៖ ផលិតករ​ដែល​មាន​ស្នាដៃ​លោក ហ្វៃ សំអាង បាន​ប្រកាស​ត្រៀម​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំ ជា​ការ​បើក​ទំព័រ​ថ្មី ជាមួយនឹង​ការ​សម្រិតសម្រាំង​ជ្រើសរើស​តួអង្គ​សំខាន់​ៗ​ប្រមាណ​ជាង​៤០​នាក់​ឲ្យ​ចូលរួម​សម្តែង ខណៈ​ពេល​ដែល​ដំណើរការ​ថត​រឿង​ខាងលើ​នេះ នឹង​ចាប់ផ្តើម​នា​ពាក់កណ្តាល​ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

បើ​យោង​តាម​ប្រកាស​របស់​លោក ហ្វៃ សំអាង នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ជម្រាប​សួរ​បងប្អូន​ដែល​ជា​ទស្សនិកជន​គាំទ្រ​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស ក៏​ដូច​ជា​បងប្អូន​ដែល​និយម​គាំទ្រ​ស្នាដៃ ដឹកនាំ​សម្ដែង​របស់ខ្ញុំ នៅ​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២២​នេះ ខ្ញុំ​មាន​ទឹកចិត្ត​សប្បាយ​រីករាយ សូម​បង្ហាញ​ជូន​នូវ​វណ្ណ​កម្ម​ថ្មី​ដែល​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ និពន្ធ​ឡើង​ដោយ​អ្នកនិពន្ធ​ពីរ​រួម​គ្នា គឺ​លោក យូ សុភា និង​លោក ហ្វៃ សំអាង ជា​ខ្សែភាពយន្ត​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ មាន​ទាំង​អត្ថរស និង​អត្ថន័យ​។

លោក​បញ្ជាក់​ថា ក្រុមការងារ​ផលិត​កំពុង​សម្រិតសម្រាំង​តួ​សម្តែង​ដែល​មាន​តួអង្គ​សំខាន់​ៗ​ជាង​៤០​នាក់ តើ​តារា​ប្រុស​ស្រី​ណាខ្លះ​ដែល​លោក​អ្នក​ស្រឡាញ់ ពេញចិត្ត​ចង់​ឲ្យ​មាន​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ? សូម​ចូលរួម​បញ្ចេញយោបល់ និង​ប្រាប់​ឈ្មោះ​តារា​ដែល​នៅ​ក្នុង​ចិត្ត​របស់​លោក​អ្នក​មក​… យើង​នឹង​បើក Camera នា​ពាក់កណ្តាល​ឆ្នាំ​២០២២​នេះ ហើយ ។ តើ​តារា​ដួង​ណាខ្លះ​នឹង​លេច​វត្ត​មាននៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ហង្ស​មាស​នេះ? ជួប​គ្នា​នៅ​ក្នុង​រោង​ភាពយន្ត រឿង «​អប្សរា​មហា​អង្គរ​» ។

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ភាពយន្ត​ខ្នាត​ធំ​ដែល​លោក ហ្វៃ សំអាង ត្រៀម​នឹង​ថត​នេះ ប្រើ​រយៈពេល​ប៉ុន្មាន និង​ត្រៀម​ដាក់​បញ្ចាំង​នា​អំឡុង​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយដំណឹង​ខាងលើ​នេះ ទស្សនិកជន ជា​ពិសេស​អ្នក​និយម​គាំទ្រ​ស្នាដៃ​ផលិត​របស់​លោក​បាន​សម្តែង​ការ​គាំទ្រ និង​ទន្ទឹងរង់ចាំ​ទស្សនា​ស្នាដៃ​ថ្មី​របស់​លោក​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​ប្រកាស​ពី​ការ​ត្រៀម​ផលិតភាព​យន្ត​ខ្នាត​ធំ​ខាងលើ​នេះ លោក ហ្វៃ សំអាង ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា រូប​លោក​កំពុង​ខិតខំ​សរសេរ​រឿង​ខ្មែរ​បុរាណ​មួយ​ឲ្យ​ចប់​សព្វគ្រប់ ដែល​រឿង​នេះ លោក​បាន​គិត​ជា​យូរ​មក​ហើយ​។

លោក​ថា ខ្សែភាពយន្ដ​ថ្មី​នេះ​គឺ​អស្ចារ្យ និង​ប្លែក​ជាង​រឿង​ណា​ៗ​ទាំងអស់ ក្នុង​ចំណោម​ស្នាដៃ​របស់​លោក​កន្លង​មក ខណៈ​ពេល​ស្នាដៃ​ថ្មី​មួយ​នេះ លោក​សង្ឃឹមថា នឹង​ទទួល​បានការ​គាំទ្រ​ច្រើន ដូច​ទៅ​នឹង​ស្នាដៃ​ផលិត​រឿង​របស់​លោក​កន្លង​មក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ