រាជធានីភ្នំពេញ ៖ ពលរដ្ឋជាច្រើនបានស្គាល់សហគមន៍អេកូទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមដើរកម្សាន្តជាមួយទេសភាពបែបធម្មជាតិ ប៉ុន្តែប្រហែលជាមិនទាន់ស្គាល់ថា នរណាជាអ្នកបង្កើតសហគមន៍នេះឡើង ។

តាមពិតទៅអ្នកបង្កើតសហគមន៍អូកូទេសចរណ៍នេះឡើងជាកូនចៅអ្នកស្រុក ក្នុងភូមិនោះតែម្តង ហើយលោកមានប្រវត្តិកម្សត់ឆ្លងកាត់ការតស៊ូគ្រប់បែបយ៉ាងតំាងពីកុមារភាព ទំរំាសម្រេចក្តីបំណងបានដូចពេលបច្ចុប្បន្ននេះបាន ។ លោក សូត្រ សួរ ដែលមានសប្បុរ ស្រអែម មាឌធំដំបង បានរៀបរាប់ពីមូលហេតុដែលលោកបានបង្កើតសហគមន៍ទេសចរណ៍នេះឡើងថា វាជាក្តីស្រមៃរបស់លោកតាំងពីក្មេងវយ័មកម្លេះ ។

ជាមួយទឹកមុខញញឹម លោក សូត្រ សួរ បានបញ្ជាក់ថា លោកតែងមានក្តីស្រមៃចង់ប្រែក្លាយតំបន់វាលស្រែក្នុងភូមិទៅជាតំបន់បៃតងបម្រើវិស័យទេសចរណ៍ ។ ផ្តើមពីក្តីស្រមៃនេះបានជំរុញទឹកចិត្តឱ្យលោកខិតខំតស៊ូជំនះការលំបាកសព្វបែបយ៉ាងដើម្បីសម្រេចបំណងប្រាថ្នា ។ ពោលនៅឆ្នាំ ២០២២ សហគមន៍ទេសចរណ៍បារគងភូមិខ្ញុំ បានបង្កើតឡើង ។

និយាយពីជីវិតរបស់លោកវិញ ចាប់ពីមានអាយុ ១៥ ឆ្នាំ លោក សូត្រ សួរ ចេះធ្វើការរកចំណូលជួយគ្រួសារដែលជាកសិករក្រីក្រ ។ កុមារភាពរបស់លោក គឺរៀនបណ្តើរធ្វើការបណ្តើរខុសពីក្មេងដទៃដែលគិតតែរៀនមួយមុខនោះ ។ លោកបានរំលឹកពីកុមារភាពដោយសង្ខេបថា «ជាកូនកសិករក្រីក្រ រៀនបណ្តើរខ្ញុំរកចំណូលជួយម៉ែឪបណ្តើរ ។ កាលពីកុមារភាពខ្ញុំក្រោកតាំងពីម៉ោងប្រមាណ ៣ ទៀបភ្លឺជាមួយនិងមិត្តភ័ក្តិជិះកង់ទៅសិក្សានៅសាលាដែលមានចម្ងាយពីផ្ទះជាង ៩ គីឡូម៉ែត្រ ។ ក្រៅពីការសិក្សា ឆ្លៀតទៅទិញត្រី បន្លែសាច់ យកមកលក់ បានប្រាក់ចំណេញតិចតួចសម្រាប់ការផ្គត់ផ្គង់ជីវភាពផង និងទិញសម្ភារសិក្សាផង ។ ទន្ទឹមនោះនៅពេលយប់លោកក៏មិនទំនេរដែរ គឺដើរចាប់គីង្គក់ កង្កែប ឬ រកត្រី បន្ថែមទៀត ។ លុះដល់ពេលចុងសប្តាហ៍ដែលពុំមានការសិក្សានៅសាលានោះ លោកបានទៅស៊ីឈ្នូលរែកទឹក ដកដំឡូង ជម្រះស្មៅ ច្រូតស្រូវ ស្ទូងស្រូវដើម្បីទទួលបានកម្រៃខ្លះបន្ថែមទៀត» ។

ឆ្នាំ ២០០៣ លោកបានសិក្សាក្នុងកម្រិតមធ្យមសិក្សា ។ នៅពេលនោះ លោករៀនពេលព្រឹក ចំណែកពេលរសៀល លោកបានចូលបម្រើការងារនៅក្នុងភោជនីយដ្ឋានដែលកាលណោះទទួលបានចំណូល ៣៥ ដុល្លារក្នុងមួយខែ ។ បន្ទាប់មកបានប្រកបមុខរបរជាអ្នករត់ម៉ូតូឌុប រត់រ៉ឺម៉កកង់បី (Tuk Tuk) រហូតសិក្សាចប់អនុបណ្ឌិតផ្នែកទេសចរ និងបដិសណ្ឋារកិច្ច ។ នៅឆ្នាំ ២០០៧ លោកជាស្ថានិកអង្គការមួយមានឈ្មោះថា «អង្គការមជ្ឍមណ្ឌលក្តីសង្ឃឹមថ្មីនៅកម្ពុជា» ដែលមានការគាំទ្រពីសប្បុរសជនអន្តរជាតិយ៉ាងច្រើនដូចជា អូស្ត្រាលី កាណាដា ជប៉ុន និងហូឡង់ ជាដើម ។ អង្គការខាងលើននេះបានប្តូរឈ្មោះមកជា «អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា» វិញ ។ លោក សូត្រ សួរ បានធ្វើការងារនៅអង្គការខាងលើរយៈពេល ៨ ឆ្នាំក្នុងតួនាទីអគ្គនាយកប្រតិបត្តិ ។

ដោយធ្លាប់មានបទពិសោធន៍ច្រើនជាមួយការងារក្នុងវិស័យទេសចរណ៍ រួមនឹងក្តីស្រមៃផង បានជំរុញទឹកចិត្តលោកឱ្យបង្កើតសហគ មន៍ទេសចរណ៍ឡើង ។ «ខ្ញុំបានមើលឃើញពីសក្តានុពេលទេសចរណ៍នៅក្នុងតំបន់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយស្រប ពេលដែលរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរ ខេត្តសៀមរាប កំពុងខិតខំជំរុញឱ្យមានផលិតផលទេសចរណ៍ក្នុងស្រុក បន្ថែមផងនោះ ខ្ញុំបានសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមូលមតិគ្នាបង្កើតឱ្យមាន «សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ» មួយនេះឡើងដោយចាប់ផ្ដើមរៀបចំបន្តិចម្ដងៗ តាំងពីឆ្នាំ ២០១០ មកម្ល៉េះរហូតដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២០ សហគមន៍ទេសចរណ៍ក្នុងក្ដីស្រម៉ៃត្រូវបានបង្កើតឡើងជាផ្លូវការ» ។

លោក សូត្រ សួរ បានឱ្យដឹងបន្តថា ក្រោយពេលបង្កើតសហគមន៍បាន លោកនឹងក្រុមការងារខិតខំពង្រីកផលិតផលទេសចរណ៍ជា បន្តបន្ទាប់ ទំាងការតុបតែង រចនាទីតាំង សម្រាប់ភ្ញៀវដើរលេងកម្សាន្តឱ្យកាន់តែមានភាពទាក់ទាញរៀបចំដាំដើមឈើ និងរុក្ខជាតិជាង ២០០ ប្រភេទធ្វើជាសួន ដែលបានដាំដើមឈើសរុបចំនួន ៨១៣២ ដើម មានដូចជាប្រភេទឈើផ្កាព្រៃ មានក្លិនពិដោរក្រអូបឈ្ងុយឈ្ងុប និងមានភាពស្រស់បំព្រង ពណ៌បៃតងខៀវស្រងាត់ ដែលបង្កបរិយាកាសល្អសម្រាប់ភ្ញៀវទេសចរក្នុងការគយគន់ទេសភាព ។ លោក សូត្រ សួរ ថាដើម្បីសម្រេចក្តីប្រាថ្នាគ្មានអ្វីក្រៅពីការតស៊ូនោះទេ ។ តស៊ូព្យាយាម និងខិតសំសិក្សាបានធ្វើឱ្យលោកសម្រេចក្តីបំណង ។

គួរជម្រាបថា ក្រៅពីមានទេសភាពស្រស់ស្អាតហើយ សហគមន៍បាគងភូមិខ្ញុំ មានបឹងតូចមួយនៅកណ្ដាលសហគមន៍ មានទូកសម្រាប់អ្នកទេសចរជិះកម្សាន្ត ស្ទួចត្រីលេង ហើយពេលយប់អាចដាក់បង្កៃសន្ទូច ដាក់មង ឆ្លុះត្រីថែមទៀតផង ក្រៅពីមានកម្មវិធីទេសចរណ៍ វប្បធម៌ប្រចាំថ្ងៃដោយមានរទេះគោជិះលេងកម្សាន្តជុំវិញសហគមន៍ អាំងត្រី-សាច់, ដុតពោត-ដំឡូង និងទិញបន្លែ ផ្លែឈើ ជាដើមនោះ ៕
ចែករំលែកព័តមាននេះ