ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​ជា​ផ្លូវការ​សិទ្ធិ​ចែកចាយ​រថយន្ត Volkswagen របស់​ក្រុមហ៊ុន HGB Group

7 ឆ្នាំ មុន

ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​ជាមួយ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​សិទ្ធិ​ចែកចាយ​រថយន្ត Volkswagen របស់​ក្រុមហ៊ុន HGB Group

ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​ជាមួយ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​សិទ្ធិ​ចែកចាយ​រថយន្ត Volkswagen របស់​ក្រុមហ៊ុន HGB Group នា​ឱកាស​នេះ​។ ហើយ​ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អបអរសាទរ​ដល់​ក្រុមហ៊ុន HGB Group និង​ក្រុមហ៊ុន Volkswagen សម្រាប់​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ក្នុងថ្ងៃនេះ ក៏​ដូច​ជា​សូម​អបអរសាទរ​ដល់​ទំនាក់ទំនង​កាន់តែ​រីក​ចម្រើន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​បាន​ដើរតួ​សំខាន់​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ជំហាន​ថ្មី​មួយ​នេះ​។

សមិទ្ធផល​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​រីករាយ​ចម្រើន​ឥត​ឈប់​ឈរ​នៃ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ក៏​ដូច​ជា​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​របស់​ប្រជាជន​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​នាយក​តែងតែ​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សង្គម និង​សេដ្ឋកិច្ច ហើយ​ជា​ពិសេស​គឺ​រក្សា​បាន​នូវ​សុខ​សន្តិភាព និង​វឌ្ឍនភាព​។

ប្រាកដ​ណាស់ Volkswagen ដែល​ជា​ម៉ាក​សញ្ញា​ឈានមុខ​របស់​ពិភពលោក​មួយ​នេះ បាន​មើលឃើញ​ពី​សក្តានុពល​ដ៏​ខ្លាំងក្លា​នៃ​ប្រទេស​កម្ពុជា ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​បាន​មើលឃើញ​ពី​សក្តានុពល​នៃ​រថយន្ត​ដូច​គ្នា​។ ស្រប​ពេល​ដែល​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​កំពុង​តែ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​តម្រូវការ​ផលិតផល​ល្បី​ៗ និង​មានគុណ​ភាព​ដូច​ជា Volkswagen ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។ Volkswagen មាន​ន័យ​ថា ជា​រថយន្ត​សម្រាប់​មនុស្ស​ដែល​ត្រូវ​បាន​ផលិត​យ៉ាង​យកចិត្តទុកដាក់​ហ្មត់ចត់ ដោយ​ធានា​បាន​ទាំង​គុណភាព និង​សោ​ភណ្ឌ​ភាព ដើម្បី​សុវត្ថិភាព និង​ភាព​ទំនើប​ទាន់សម័យ​របស់​អ្នក​ប្រើប្រាស់​។  ត្រង់នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ម៉ាក​រថយន្ត​នេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ទូ​ទាំង​ពិភពលោក  ហើយ​ប្រាកដ​ណាស់​នឹង​ទទួល​បានការ​គាំទ្រ​ដូច​គ្នា​ពី​សំណាក់​ប្រជាជន​កម្ពុជា​។

ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា !

ក្នុង​នាម​ខ្ញុំ​ជា​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ខ្ញុំ​ចង់​ឃើញ​វត្តមាន​រថយន្ត​លំដាប់​ពិភពលោក​ដែល​មាន​រូបរាង​រចនា​ស្អាត​ទាក់ទាញ​ជាមួយ​គុណភាព​ដ៏​ប្រណីត​បែប​នេះ​នៅ​កម្ពុជា ហើយ​ក៏​ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​ក្លាយជា​ម្ចាស់​រថយន្ត​ដ៏​ទំនើប​នេះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​ប្រទេស​យើង​ក្លាយជា​ទីផ្សារ​ប្រកួតប្រជែង​សម្រាប់​រថយន្ត​អឺរ៉ុប និង​រថយន្ត​លំដាប់​ពិភពលោក​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ វត្តមាន​របស់ Volkswagen នឹង​ផ្ដល់​នូវ​ជម្រើស​កាន់តែ​ប្រសើរ និង​សម្បូរ​បែប​ថែម​ទៀត​ដល់​ប្រជាជន​កម្ពុជា​។

មុន​នឹង​បញ្ចប់ ខ្ញុំ​សម្ដែង​ការ​កោតសរសើរ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ HGB Group និង Volkswagen ដែល​បាន​ចូលរួម​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ហើយ​ប្រាកដ​ណាស់​ថា រថយន្ត​ម៉ាក​ល្បី​នេះ នឹង​ទទួល​បានការ​គាំទ្រ ក៏​ដូច​ជា​ភាព​ជោគជ័យ​នៅ​ទី​នេះ​ផង​ដែរ​។

ជា​ចុង​ក្រោយ ខ្ញុំ​សូម​គោរព ជូនពរ ឯកឧត្តម លោក​ជំទាវ
​-​ឯកឧត្តម​បណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
-​លោក Herfried Hasenoehrl នាយក​ប្រតិបត្តិ​ក្រុមហ៊ុន HGB
-​លោក Jan Dr.Michel នាយក​ផ្នែក​លក់​អន្តរជាតិ

លោក លោកស្រី អ្នក​នាង កញ្ញា​ដែល​មាន​វត្តមាន​ក្នុងថ្ងៃនេះ សូម​ប្រកប​តែ​ពុទ្ធ​ពរ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​អរគុណ​!