ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លឹង​មើល​ជំនួយ​អា​មេ​រិ​ក​ជាង​1000​លាន​ដុល្លារសម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ជាង​20​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស ក៏​ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​បាន​និង​កំពុង​តែ​ផ្តល់​ជំនួយ​ទាំង​ផ្នែក​ថវិកា និង​បច្ចេកទេស​មក​ដល់​ប្រទេស​កម្ពុជា ។ ក្នុង​នោះ ក៏​មាន​ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​អន្តរជាតិ​របស់​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ ប្រទេស ក៏​ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​បាន​និង​កំពុង​តែ​ផ្តល់​ជំនួយ​ទាំង​ផ្នែក​ថវិកា និង​បច្ចេកទេស​មក​ដល់​ប្រទេស​កម្ពុជា ។ ក្នុង​នោះ ក៏​មាន​ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​អន្តរជាតិ​របស់​អា​មេ​រិ​ក (U.S. Agency for International Development) ដែល​ហៅ​កាត់​ថា USAID ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ផង​ដែរ ។

លោកស្រី រ៉េ​បេ​កា ប្ល៊េ​ក (Rebecca Black) នាយិកា​បេសកកម្ម​នៃ USAID ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ USAID បាន​ផ្តល់​ជំនួយ​ជា​ច្រើន​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា ដែល​កញ្ចប់​ថវិកា​ទាំងនេះ គឺ​បាន​មក​ពី​ការ​បង់ពន្ធ​របស់​ប្រជាជន​អា​មេ​រិ​ក ។

លោកស្រី រ៉េ​បេ​កា បាន​បញ្ជាក់​ថា ៖ «​មូលហេតុ​ដែល USAID បាន​ចាប់ផ្តើម​ដំណើរការ​ជំនួយ​មក​កាន់​កម្ពុជា គឺ​ដោយសារ​តែ​កម្រិត​ការ​អភិវឌ្ឍ​របស់​ប្រជាជន​កម្ពុជា​មាន​កម្រិត​ទាប​នៅឡើយ និង​ដោយសារ​តែ​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រជាជន​អា​មេ​រិ​ក និង​ប្រជាជន​កម្ពុជា ហើយ​តាំងពី​ឆ្នាំ​១៩៩២​មក USAID បាន​ផ្តល់​ជំនួយ​មក​កម្ពុជា​ច្រើន​ជាង​មួយ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក » ។

ចំពោះ​កញ្ចប់​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ USAID បាន​បែងចែក​ជា​គម្រោង​ច្រើន​ផ្សេង​ៗ​ពី​គ្នា​សម្រាប់​ជួយ​គាំទ្រ​ដល់​វិស័យ​នានា​នៅ​កម្ពុជា រួម​មាន វិស័យ​សុខាភិបាល វិស័យ​​អប់រំ វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង ការ​គាំទ្រ​ដល់​គោលនយោបាយ​អភិបាលកិច្ច​ល្អ ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស យុទ្ធនាការ​បោសសម្អាត​គ្រាប់​មីន​ដែល​មិន​ទាន់​ផ្ទុះ និង​ហេដ្ឋារចនាសម្ព័ន្ធ ។

ក្នុង​ចំណោម​វិស័យ និង​គម្រោង​ទាំងអស់ ប្រមាណ​ជា​ពាក់កណ្តាល​នៃ​ថវិកា​សរុប គឺជា​ជំនួយ​សម្រាប់​វិស័យ​សុខាភិបាល​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ជំងឺអេដស៍ កាមរោគ សុខភាព​មាតា​និង​ទារក និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ជាដើម ។

លោកស្រី​បាន​លើក​ឡើង​ថា ៖ « កម្ពុជា​ពិតជា​ប្រទេស​ដ៏​ល្អ​មួយ​សម្រាប់​ជំនួយ​អភិវឌ្ឍន៍ ព្រោះ​ដំណើរការ​អភិវឌ្ឍន៍​មាន​សន្ទុះ​លឿន ហើយ​មាន​សមិទ្ធផល​ជា​រួម​ជា​ច្រើន​ស្ទើរ​គ្រប់​វិស័យ ដែល​យើង​ទទួល​បាន​ក្នុង​ដំណើរ​បេសកកម្ម​ជាង​២០​ឆ្នាំ​មកនេះ » ។

ក្នុង​កិច្ចការ​ជំនួយ​អភិវឌ្ឍន៍​នេះ USAID បាន​និង​កំពុងធ្វើការ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ផ្នែក​គោលនយោបាយ​យុទ្ធសាស្ត្រ និង​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​លើ​វិស័យ​មួយ​ចំនួន​ធំ ហើយ​ទន្ទឹម​នឹង​នេះ USAID ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ។

លោកស្រី រ៉េ​បេ​កា បាន​ថ្លែង​ថា ៖ «​គោលបំណង​សំខាន់​របស់ USAID គឺ​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ ជា​ពិសេស គឺ​ធន​ធាន​មនុស្ស ដែល​វា​នឹង​ជួយ​ឲ្យ​ប្រទេស​មួយ​នេះ​មានការ​រីក​ចម្រើន​លឿន និង​ជួយ​គាំទ្រ​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ផង​ដែរ » ។

លោកស្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា វត្តមាន​របស់ USAID គឺ​មិន​អាច​ស្ថិតស្ថេរ​នៅ​កម្ពុជា​ជា​រៀង​រហូត​នោះ​ទេ ។ ដូច្នេះ​ហើយ​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​អភិវឌ្ឍន៍​ផ្សេង​ទៀត​របស់ USAID គឺ​បង្កើន​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ដោយ​ខ្លួនឯង ។

ក្រោយ​ពី​ដំណើរ​បេសកកម្ម​ជាង​២០​ឆ្នាំ​មកនេះ USAID និង​ប្រទេស​កម្ពុជា​បាន​រួម​គ្នា​បង្កើត​បាន​សមិទ្ធផល​ជា​ច្រើន​លើ​ស្ទើរ​គ្រប់​វិស័យ ដូច​ជា ការ​លុប​បំបាត់​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា និង​ការ​លុប​បំបាត់​ការ​កើត​មាន​ថ្មី​នៃ​អ្នក​ជំងឺអេដស៍​ជាដើម ។

លោកស្រី រ៉េ​បេ​កា បាន​អះអាង​ថា ៖ «​យើង​ភាគច្រើន​មាន​ភាព​រីករាយ និង​ពេញចិត្ត​ចំពោះ​សមិទ្ធផល​ទាំង​អស់នេះ ជា​ពិសេស គឺ​វិស័យ​សុខាភិបាល តែ​យើង​ក៏​នៅ​តែ​មានរឿង​ដែល​ត្រូវធ្វើ​ជា​ច្រើន​ផ្សេង​ទៀត ហើយ USAID នឹង​នៅ​តែ​បន្ត​ពិភាក្សា​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​អ្វី​បន្ត​ទៀត » ៕