យោងតាមសេចក្តីប្រកាសព័តមានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WSC បានលក់ឥណទានកាបូនដំបូងរបស់គម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានទំហំផ្ទៃដីសរុប២៩២.៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney ។
ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ ។ គម្រោងដែនជម្រកសត្វព្រៃកែវសីមា ដែលស្ថិតនៅក្រោមការអនុវត្តគម្រោងរេដបូក (គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរឹលព្រៃឈើ) ត្រូវបានបង្កើតឡើងដើម្បីបញ្ចៀសការបញ្ចេញឧស្ម័នកាបូនិច១៤លានតោន សម្រាប់រយៈពេល១០ឆ្នាំនេះ ចន្លោះឆ្នាំ២០០០ដល់២០១៩ ។
ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន៥០ភាគរយត្រឹមឆ្នាំ២០២០។ ក្រុមហ៊ុន Disney បានប្តេជ្ញាចិត្តវិនិយោគក្នុងវិស័យព្រៃឈើនៅជុំវិញពិភពលោក ពីព្រោះតែប្រយោជន៍ជាច្រើនដែលព្រៃឈើបានផ្តល់ឱ្យ រាប់ចាប់ពីការស្រូបយកកាបូនរហូតដល់ការផ្តល់ជាទីជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ ។ បន្ថែមពីនេះការលក់នេះ ក៏ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសម្បូរទៅដោយប្រភេទសត្វ និងរុក្ខជាតិ ស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារសំខាន់ជាសាកល ។ ការទិញនេះ ក៏ផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរ ទៅលើការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ ។
លោកJohn Robinson នាយកផ្នែកអភិរក្សនិងជាអគ្គនាយករងផ្នែកប្រតិបត្តិការសម្រាប់ការអភិរក្ស និងវិទ្យាសាស្ត្ររបស់អង្គការWSC មានប្រសាសន៍ថា៖ «អង្គការ WCS សូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រតិបត្ដិការនេះ ដើម្បីពង្រឹងការអភិរក្សនៅកម្ពុជា និងក្រុមហ៊ុន Disney ចំពោះការសម្រេចចិត្ដប្រើប្រាស់ឥណទានកាបូនរបស់គម្រោងនេះ ដែលជាជំហានឆ្ពោះទៅមុខមួយ ដើម្បីសម្រេចគោលការណ៍របស់ខ្លួនក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ។ គម្រោងរេដបូកគឺជាយន្ដការដ៏សំខាន់មួយដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការបញ្ជៀសការកាប់បំផ្លាញ់ព្រៃឈើ ហើយសកម្មភាពរបស់រដ្ឋាភិបាល និងវិស័យឯកជន ពិតជាចាំបាច់ខ្លាំងណាស់ដើម្បីអភិរក្សតំនប់ទេសភាពដ៏អស្ចារ្យទាំងអស់នោះ ព្រមទាំងកំណត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ។ យើងសង្ឃឹមថា ក្រុមហ៊ុនផ្សេងទៀតនឹងធ្វើដូចក្រុមហ៊ុន» ។
គម្រោងដែនជម្រកសត្វព្រៃកែវសីមា ទទួលការគាំទ្រពីគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះរបស់ USAID អនុវត្ដដោយអង្គការ Winrock អន្ដរជាតិ គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ជក់ដែលបណ្ដាលមកពីការបាត់បង់ព្រៃឈើ និងការរេចរឹលនៃព្រៃឈើរបស់អង្គការសហប្រជាជាតិ (UN-REDD) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន (JICA) Norway`s International Climate and Forest Initiative (NICFI) និងសហគមន៍អឺរ៉ុប (EU) ។
ដែនជម្រកសត្វព្រៃកែវសីមា (អតីតព្រៃការពារសីមា) ផ្ដល់ទីជម្រកដល់សត្វព្រៃ និងរុក្ខជាតិជាង៦០ប្រភេទ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរងការគំរាមកំហែងឈានទៅរកការផុតពូជ ។ តំបន់នេះ ក៏មានសារសំខាន់ជាសាកលមួយសម្រាប់អភិរក្សប្រភេទសត្វពានរដូចជា ស្វាកន្ទុយស និងទោចថ្ពាល់លឿងជាដើម ពពួកខ្លា ដំរីអាសុី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត។ ដែនជម្រកសត្វព្រៃសីមា ក៏ជាការផ្ដល់ជាលំនៅឋានសម្រាប់សហគមន៍ជនជាតិភាគតិចព្នងដែលកំពុងរស់នៅ និងពឹងអាស្រ័យធនធានព្រៃឈើតំបន់នេះសម្រាប់សេដ្ឋកិច្ច វប្បធម៌ និងជំនឿសាសនា អស់រយៈពេលជាច្រើនជំនាន់មកហើយ ។ ពួគគាត់ក៏ត្រូវបានគិតគូរ និងដាក់បញ្ចូលទៅក្នុងការៀបចំ និងគ្រប់គ្រងគម្រោងផងដែរ ។
ដែនជម្រកសត្វព្រៃសីមា ក៏ដូចជាតំបន់ការពារផ្សេងទៀតក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការកាប់ឈើខុសច្បាប់ និងការកាប់ឆ្ការដីព្រៃដើម្បីធ្វើកសិកម្មទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ដើម្បីដាំកៅស៊ូជាដើម ។ គម្រោងមានគោលដៅ កំណត់បញ្ហា ធំៗទាំងអស់នេះដោយពង្រឹងការងារគ្រប់គ្រងតំបន់អភិរក្ស ព្រមទាំងធានាប្លង់កម្មសិទ្ធិដីធ្លី និងសិទ្ធិប្រើប្រាស់ធនធានព្រៃឈើសម្រាប់ប្រជាសហគមន៍ ។ បន្ថែមពីនេះទៀត កញ្ចប់សាច់ប្រាក់ទទួលបាន៥០ភាគរយ ពីការលក់ឥណទានកាបូននេះនឹងផ្តល់ជាប្រយោជន៍ដល់ប្រជាសហគមន៍តាមរយៈសកម្មភាពផ្សេងៗដូចជាគម្រោងអភិវឌ្ឍសហគមន៍ជាដើម ។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ៖ ការលក់ឥណទានកាបូនទ្រង់ទ្រាយធំដំបូងបង្អស់នៅប្រទេសកម្ពុជានេះ គឺជាផ្នែកដ៏សំខាន់នៃចក្ខុវិស័យរបស់យើងដើម្បីទទួលបាននិរន្តរភាពហិរញ្ញវត្ថុសម្រាប់តំបន់ការពារនៅក្នុងប្រទេសកម្ពុជា ។ កិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខានេះដែលនឹងផ្តល់ថវិកាសឹងតែទាំងអស់សម្រាប់ការការពារព្រៃឈើ និងការអភិវឌ្ឍសហគមន៍ ឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់យើងចំពោះការការពារព្រឈើ និងប្រជាសហគមន៍នៅកម្ពុជា » ។
ឥណទានកាបូនដែលត្រូវបានលក់នេះ ត្រូវបានគេដាក់នៅលើទីផ្សារកាបូនស្ម័គ្រចិត្ត ដែលអាចឱ្យក្រុមហ៊ុនឯកជន អង្គការ និងបុគ្គលម្នាក់ៗ បង់ប្រាក់សម្រាប់សកម្មភាពជាច្រើនដែលចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ចំនួននិងគុណភាពនៃឥណទានកាបូន ត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធត្រួតពិនិត្យឈានមុខគេចំនួន២ គឺស្តង់ដាផ្ទៀងផ្ទាត់កាបូន និងអាកាសធាតុ និងស្តង់ដាសហគមន៍ និងជីវចម្រុះ ។
ក្រសួងបរិស្ថាន នឹងរៀបចំពិធីអបអរសាទរសមិទ្ធផលដ៏សំខាន់មួយចំពោះការងារអភិរក្សព្រៃឈើនៅកម្ពុជានាពេលខាងមុខនេះ ៕
ចែករំលែកព័តមាននេះ