ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសភាពព្រៃភ្នំ នៅតំបន់ព្រំដែនកម្ពុជា-ថៃ អមដោយទឹកអូររឹមៗ រង់ចាំអ្នកទេសចរ

2 ឆ្នាំ មុន
  • ប៉ៃលិន

 ខេត្តប៉ៃលិន​៖ នៅពេលព្រឹក បើគេធ្វើដំណើរចេញពីកណ្តាលក្រុងប៉ៃលិន ក្នុងទិសដៅពីកើត ឆ្ពោះទៅខាងលិច ឈៀងខាងត្បូង ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ នឹងទៅដល់កន្លែងមួយ ជាប់នឹងព្រំដែនកម្ពុជា-ថៃ…

 ខេត្តប៉ៃលិន​៖ នៅពេលព្រឹក បើគេធ្វើដំណើរចេញពីកណ្តាលក្រុងប៉ៃលិន ក្នុងទិសដៅពីកើត ឆ្ពោះទៅខាងលិច ឈៀងខាងត្បូង ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ នឹងទៅដល់កន្លែងមួយ ជាប់នឹងព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចធុរ៉េន ២ដើម ក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នៅទីនោះ គេសង្កេតឃើញទេសភាពធម្មជាតិ សម្រស់ព្រៃភ្នំ នៅតំបន់នោះ បញ្ចេញពណ៌ខៀវស្រងាត់ អមទៅដោយទឹកអូរ​ហូររឹមៗ ឥតដាច់ ធ្លាក់មកពីប្រទេសថៃ ថែមទាំងស្តាប់ឮសំឡេងសត្វរៃកណ្តឹងយំត្រសងគ្នា ចុះឡើងៗ បន្ទរទៅដោយសំឡេងសត្វចាប និងសត្វតាវ៉ៅ ស្រែកយំឆ្លងឆ្លើយគ្នា កងរំពងពេញព្រៃ។ ធម្មជាតិទាំងនេះ អង្រួនបេះដូងភ្ញៀវទេសចរ និងអ្នកភូមិ ឱ្យអណ្តែតអណ្តូង នឹកឃើញរឿងរ៉ាវមួយចំនួនពីអតីតកាល។

លើសពីនេះ ទិដ្ឋភាពព្រៃភ្នំ​ ដោយផ្ការុក្ខជាតិខ្លះ ពណ៌ស ខ្លះពណ៌ក្រហមលាយលឿង បានពញ្ញាក់អារម្មណ៍អ្នកដំណើរឱ្យភាំ​ងស្មារតី ខណ:ក្រឡេកមើលទៅសម្រស់រុក្ខជាតិតំបន់ព្រំដែន ដូចជា សួនច្បារ ដែលគេថែទាំអស់​រយ:ពេលជាយូរ​រាប់រយឆ្នាំមកហើយ។

ម្យ៉ាងវិញទៀត ពេលគេធ្វើដំណើរនៅតាមផ្លូវលំក្បែរដងព្រៃភ្នំនេះ មានការសប្បាយរីករាយ បំបាត់នូវក្តីកង្វល់ ផ្តល់នូវថាមពល​បន្ថែមទៀត ទោះបីជានៅវេលាថ្ងៃត្រង់ ផ្ទៃមេឃហាក់ដូចជាក្តៅបន្តិច លុះពេលអ្នកដំណើរចូលទៅជ្រកក្រោមម្លប់ដើម​ឈើទាំងនោះ ត្រជាក់ស្រេប គួបផ្សំនឹងខ្យល់បក់រំភើយ។

​ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ហាន ភេទប្រុស អាយុប្រមាណ ៦០ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក៏ដូចជាថ្ងៃឈប់សម្រាកបុណ្យទានផ្សេងៗ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន នាំគ្នាបើកបរម៉ូតូ និងរថយន្ត ចេញពីភូមិផ្សារព្រំ និងភូមិនានា ក្នុងក្រុងប៉ៃលិន មក​ដើរលេងកម្សាន្តមើលទេសភាពព្រៃភ្នំ ក្បែរផ្ទះរបស់គាត់ ក្រោយពីស​ម្រាកការងាររាជការ និងមុខរបររកទទួលទានផ្សេងៗ។

គាត់បន្តទៀតថា ព្រៃឈើទាំងនេះ ពិតជាផ្តល់ប្រយោជន៍ច្រើន សម្រាប់មនុស្សយើង ជាពិសេសបញ្ចេញពណ៌ខៀវខ្ចី ទាក់ភ្នែកភ្ញៀវទេសចរ ជាកន្លែងសម្រាប់ឱ្យសត្វគ្រប់ប្រភេទរស់នៅចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ថែមស្រែកហ៊ោកញ្ច្រៀវខ្ញៀវ​ខ្ញាពេញព្រៃ និងផ្តល់ម្លប់ដ៏ត្រជាក់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តឱ្យនឹកឃើញនូវអនុស្សាវរីយ៍ ដោយអ្នកខ្លះថតសែលហ្វី ទុកសម្រាប់មើលលេងនៅថ្ងៃក្រោយ ឬបង្ហោះហ្វេសប៊ុក ជាដើម។

ចំណែកទឹកអូរព្រំដែនកម្ពុជា ថៃ ហូររេញៗ ឥតដាច់ មានពណ៌ថ្លាយង់ សម្បូរទៅដោយហ្វូងមច្ឆាតូចធំ ដែលហែលលេងខ្វែង​ខ្វាត់ ពេលស្ងាត់មនុស្ស។ ទឹកអូរនេះ មិនធ្លាប់រីងស្ងួតនោះឡើយ ពោលគឺហូរចូលស្ទឹងបរយ៉ាខាខួបប្រាំងវស្សា ដែលជា​អំណោយ​ផល សម្រាប់កសិករ មានដីចម្ការនៅក្បែរមាត់អូរ អាចនាំគ្នាបូមទឹកស្រោចស្រពដំណាំដាំដុះរបស់ខ្លួនយ៉ាង​ងាយស្រួល។ លើសពីនេះ ពេលគេចុះទៅងូតលេង គឺត្រជាក់​កាយ សប្បាយចិត្ត បំបាត់នូវភាពហ្មងសៅផ្សេងៗ ថែមទាំង​ផ្តល់នូវថាមពល ក្នុងខ្លួន ១ក្រមិតទៀតផង៕ ​នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ