ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញអង់គ្លេស បង្ហាញការរំពឹងថា ប្រដាល់​សកល​កម្ពុជា នឹងមានសន្ទុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិកីឡាប្រដាល់សកល បានបិទបញ្ចប់​ កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពី​ដំណើរការអស់ ៣ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោម​ជំនួយថវិកាគាំទ្ររបស់ក្រសួងអប់រំ…

ភ្នំពេញ៖ ​វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិកីឡាប្រដាល់សកល បានបិទបញ្ចប់​ កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពី​ដំណើរការអស់ ៣ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោម​ជំនួយថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ គ្រូបង្វឹកជនជាតិអង់គ្លេស លោក RUSSELL STUTELY ដែលមកជួយបណ្ដុះបណ្ដាល បានបង្ហាញការរំពឹងយ៉ាងខ្លាំងថា កីឡាប្រដាល់សកលកម្ពុជា នឹងកាន់តែ​មានការរីកចំរើន។

លោក RUSSELL STUTELY ដែលជាអ្នកជំនាញផ្នែកប្រដាល់សកល បានលើកឡើងថា ក្រោយការបង្វឹកជំនាញ​ដល់គ្រូបង្វឹកប្រចាំសហព័ន្ធ គឺលោកកាន់តែមើលឃើញច្បាស់ថា គ្រូបង្វឹក ដែលទើបបញ្ចប់ការទទួលការ​បណ្ដុះបណ្ដាលនេះ គឺពិតជាយកទៅអនុវត្តន៍ដល់សិស្សជម្រើសជាតិបានល្អ សម្រាប់ត្រៀមស៊ីហ្គេមខាងមុខ។

លោកថា គ្រូបង្វឹក និង អ្នកទទួលខុសត្រូវកីឡាករ គឺជាអ្នកកាច់ចង្កូតដ៏ខ្លាំង ដូច្នេះតាមរយៈភាពខ្លាំង ដែលគ្រូបង្វឹកម្នាក់ៗ ក្ដាប់បានពីការបង្វឹកនេះ គឺច្បាស់ណាស់ពិតជាធ្វើអោយកីឡាករ​ក៏ងាយស្រួលក្នុងការពង្រឹងសមត្ថភាព និងមានឱកាសច្រើនក្នុងការដណ្ដើមយកមេដាយនៅឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបន្ទុកប្រធាន​គ្រប់គ្រងវគ្គនេះគូសបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចូលរួមសរុប ២០នាក់ជាគ្រូបង្វឹកនៅតាមបណ្តាក្លិប​កីឡាប្រដាល់សកលនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ កំពត និងសៀមរាប។

គ្រូឧទ្ទេសមាន លោក RUSSELL STUTELY គ្រូបង្វឹកប្រដាល់សកល អន្តរជាតិបង្រៀនលើផ្នែកបច្ចេកទេស​សំខាន់ៗ​ នៃការបង្វឹក បទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល និងតួនាទីរបស់គ្រូបង្វឹក។ ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ គឺគ្រូបង្វឹកចំនួន៧នាក់ទទួលបាននិទ្ទេសល្អ និង១៣នាក់ល្អបង្គួរ។

ប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលរូបនេះបន្ថែមថា តាមការសន្និដ្ឋានជារួម សិក្ខាកាមទាំងអស់បានបង្ហាញ​ស្មារតីចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ និងការអនុវត្តផ្ទាល់ស្តីពីវិធីសាស្ត្របង្វឹក។

លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញ​ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ និងសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ដែលខិត​ខំពង្រឹងគុណភាព និងបន្តការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលឲ្យកាន់តែរីកចម្រើនបន្ថែម ជាពិសេសសម្រួច​គោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង​របស់កម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡាតែងតែផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិនានា ក្នុងនោះសហព័ន្ធកីឡា​ប្រដាល់​សកលកម្ពុជា ក៏ទទួលបានថវិកាគាំទ្រដូចគ្នាផងដែរ ដោយប្រើប្រាស់លើ៣មុខសញ្ញាសំខាន់ៗដូចជា ផ្នែករដ្ឋបាល២០% វគ្គបណ្តុះបណ្តាលបច្ចេកទេស ៣៥% និងការប្រកួតជើងឯកថ្នាក់ជាតិ ៤៥%។

ជាមួយគ្នានោះ ក្នុងនាមនាយកដ្ឋានអប់រំកាយ និងកីឡា លោកបានស្នើឲ្យគ្រូបង្វឹកទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំ​សហព័ន្ធប្រដាល់សកលគប្បីប្រឹងប្រែងសម្រួចបច្ចេកទេសរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ តាមរយៈការប្រជែងមេដាយជូនជាតិ និងទទួលរៀបចំឲ្យទទួលបានកិត្តិយសជាតិ ដែលជារឿងសំខាន់បំផុត តាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានចាត់ទុកថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិនេះពិតជាមានសារៈសំខាន់ណាស់ ដែលគ្រូបង្វឹកប្រដាល់សកលកម្ពុជា ទទួលបានចំណេះដឹងថ្មីៗបន្ថែមពីគ្រូឧទ្ទេសប្រចាំវគ្គ គឺលោក RUSSELL STUTELY ដែលគ្រូកម្រិតអន្តរជាតិ។

លោកប្រធានសហព័ន្ធបានដាក់ក្តីរំពឹងខ្ពស់ថា តាមរយៈសមិទ្ធផលថ្មីនេះគ្រូបង្វឹកទាំងអស់ នឹងយកចំណេះដឹងទាំងនេះ ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា ឲ្យមានគុណភាពកាន់តែខ្ពស់ ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំ ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ