ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហត្ថា​កសិករ លីមីត​ធី​ត ទទួល​វិញ្ញាបនបត្រ​គោលការណ៍​ការពារ​អតិថិជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ដើមខែ​កក្កដា​ឆ្នាំ​២០១៦ ហត្ថា​កសិករ លីមីត​ធី​ត ទទួល​បាន​វិញ្ញាបនបត្រ «​គោលការណ៍​ការពារ​អតិថិជន​» ជា​ផ្លូវការ​ពី Smart Campaign បន្ទាប់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​ដើមខែ​កក្កដា​ឆ្នាំ​២០១៦ ហត្ថា​កសិករ លីមីត​ធី​ត ទទួល​បាន​វិញ្ញាបនបត្រ «​គោលការណ៍​ការពារ​អតិថិជន​» ជា​ផ្លូវការ​ពី Smart Campaign បន្ទាប់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នេះ បាន​បំពេញ​គ្រប់​គោលការណ៍​ទាំង​ប្រាំពីរ ក្នុង​លក្ខខណ្ឌ​ស្តង់ដារ​នៃ​ការ​ថែរក្សា​អតិថិជន ។ គម្រោង​នេះ ទទួល​បានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ក្រោម​ការ​អនុវត្ត​គម្រោង​ដោយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ។

គោលការណ៍​ការពារ​អតិថិជន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ថែរក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ លើក​ស្ទួយ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗ ព្រមទាំង​ការពារ​អតិថិជន​ឲ្យ​ចៀស​ផុត​ពី​បំណុល​វ័ណ្ឌ​.​ក ។

លោកស្រី Isabelle Barrès នាយក​នៃ Smart Campaign បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ស្មោះ​អស់ពី​ចិត្ដ​ចំពោះ​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ទាំងអស់ ដែល​បាន​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​បំពេញ​ទៅ​តាមសូចនាករ​ដែល​គ​ម្រោ​នេះ​បាន​កំណត់ ប្រកបដោយ​ឆ​ន្ទះ​ខ្ពស់​ចំពោះ​អតិថិជន​របស់​ខ្លួន​។ សកម្មភាព​ទាំង​អស់នេះ វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​លើ​ការ​ការពារ​អតិថិជន ដែល​ជា​កត្តា​ជោគជ័យ​ដ៏​សំខាន់​មួយ​ចំពោះ​ហត្ថា​កសិករ និង​ជា​គំរូ​ល្អ​នៃ​ការ​អភិវឌ្ឍ​ថ្មី​មួយទៀត​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ ។

វិញ្ញាបនបត្រ «​គោលការណ៍​ការពារ​អតិថិជន​»​របស់​Smart Campaign​នេះ ទទួលស្គាល់​ជា​សាកល និង​ផ្តល់​ជូន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​បាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដោយ​ប្រកាន់ខ្ជាប់​នូវ​សូចនាករ​ចំនួន​ជាង​៩០​នៃ​គោលការណ៍​ការពារ​អតិថិជន​ទាំង​ប្រាំពីរ​រួម​មានការ​បង្កើត​ផលិតផល និង​ផ្តល់​សេវាកម្ម​សម​ស្រប ការពារ​បំណុល​វ័ណ្ឌ​.​ក តម្លាភាព ទំនួល​ខុស​ត្រូវ​លើ​តម្លៃ ភាព​ស្មើគ្នា និង​ការ​គោរព​ចំពោះ​អតិថិជន ឯកជន​ភាព​នៃ​ព័ត៌មាន​អតិថិជន  និង​យន្តការ​ដោះស្រាយ​ការ​រអ៊ូរទាំ ។ 

ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត លោក​ឧកញ៉ា ហួត អៀង​តុង បាន​ថ្លែង​ថា​៖«​ការ​ការពារ​អតិថិជន ជា​កត្តា​ចម្បង​ដែល​យើង​តែងតែបាន​និង​កំពុង​យកចិត្តទុកដាក់ ប៉ុន្តែ​ការ​សម្រេច​គោលដៅ​ទទួល​បាន​វិញ្ញាបនបត្រ​នេះ មាន​ន័យ​យ៉ាង​ច្បាស់​ថា ការ​ការពារ​អតិថិជន​របស់​គ្រឹះស្ថាន​យើង​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល ។ យន្តការ​ទាំងនេះ ហត្ថា​កសិករ​បាន​បន្ត​អនុវត្ត​រៀងរាល់ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផ្នែក​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​» ។ លោក​បាន​បន្ថែម​ទៀត​ថា​៖« ខ្ញុំ​សូម​កោតសរសើរ​ឥត​ឧបមា​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​សហការ​គ្នា​ជា​ធ្លុង​មួយ​របស់​បុគ្គលិក​ហត្ថា​កសិករ លីមីត​ធី​ត ទាំងអស់​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ឈាន​ទៅ​សម្រេច​បាន​នូវ​វិញ្ញាបនបត្រ​ដែល​ផ្តល់​កិត្យានុភាព​ដល់​ស្ថាប័ន ។​ភាព​ជោគជ័យ​នេះ​ជា​កំណត់​ត្រា​ប្រ​វ​តិ្ត​សាស្ដ្រ ថ្មី​មួយ​បន្ថែម​ទៀត​របស់​ហត្ថា​កសិករ​ក្នុង​ការ​បង្ហាញ​ឲ្យ​អតិថិជន សាធារណ​ជន និង​ម្ចាស់​ទុ​និក មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​ស្ថាប័ន ក្នុង​ការ​ថែរក្សា​អតិថិជន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ វិញ្ញាបនបត្រ​នេះ ទើបតែ​បាន​ផ្តល់​ជូន​ដល់​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ​ប្រាំមួយ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ហត្ថា​កសិករ លីមីត​ធី​ត​ផង​ដែរ ស្រប​ពេល​ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​កំពុង​តែ​ព្យាយាម​ខំប្រឹង​ប្រែង បំពេញ​តាម​លក្ខខណ្ឌ​ដែល​គម្រោង​នេះ​តម្រូវ​» ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០​ខែមិថុនា​ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មី​ៗ​នេះ ហត្ថា​កសិករ​មាន​ការិយាល័យ​ប្រតិបត្តិ​ចំនួន​១៥៣​ការិយាល័យ​នៅ​ទូ​ទាំង​ប្រទេស និង​មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម​១២៣​កន្លែង​គ្រប់​ខេត្ត​ក្រុង ។ សមតុល្យ​ឥណទាន​ជាង​៣៩៤​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​អតិថិជន​ប្រាក់​កម្ចី​ចំនួន​ជាង​១១​ម៉ឺន​នាក់ និង មាន​សមតុល្យ​ប្រាក់​បញ្ញើ​-​សន្សំ​ជាង​២៩៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អតិថិជន​កំពុង​ដាក់​ប្រាក់​បញ្ញើ​ជាង​២២​ម៉ឺន​នាក់ ។  ជាមួយ​គ្នា​នេះ ហត្ថា​កសិករ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​៥១៧ លាន​ដុល្លារ​អា​មេ​រិ​ក ៕