ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! ស្រី​ស្អាត​មួយ​ដួង​ថត​រឿង​ក្នុង TikTok រំពឹង​រឿង​មួយ​ក្រោយ​លេចមុខ​ក្នុង​រឿង​ដំបូង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​រូប​ស្រស់​កញ្ញា ខន សូ​រិ​យា បាន​បង្ហាញមុខ​សម្តែង​នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព​របស់​នាង បន្ទាប់​តារា​រូប​នេះ ទទួល​បានការ​ចាប់​អាម្ម​ណ៍​ពី​មហាជន​យ៉ាងច្រើន តាម​រយៈ​ការ​ថត​រឿង​ខ្លី​ៗ​បង្ហោះ​តាម​បណ្តាញ​សង្គម TIK TOK ដែល​នេះ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ កាន់តែ​ទទួល​បាន​​ប្រជាប្រិយភាព​បន្ថែម​ទៀត​នៅ​ក្នុង​ពិភព​សិល្បៈ​។

ឱកាស​បាន​ចេញ​មុខ​តាម​រយៈ​ខ្សែភាពយន្ត​លើក​ដំបូង​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត ខន សូ​រិ​យា រំពឹង​ថា រូប​នាង​នឹង​មានឱកាស​សម្តែង​តួ​ធំ​បន្ថែម​ទៀត​នា​ពេល​អនាគត ត្បិត​ការ​សម្តែង​នេះ​គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង​តាំងពី​កុមារភាព ខណៈ​ពេល​ដែល​នាង​បាន​និង​កំពុង​ដុះខាត់​នូវ​ទេព​កោសល្យ​សម្តែង​របស់​ខ្លួន​បន្ថែម​ទៀត​តាម​រយៈ​វី​ដេ​អូ​ធូ​យូ​ប​។

ទស្សនិកជន​ដែល​និយម​តាមដាន​ខ្សែភាពយន្ត​ភាគ​ខ្មែរ ប្រាកដជា​បាន​ស្គាល់​ច្បាស់​ពី​តារា​សម្តែង​ស្រី​ស្អាត ខន សូ​រិ​យា តាម​រយៈ​តួ​នាង​រី​ណា ក្នុង​រឿង «​មន្ត​ស្នេហ៍​អ្នកគ្រូ​ពេទ្យ​ឆ្នាស់​» ដែល​កំពុង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ CTN ដែល​ខ្សែភាពយន្ត​នេះ នាង​ជា​តួរង បន្ទាប់​ពី​តួឯក គឺ​កញ្ញា សាន កុស​មៈ ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​កញ្ញាឯក​សង្ក្រាន្ត​ឆ្នាំ​២០២១​។

ជា​និស្សិត​ទើបតែ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​កញ្ញា ខន សូ​រិ​យា បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នាង​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​មានឱកាស​បង្ហាញ​វត្តមាន​សម្តែង​ជា​លើក​ដំបូង​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «​មន្ត​ស្នេហ៍​អ្នកគ្រូ​ពេទ្យ​ឆ្នាស់​» ដែល​កំពុង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ។

នាង​បញ្ជាក់​ថា តាំងពី​តូច​មក នាង​មាន​ចំណង់​ចំណូលចិត្ត​នូវ​ការ​សម្តែង​នេះ​ផង​ដែរ ប៉ុន្តែ​នាង​គ្មាន​ឱកាស ដោយ​នាង​គ្រាន់តែ​អាច​សម្តែង​ថត​រឿង​ខ្លី​ៗ​បង្ហោះ​តាម​បណ្តាញ​សង្គម TIK TOK តែ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​ឃ្លី​ប​វី​ដេ​អូ​ដែល​ក្រុម​របស់​នាង​សម្តែង​នោះ ក៏​ទទួល​បានការ​និយម​ចូល​ទស្សនា​ជា​ច្រើន​ពី​បណ្តា​អ្នកលេង​អ៊ី​ន​ធើ​រ​ណែ​ត​ផង​ដែរ​។

នាង​បន្ត​ថា ដោយសារ​ការ​មើលឃើញ​ពី​ការ​សម្តែង​ខាងលើ​នេះ​ហើយ ទើប​ផលិតកម្ម Studio4 មានការ​ចាប់អារម្មណ៍ ក៏​ហៅ​នាង​ឲ្យ​មក​ធ្វើតេស្ត​សម្តែង​តួ​នាង រី​ណា ក្នុង​រឿង «​មន្ត​ស្នេហ៍​អ្នកគ្រូ​ពេទ្យ​ឆ្នាស់​» នេះ​តែ​ម្តង ខណៈ​ពេល​ដែល​ការ​ធ្វើតេស្ត​តួ​នា​ពេល​នោះ គឺ​នាង​ក៏​បាន​ជាប់ ដោយសារ​នាង​អាច​សម្តែង​ទៅ​តាម​តួអង្គ​ដែល​ផលិតករ​ចង់បាន​។

តារា​សម្តែង​ដែល​មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ ស្រី​ស្អាត ខន សូ​រិ​យា បាន​លើក​ឡើង​បន្ថែម​ថា កន្លង​មក នាង​មិន​បាន​ចូល​ហាត់​រឿ​ន ឬ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​អ្វី​នោះ​ឡើយ ប៉ុន្តែ​ដោយសារ​និស្ស័យ​ចូល​ចិត្ត​ខាង​សម្តែង​នេះ បាន​ធ្វើ​ឲ្យ​នាង​តែងតែ​ដុះខាត់​ការ​សម្តែង​របស់​ខ្លួន​តាម​រយៈ​ការ​មើល​យូ​ធូប ហើយ​ពេល​សម្តែង​នោះ​ក៏​ទទួល​បានការ​បង្ហាត់បង្ហាញ​ពី​ផលិតករ​ផង​ដែរ​។

តែ​យ៉ាងណា នាង​ទទួលស្គាល់​ថា ការ​សម្តែង​លើក​ដំបូង​នេះ នាង​ពិតជា​មានការ​ពិបាក​ច្រើន ប៉ុន្តែ​ដោយសារ​ជួយ​ជ្រោមជ្រែង​ពី​អ្នកដឹកនាំ​រឿង ទើប​ធ្វើ​ឲ្យ​នាង​សម្រេច​បាន​លទ្ធផល​នៃ​ការ​សម្តែង​រឿង​ខាងលើ​នេះ​រហូត​បាន​ដល់​ចប់ និង​ទទួល​បានការ​លើក​សរសើរ​ពី​អ្នកដឹកនាំ​រឿង​ខ្លះ​ៗ​ផង​ដែរ​។

ទោះជា​យ៉ាងណា តារា​សម្តែង​ដែល​មាន​វ័យ​២៤​ឆ្នាំ កញ្ញា ខន សូ​រិ​យា បាន​សម្តែង​ក្តី​រំពឹង​ថា ទៅ​ថ្ងៃ​អនាគត​នាង​ក៏​មិន​ប្រាកដ​ខ្លួនឯង​ដែរ​ថា នឹង​អាច​ប្រឡូក​ក្នុង​សិល្បៈ​ឲ្យ​បាន​ពេញដៃ​នោះ​ឡើយ ប៉ុន្តែ​ប្រសិនបើ​មានឱកាស​ម្តែ​ង​តួ​ធំ​ថ្មី​បន្ថែម​ទៀត​នោះ នាង​នឹង​ឆក់​ឱកាស​នេះ ដើម្បី​ចាប់​អាជីព​សិល្បៈ​នេះ​បន្ត​ទៀត​នា​ពេល​អនាគត​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្នេហា​វិញ តារា​សម្តែង​ស្រស់​ស្អាត ខន សូ​រិ​យា ហាក់​មិន​ចង់​បើក​កកាយ​បញ្ហា​ផ្ទាល់ខ្លួន​របស់​នាង​ឡើយ ពោល​គឺ​នាង​សុំ​លាក់​ទុក​សិន ព្រោះ​បច្ចុប្បន្ន​នាង​ចង់​ពង្រឹង​ខ្លួនឯង​ឲ្យ​កាន់តែ​រឹង​មាំ​ជាង​នេះ​ថែម​ទៀត ទាំង​អាជីព​ការងារ និង​សម្តែង ខណៈ​ពេល​ដែល​នាង​ក៏​នៅ​មាន​វ័យ​នៅ​ក្មេង​នៅឡើយ​៕