ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​២​ពាន់​ដុល្លារ​ទៅ​ប្តូរ​យកប្រាក់បាត​ថៃ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្រោយ​ពី​ពួក​គេ​បាន​យក​ប្រាក់​ដុល្លារ​២​ពាន់​ដុល្លារ​ទៅ​ប្តូរ​យក​លុយ​បាត​ថៃ​នៅ​កន្លែង​ប្តូរ​ប្រាក់​មួយ​កន្លែង​ក្បែរ​ច្រក​ទ្វារ

ខេត្តកោះកុង ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្រោយ​ពី​ពួក​គេ​បាន​យក​ប្រាក់​ដុល្លារ​២​ពាន់​ដុល្លារ​ទៅ​ប្តូរ​យក​លុយ​បាត​ថៃ​នៅ​កន្លែង​ប្តូរ​ប្រាក់​មួយ​កន្លែង​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ ។

លោក​វរសេនីយ៍ត្រី ណា​ក់ នី អធិការរង​ទទួល​បន្ទុក​កិច្ចការ​ព្រហ្មទណ្ឌ​ស្រុក​មង្គល​សីមា ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មាន ទី​១-​ឈ្មោះ ប៊ុ​ន ឃី​ម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម និង ទី​២-​ឈ្មោះ ប៉េង ហ៊​ត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ត្រី ណា​ក់ នី បាន​បញ្ជាក់​ថា បន្ទាប់​ពី​អាជីវករ​រកស៊ី​ប្តូរ​ប្រាក់​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ឈ្មោះ ស ចិ​ត្រា បាន​ទូរស័ព្ទ​មក​ប្តឹង​ថា មាន​ជនសង្ស័យ​២​នាក់​យក​ដុល្លារ​ក្លែងក្លាយ​មក​ប្តូរ ភ្លាម​ៗ​នោះ​កម្លាំង​របស់​លោក​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ប៊ុ​ន ឃី​ម ចំណែក​ម្នាក់​ទៀត​បន្ទាប់​ពី​យក​ដុល្លារ​ក្លែងក្លាយ​ចំនួន​២​ពាន់​ដុល្លារ​ប្តូរ​យក​លុយ​បាត​ថៃ​បាន​ចំនួន​៦៧០០០​បាត​ហើយ​នោះ​ក៏​បើកឡាន​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ។

លោក​អធិការរង​បញ្ជាក់​ទៀត​ថា ពេល​សមត្ថកិច្ច​របស់​លោក​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២ ប្រាក់​បាត​ថៃ​៦៧០០០​បាត​ត្រូវ​បាន​ដកហូត​យក​មក​ប្រគល់​ឲ្យ​អាជីវករ​ឈ្មោះ ស ចិ​ត្រា វិញ ព្រមទាំង​ដកហូត​បាន​រថយន្ត​បា​ឡែ​ន​១​គ្រឿង ពាក់​ស្លាក​លេខ​ចំនួន​២ ទី​១-​ស្លាក​លេខ កណ្ដាល 2A-6493 និង​ទី​២-​ស្លាក​លេខ កំពង់ចាម 2A-0414 ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​កណ្ដាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕