ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជា​ប្រទេស​មានឱកាស​ល្អ​បំផុត​នៅ​អាស៊ាន​សម្រាប់​ការ​វិនិយោគ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​មាន​វិនិយោគិន​ពី​បណ្ដា​ប្រទេស​នានា​ជា​ច្រើន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស លើ​វិស័យ​អចលនទ្រព្យ ដែល​ជា​វិស័យ​មួយ​ថ្មី និង​ទើបតែ​ដើរ​តាម​ក្រោយ​បណ្ដា​ប្រទេស​ជិតខាង

រាជធានី​ភ្នំពេញ ៖ ខណៈ​មាន​វិនិយោគិន​ពី​បណ្ដា​ប្រទេស​នានា​ជា​ច្រើន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស លើ​វិស័យ​អចលនទ្រព្យ ដែល​ជា​វិស័យ​មួយ​ថ្មី និង​ទើបតែ​ដើរ​តាម​ក្រោយ​បណ្ដា​ប្រទេស​ជិតខាង កម្ពុជា​បាន​សម្រួល និង​បើកឱកាស​ឱ្យ​វិនិយោគិន​ទាំងនោះ​វិនិយោគ​លើ​វិស័យ​ជា​ច្រើន ។

លោក សុក ស៊ី​ផា​ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា ស្តី​ពី​បច្ចុប្បន្នភាព​ឧស្សាហកម្ម​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​ថា កម្ពុជា​បាន​សម្រួលការ​ងាយស្រួល​ដល់​បណ្ដា​វិនិយោគិន​ខាងក្រៅ​ច្រើន ដើម្បី​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​របស់​ពួក​គេ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ថា ៖ « យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ជិត​ៗ​យើង លក្ខខណ្ឌ​នៃ​ការ​វិនិយោគ​ពី​បណ្ដា​អ្នក​វិនិយោគ​ក្រៅប្រទេស គឺ​មាន​ភាព​ស្មុគស្មាញ​ច្រើន ។ អ្នក​វិនិយោគទុន​អាច​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​ហាមឃាត់​ណាមួយ​ឡើយ ។ តែបើ​យើង​មើលទៅ​ប្រទេស​ជិតខាង​យើង​វិញ មាន​ប្រទេស​ខ្លះ​មិន​បាន​បើក​ឱ្យធ្វើ​ពាណិជ្ជកម្ម​សេរី​ឡើយ ហើយ​ប្រទេស​ខ្លះ​ទៀត ពេល​អ្នក​វិនិយោគ​យក​លុយ​ចូល​វិនិយោគ​មិនជា​មាន​បញ្ហា​ទេ តែ​នៅ​ពេល​យក​លុយ​ចេញ​ទៅ​វិញ អាច​នឹង​មាន​បញ្ហា​។

ប្រទេស​មួយ​ចំនួន​ទៀត ពេល​អ្នក​វិនិយោគ​ចង់​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​ផ្សេង​ៗ ត្រូវ​បាន​គេ​កំណត់​ភាគរយ​ក្នុង​ការ​វិនិយោគ គឺ​ត្រូវ​តែ​មាន​ភាគហ៊ុន​ពី​ម្ចាស់​ទឹក ម្ចាស់​ដី ។ ចំណែក​ប្រទេស​ខ្លះ​ទៀត នៅ​ពេល​ដែល​វិនិយោគិន​ចង់​វិនិយោគ គឺ​ត្រូវ​រក្សា​ទុក​៣០% ឱ្យ​ម្ចាស់​ទឹក ម្ចាស់​ដី » ។

លោក​បន្ត​ថា ទាំងនេះ​គឺជា​បរិបទ​របស់​កម្ពុជា ហើយ​ចាប់តាំងពី​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ​២០០៤ និង​បន្ទាប់​ពី​សភា​នោះ​ផ្ដល់​សច្ចាប័ន​ដល់​កម្ពុជា ឃើញ​ថា លំហូរ​វិនិយោគទុន​ចូល​មក​កម្ពុជា​មាន​កាន់តែ​ច្រើន​ឡើង​ៗ ។ ម្យ៉ាងវិញទៀត បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ឆ្នាំ​២០០៨ កម្ពុជា​មាន​ភាព​យ៉ាប់​យឺន​១​ឆ្នាំ​ប៉ុណ្ណោះ គឺ​ក្នុង​ឆ្នាំ​២០០៩ តែ​បន្ទាប់​ពី​នោះ​មក កម្ពុជា​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ។ លោក​មាន​ប្រសាសន៍​ថា ៖ « ធនាគារពិភពលោក ដែល​មាន​ការិយាល័យ​នៅ​គ្រប់​ប្រទេស​ទាំងអស់ ក៏​បាន​វិភាគ​ឃើញ​ថា នៅ​លើ​ពិភពលោក​មាន​តែ​ប្រទេស​ចំនួន​៦​ប៉ុណ្ណោះ​ដែល​មាន​កំណើនសេដ្ឋកិច្ច​មធ្យម​២០​ឆ្នាំ លើស​៧% ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​នេះ​ដែរ កាលពី​ខែ​មុន​នេះ ធនាគារពិភពលោក​ក៏​បាន​ចេញ​របាយការណ៍​មួយទៀត ដែល​មាន​តែ​ប្រទេស​៤​ប៉ុណ្ណោះ​បាន​ទាញ​ទម្លាក់​អត្រា​ភាព​ក្រីក្រ ក្នុង​នោះ​កម្ពុជា​បាន​ទម្លាក់​អត្រា​ភាព​ក្រីក្រ​ពី​៥៣%​កាលពី​២០​ឆ្នាំ​មុន មក​នៅ​ត្រឹមតែ​១៤%​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន » ។

លោក​បន្ថែម​ថា បច្ចុប្បន្ន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​វិនិយោគ​ពី​ខាងក្រៅ កម្ពុជា​បាន​សាងសង់​កំពង់​ផែ​បន្ថែម​ទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏​ត្រៀម​សាងសង់​កំពង់​ផែ​នៅ​ខេត្តកំពត​ផង​ដែរ ។ ក្រៅពី​នោះ ព្រ​លាន​យន្តហោះ​អន្តរជាតិ ក៏​បាន​ពង្រីក​ជា​បន្តបន្ទាប់ ទាំង​ព្រ​លាន​អន្តរជាតិ​ពោធិ​ចិន​តុង និង​ព្រ​លាន​យន្តហោះ​កងកេង​ជាដើម ហើយ​ក្រុមហ៊ុន​ទេសចរណ៍​ទៀត​សោត ក៏​បាន​ពង្រីក​ការ​ហោះហើរ​របស់​ខ្លួន​ត្រង់​មក​កាន់​កម្ពុជា​ផង​ដែរ ។

លោក​ថា ៖ « បើសិនជា​មិន​មាន​កំណើន​ទេសចរណ៍ មិន​មាន​កំណើន​អ្នក​វិនិយោគ​របស់​ជនជាតិ​គេ​មក​កាន់​កម្ពុជា​ទេ​នោះ តើ​ក្រុមហ៊ុន​អន្តរជាតិ​ទាំងនោះ​នឹង​បើក​ការ​ហោះ​ហើរ​ត្រង់​មក​កាន់​កម្ពុជា​ដែរ​ទេ វា​ពិតជា​គ្មាន​នោះ​ទេ ហើយ​នៅ​ពេល​បើក​ការ​ហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អន្តរជាតិ​ទាំងនោះ វា​រឹតតែ​ធ្វើ​ឱ្យ​កំណើន​អ្នក​វិនិយោគ និង​កំណើន​ទេសចរណ៍​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា ។ ដូចនេះ កម្ពុជា​ក៏​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ទទួល​ពួក​គេ​ដែរ​ដូច​ជា ផ្នែក​បម្រើ​សេវាកម្ម​ផ្សេង​ៗ​ជាដើម » ។

គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​កាលពី​ឆ្នាំ​មុន​នេះ​ថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​១៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៤ គិត​ជា​មធ្យម​មាន​ប្រមាណ​១.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​គ្រាន់តែ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មួយ​ប៉ុណ្ណោះ ហើយ​នៅ​មាន​វិនិយោគិន​ក្រៅប្រទេស​ជា​ច្រើន​បាន​ចូល​មក​ចាប់​ដៃគូ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​ជាមួយ​វិនិយោគិន​ក្នុងស្រុក ៕