ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​គោរព​វិជ្ជាជីវៈ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា អ្នកកាសែត​កម្ពុជា​គួរតែ​ពង្រឹង​ក្រមសីលធម៌​របស់​ខ្លួន​ឡើង​វិញ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ដែល​ក្រសួង​បាន​ជំរុញ​ឲ្យ​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា អ្នកកាសែត​កម្ពុជា​គួរតែ​ពង្រឹង​ក្រមសីលធម៌​របស់​ខ្លួន​ឡើង​វិញ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ដែល​ក្រសួង​បាន​ជំរុញ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍ កាសែត​បោះពុម្ព ទស្សនាវដ្តី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត មិន​ត្រូវ​ថត​សព​ក្នុង​ស្ថានភាព​ឃាតកម្ម​មាន​ឈាម កាត់​ក ដាច់​ក្បាល មាន​ដៃជើង​ច្រងេងច្រងាង មក​ចុះ​ផ្សាយ​ទេវា​ជា​សីលធម៌​មួយ​ដែល​ត្រូវ​គិតដល់​សព និង​គ្រួសារ​សព​គេ​មិន​សប្បាយចិត្ត​ចំពោះ​ការ​ផ្សាយ​បែប​នេះ​ទេ​។

ការ​ផ្សាយ​បែប​នេះ​វាយ​អាច​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ខ្លួនឯង និង​មិន​គួរ​ផ្សាយ​រូបភាព​ទាំងនោះ​ទេ ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទកាសែត​មួយ ក្នុង​ក្រសួង​ព័ត៌មាន​បន្ទាប់​ពី​លោក​បាន​ចូលរួម​ក្នុង​ពី​បិទ​វគ្គ​បណ្តុះបណ្តាល​ព័ត៌មានវិទ្យា​(Java និង Window )​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​។ វគ្គ​នេះ​មាន​សិក្ខាកាម​ជាង​៦០​នាក់​មន្ត្រី​របស់​មន្ទីរ​ព័ត៌មាន​នៅ​តាម​ខេត្ត​មក​ចូលរួម​រៀនសូត្រ​លើក​ដំបូង​ដែល​មាន​គ្រូ​ជនជាតិ​កូ​រេ​បួន​នាក់ និង​គ្រូខ្មែរ​បង្រៀន​ដោយ​ផ្ទាល់​។

នៅ​ពេល​សួរ​ថា​ស្ថានីយ៍ទូរទស្សន៍ កាសែត និង​ទស្សនាវដ្តី ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​ស្តាប់​ការ​ណែនាំ​របស់​ក្រសួង ពេល​នោះ​អាច​ប្រឈម​នឹង​ការ​ពិន័យ ដក​អាជ្ញាប័ណ្ណ ឬ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​ទេ?។ លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​បិទ​ការ​ផ្សព្វផ្សាយ​របស់​ពួក​គេ​ទេ តែ​យើង​ពង្រឹង​ការ​ផ្សាយ​ដែល​គេ​នឹង​ដឹង​ថា នរណា​ជា​អ្នក​បំពាន​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយ​ខ្លួនឯង​។ ការ​បិទ​មិនមែន​ជា​ការ​ល្អ​ទេ ការ​និយាយ​គ្នា​ល្អ​ជាង​។ កន្លង​មក​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​មាន​ប្រសាសន៍​ដែរ អ្វី​សំខាន់​នោះ​អ្នកកាសែត​ខ្លួនឯង​មាន​តម្លៃ​ឬ​អត់​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មាន​អ្នកខ្លះ​ចង់​បន្ទាបបន្ថោក​ខ្លួនឯង ហើយ​យើង​ចង់ទៅ​ធ្វើ​ដូច​គេ​ដែរ?។ វា​ខុស​វិជ្ជាជីវៈ​របស់​យើង ដូច្នេះ​យើង​ចង់​រក្សា​តម្លៃ​យើង​ជា​អ្នកកាសែត​មាន​តម្លៃ គឺ​ការ​ប្រើប្រាស់​ពាក្យពេចន៍ និង​រូបភាព​ឲ្យ​សម​ស្រប​តាម​ការ​ណែនាំ​ក្រមសីលធម៌​របស់​យើង​។ ចំពោះ​សំណួរ​ដែល​ថា​ក្រសួង​បាន​ហាម​មិន​ឲ្យ​មានការ​ផ្សាយ​ការ​ហែរ​សព​លោក កែម ឡី មែនដែរ​ទេ?​។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​នរណា​អ្នក​និយាយ​បែប​នេះ​មិន​ត្រូវ​ទេ​។ តែ​ទូរទស្សន៍​ជាតិ​(​ទ​ទក​)​បាន​ផ្សាយ តែ​មិនដឹង​ថា​មាន​ទូរទស្សន៍​ណា​ទៀត​បាន​ផ្សាយ?​។

តែ​អ្នក​ដែល​និយាយ​នោះ​សួរ​វិញ​ថា គេ​បាន​មើល​ទស្សន៍ ឬ​អត់​ដែល​គេ​ចេះ​ដើរ​និយាយ​បែប​នេះ​។ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា លោក​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ទូរទស្សន៍​ទាំងអស់​នៅ​កម្ពុជា ដែល​ពេល​នោះ​គេ​បាន​និយាយ​ប្រាប់​ក្រសួង​ព័ត៌មាន​ថា គេ​នឹង​ខិតខំ​មិន​ផ្សាយ​រូបភាព​ឃាតកម្ម​សព​ដែល​មាន​ភាព​មិន​សមរម្យ​ទៀត​ទេ​។ នៅ​ពេល​គេ​សួរ​ថា​ការ​លើក​ឡើង​របស់​ក្រសួង​ព័ត៌មាន​បែប​នេះ បន្ទាប់​ការ​ហែសព​លោក​កែម​ឡី​យ៉ាង​មេច​ដែរ? រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើក​ឡើង​ទៀត​ថា ទូរទស្សន៍​ដែល​បាន​ផ្សាយ​គេ​បាន​ដាក់​រូបថត​លោក កែម ឡី ញញឹម​ស្រស់​មិនមែន​ដាក់​រូប​ស្លាប់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​។ ចំពោះ​បញ្ហា​នេះ​មាន​កំហុស​មួយ​ដែល​អ្នកកាសែត​បាន​ថតរូប​សព នៅ​កន្លែង​កើតហេតុ​ហើយ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។

លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រិ​ទ្ធិ បាន​បញ្ជាក់​ថា​រូបភាព​នៅ​កន្លែង​កើតហេតុ​គ្មាន​ទូរទស្សន៍​ណា​បាន​ថត​ទេ​។ តែ​ឥឡូវនេះ​មានការ​ដណ្តើម​គ្នា​ផ្សាយ​ពី​មរណភាព ឃាតកម្ម​មានការ​កើនឡើង​ច្រើន​ដែរ ក្នុង​នោះ​ព័ត៌មាន​ជាតិ មាន​ករណី​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ជាដើម​។ លោក​លើក​ឡើង​ថា​នៅ​ពេល​លោក​បាន​ជួប​អ្នកកាសែត​បរទេស​គេ​សួរ​ថា ម៉េច​បានជា​ទូរទស្សន៍​នៅ​កម្ពុជា​ផ្សាយ​តែ​រឿង​បុក​(​ចរាចរណ៍​)​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា និង​ឃាតកម្ម​ជាដើម​អីចឹង​។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​នេះ​ជា​ការ​ដេញ​តាម​ទីផ្សារ​ដែល​ខ្មែរ​យើង​ចូល​ចិត្ត​មើល​បែប​ហ្នឹង ដូចនេះ​ការ​ឲ្យ​តម្លៃ​របស់​យើង​មានការ​ថយ​ចុះ​។

ដោយសារ​តែ​ការ​រត់​តាម​ទីផ្សារ​បែប​នេះ​យើង​បែរជា​នាំ​គ្នា​មិន​ឲ្យ​តម្លៃ​វិជ្ជាជីវៈ​របស់​ខ្លួនឯង​ផង​នេះ​ជា​ការ​មិនល្អ​ទេ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​នាំ​គ្នា​ដាក់​រូប​សាកសព អ្នក​រង​គ្រោះ​វា​បាន​ធ្វើ​ឲ្យ​តម្លៃ​សារព័ត៌មាន​ធ្លាក់​ចុះ ដែល​សារព័ត៌​របស់​ខ្មែរ​វា​នៅ​អន់​កន្លែង​នេះ​។ នេះ​យើង​មិន​នាំ​គ្នា​លើកតម្កើង​ខ្លួនឯង​ទេ នេះ​វា​ដូច​ជា​យើង​នាំ​គ្នា​លោត​ចូល​ជ្រោះ​ចូល​ក្នុង​ភក់ជ្រាំ​ជាមួយ​គ្នា​។​គ្មាន​នរណា​បង្អាប់​បន្ថោក​យើង​ទេ ខ្លួន​យើង​ទេ​នាំ​គ្នា​បន្ថោកខ្លួន​យើង​៕