ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះ​ហៅ​តំណាង​៩​នាក់​មក​បំភ្លឺ… មនុស្ស​មួយ​ភូមិ​លើក​គ្នា​មក​តាម​ខ្លាចចាប់​ឃុំ

2 ឆ្នាំ មុន
  • សៀមរាប

ពលរដ្ឋ​៩​នាក់ មក​ពី​ស្រុក​បន្ទាយស្រី ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូលខ្លួន​បំភ្លឺ​រឿង​ជម្លោះដីធ្លី ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​លើកគ្នា​ជិត​៤០​នាក់ មក​កាន់​តុលាការ​ដែរ​ដើម្បី​

ខេត្តសៀមរាប ៖ ពលរដ្ឋ​៩​នាក់ មក​ពី​ស្រុក​បន្ទាយស្រី ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូលខ្លួន​បំភ្លឺ​រឿង​ជម្លោះដីធ្លី ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​លើកគ្នា​ជិត​៤០​នាក់ មក​កាន់​តុលាការ​ដែរ​ដើម្បី​តាមដាន ពិសេស​ខ្លាច​តុលាការ​ចោទប្រកាន់​តំណាង​ទាំង​៩​នាក់ ត្រូវ​ចាប់ខ្លួន​ឃុំ​នៅ​ពន្ធនាគារ ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ ក្រុម​អ្នក​ភូមិ​ដែល​បាន​លើកគ្នា​មក​កាន់​តុលាការ បានឱ្យ​ដឹង​ថា ពួក​គាត់​លើកគ្នា​មកនេះ គឺ​ក្នុង​គោលដៅ​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ដែល​តុលាការ​កោះហៅ ឱ្យ​ចូលខ្លួន​មក​បំភ្លឺ មិនមែន​មក​ប្រឆាំង​ឬ​តវ៉ា​និង​អំណាច​ដីកា​តុលាការ​នោះ​ឡើយ ។ ប៉ុន្តែ​ក្នុង​ករណី​តុលាការ​សាកសួរ​ហើយ​មិន​ឱ្យ​ចេញ​មក​វិញ ឬ​ត្រូវ​ឃុំខ្លួន​ពួក​គាត់​ទាំងអស់​ក៍​មិន​វិល​ទៅ​ផ្ទះ​វិញ​ដែរ គឺ​សុខចិត្ត​ដេក​នៅ​ទីនោះ​រហូត​មានការ​ដោះ​លែង ។

ចំពោះ​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​តុលាការ​កោះ ហៅ​នោះ មាន​រហូត​១៨​នាក់ តែ​សម្រាប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ បាន​ចូលខ្លួន​តែ​៩​នាក់​ប៉ុណ្ណោះ ។ អុ​ី​ចឹ​ង​ទេ​ក្នុង​សំណុំ រឿង​ជម្លោះដីធ្លី​នេះ ពួក​គាត់​មានការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ផ្លូវ​តុលាការ ពីព្រោះ​ថា ក្នុង​ដីកា​បាន​ចោទ​ពី​បទ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ។ ហេតុ ដូច្នេះ​ការ​លើកគ្នា​មក​កាន់​តុលាការ​នេះ ក្រៅពី​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ចូល​បំភ្លឺ ពួក​គាត់​ក៏​ទទូច សុំ​ស្ថាប័ន​តុលាការ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​មេត្តា​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ផង ។

ក្រុម​អ្នក​ភូមិ​បានឱ្យ​ដឹង​ទៀត​ថា ដី​ទំនាស់​រ៉ាំរ៉ៃ​នេះ​មាន​ទំហំ​៤១០​ហិ​កតា ស្ថិត​ក្នុងភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀម​រាប បច្ចុប្បន្ន​ប្រជាពលរដ្ឋ ចំនួន​៣០២​គ្រួសារ​កំពុង​រស់នៅ​និង​អាស្រ័យ​ផល​រាល់ថ្ងៃ ។ ហើយ​ដី​នេះ​ផ្តើម​មាន​ទំនាស់​ជាមួយ​ខាង​យោធា និង​ខាង​បរិស្ថាន ចាប់ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ។ កាលពី​ឆ្នាំ​១៩៨៧​រហូត​ឆ្នាំ​២០០២ ពួក​គាត់​គ្រប់គ្រង​ច្រើន​រយ​ហិ​កតា លុះ​ឆ្នាំ ២០០៣ អាជ្ញាធរ​បាន​ដកហូត​ដី​មួយ​ចំនួន​ដែល​ពួក​គាត់​បាន​ដាំ​ដើមឈើ​យក​ទៅ​ធ្វើ​ឧទ្យាន​ជាតិ ។ ហើយ​ដី​ដែល​នៅ​សល់​ពី​រដ្ឋ​ចំនួន​៤១០​ហិ​កតា គឺ​ពួក​គាត់​ជា​អ្នកគ្រប់គ្រង​អាស្រ័យ​ផល​រាល់ថ្ងៃ​មាន​ចំនួន​៣០២​គ្រួសារ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ ក៏​លេច​ឈ្មោះ លី ស្រី ភេទ​ស្រី ជាដើម​បណ្តឹង​ទៅ​វិញ ។ ហេតុផល​ដូច្នេះ​ហើយ​ដែល​ពួក​គាត់​ទទូច​សុំ​ឱ្យ​ថ្នាក់លើ ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ពាន់​ជួយ​ដោះស្រាយ ពីព្រោះ​ពួក​គាត់​ធ្លាប់​ដាក់​ពាក្យសុំ​អន្តរាគមន៍​ទៅ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​រួច​ហើយ ។

ពលរដ្ឋ​ដែល​លើកគ្នា​មក​កាន់​តុលាការ​នោះ​ដែរ​ក៏​ឃើញ​មាន​វត្តមាន​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប​ចេញ​មក​បកស្រាយ និង​បំភ្លឺ​ជុំវិញ​ករណី​រឿង បងប្អូន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​នោះ គឺ​មិន​មាន​អ្នក​ជាប់គុក​នោះ​ទេ គ្រាន់តែ​ហៅ​មក​សួរនាំ​ប៉ុណ្ណោះ ។ តំណាង​អយ្យការ​បន្ត​ថា សូម​ឱ្យ​បងប្អូន​កុំ​ធ្វើ​អ្វី​ផ្តេសផ្តាស​ទុក​ឱ្យ​ខាង​តុលាការ​ធ្វើការ​សិន ចំពោះ​អ្នក​ដែល​ចូល​ទៅ​បំភ្លឺ​នោះ​ចេញ​មក​វិញ សូម​បងប្អូន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ ។

បើ​យោង​តាម​លិខិត​រដ្ឋសភា​លេខ ០១៣. សរ​.​គ​១ ដែល​បាន​ជម្រាប​ជូន​អភិបាលខេត្ត​សៀមរាប​បញ្ជាក់​ថា គណ​:​កម្ម​ការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា សូម​បញ្ជូន​សំណុំរឿង​នេះ​ជូន​អភិបាលខេត្ត​ពិនិត្យ​និង​ដោះស្រាយ​តាម​ការ​គួរ ហើយ​ផ្តល់​លទ្ធផល​នៃ​ការ​ដោះស្រាយ​មក​គណ​:​កម្ម​ការ ដើម្បី​មាន​មូលដ្ឋាន​ជម្រាប​ជូន​ម្ចាស់​សំណើរ​វិញ ។

ទោះបី​យ៉ាងណា នៅ​ល្ងាច​ថ្ងៃ​ដដែល​ក្រុម​អ្នក​ភូមិ​ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ក្នុង​តុលាការ បាន​ចេញ​មក​វិញ​ហើយ​និង​បាន​វិល​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ដោយ​ទឹកមុខ​ស្រស់ស្រាយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​ម្នាក់​ត្រូវ​ឃុំខ្លួន​មិនដឹង​ផ្ទុះ​រឿង​យ៉ាងណា​យ៉ាង​ណី​ទេ ជាមួយ​អ្នកស្រុក​ដ៏​ច្រើន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ