រាជធានីភ្នំពេញ ៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដែលសាងសង់អស់ថវិកា ១ លានដុល្លារ មានលទ្ធភាពទទួលនាវាទេសចរណ៍ធំៗចូលចតចំនួន ៣ គ្រឿង ដែលក្នុង ១ គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន ១៥០ នាក់ ។ គេរំពឹងថា កំពង់ផែនេះនឹងចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋនៅក្នុងខេត្តទេសចរណ៍មួយនេះមួយកម្រិតទៀត ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាម្ចាស់គម្រោងនេះលើកឡើងថា កំពង់ផែទេសចរណ៍កែប-កោះទន្សាយ នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្ត្រឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែម ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា រដ្ឋាភិបាលគ្រោងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយ នេះ មានសកម្មភាពកាន់តែមានភាពមមារញឹក ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា កំពង់ផែទេសចរណ៍កែបនេះនឹងមានន័យថា ជាការភ្ជាប់ពីខេត្តកែបទៅកាន់កោះ ហើយនេះជាការលើកទឹកចិត្តជំរុញឱ្យភ្ញៀវទេសចរអាចទៅលេងខេត្តកែប កំពតហើយនិងទៅលេងកោះទន្សាយបានកាន់តែច្រើនដែលនេះគឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងស្រុកតាមរយៈទេសចរក្នុងស្រុក ៕

ចែករំលែកព័តមាននេះ