ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្ដឹង​រត់​ចោល ខាង​ប្រុស​ប្តឹង​ទារ​ថ្លៃទឹកដោះ​វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អភ័ព្វ​ស្នេហ៍​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ប្តឹង​នគរបាល​បុ​ស្តិ៍​ទួល​សង្កែ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​បន្ទាប់​ពី​គូ​ដណ្ដឹង​របស់​ខ្លួន​ដែល​គ្រោង​នឹង​រៀប​ការ​ដើម្បី​សាង​ស្នេហ៍​

រាជធានី​ភ្នំពេញ ៖ បុរស​អភ័ព្វ​ស្នេហ៍​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ប្តឹង​នគរបាល​បុ​ស្តិ៍​ទួល​សង្កែ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​បន្ទាប់​ពី​គូ​ដណ្ដឹង​របស់​ខ្លួន​ដែល​គ្រោង​នឹង​រៀប​ការ​ដើម្បី​សាង​ស្នេហ៍​ជាមួយ​គ្នា បាន​រត់គេច​ខ្លួន​បាត់ ធ្វើ​ឲ្យ​បេះដូង​នៅ​កំព្រា​តែឯង ។ បុរស​អភ័ព្វ​ស្នេហ៍​រូប​នេះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ដើម្បី​ទាមទារ​ប្រាក់​ថ្ងៃ​ទឹកដោះ​ចំនួន​២​ពាន់​ដុល្លារ​ពី​ម្តាយ​របស់​គូ​ដណ្ដឹង​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​បុរស​ម្នាក់​នោះ​ហាក់ដូចជា​ព្យាយាម​លាក់​រឿងរ៉ាវ​ដ៏​ល្វីង​ជួរ​ចត់​នេះ ។

បុរស​អភ័ព្វ​ស្នេហ៍​ដែល​ត្រូវ​គូ​ដណ្តឹង​បោះបង់​ចោល​ឈ្មោះ  អ៊ុត  ឆែត អាយុ​២៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​មានស្រុក​កំណើត​នៅ​ភូមិ​អូ​លុង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ចំណែក​នារី​ជា​គូ​ដណ្តឹង​នោះ​ត្រូវ​បាន​អះអាង​ថា មានឈ្មោះ មិត សុខ​ឃឿ​ន អាយុ​៣១​ឆ្នាំ មានមុខ​របរ​លក់​សាច់​គោ​អាំង ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ភ្ងា​ម ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

បុរស​អភ័ព្វ​ស្នេហ៍​បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ដឹង​ថា ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ មិត សុខ​ឃឿ​ន តាម​រយៈ​បងប្អូន​ណែនាំ​ឲ្យ​ជួប​គ្នា និង​បាន​ចាប់ចិត្ត​ស្រលាញ់​នាង​រហូត​នាំ​ម្តាយ និង​បងប្អូន​ទៅ​ចូល​ដណ្តឹង​នាង​កាលពី​អំឡុង​ខែ​មិ​នា ឆ្នាំ​២០១៦ ដោយ​សន្យា​ថា នឹង​រៀប​ការ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦​នេះ តែ​អ្វី​ៗ​ត្រូវ​បាន​រលាយ​អស់​ទៅ​ហើយ ។

បុរស​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ចូល​ដណ្តឹង ម្តាយ​ខាង​ស្រី​ក៏​បាន​យល់ព្រម ដោយ​ទារ​ថ្លៃទឹកដោះ​ចំនួន​២​ពាន់​ដុល្លារ ដែល​យក​ទៅ​ប្រគល់​ឲ្យ​ខាង​ស្រី​កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៦ ។ បន្ទាប់​ពី​ចូល​ដណ្តឹង និង​បាន​ប្រគល់​ប្រាក់​ថ្លៃទឹកដោះ​រួច ពួក​គេ​ទាំង​២​នាក់​ក៏​បាន​នាំ​គ្នា​មក​ផ្ទះ​ជួល​នៅ​ទួល​សង្កែ​សាង​ស្នេហ៍​យ៉ាង​ល្អូក​ល្អឺ​ន​ជាមួយ​គ្នា ។ នៅ​ពេល​ជិត​ដល់​ថ្ងៃ​រៀប​ការ ខ្លួន​ចេះ​តែ​សួរ​គូ​ដណ្តឹង​របស់​ខ្លួន ថ្ងៃ​ណា​រៀប​ការ នៅ​ពេល​សួរ​យូរ​ៗ​ទៅ ស្រាប់តែ​គូ​ដ​ណ្តឹ​ធុញទ្រាន់ និង​បាន​រត់គេច​ខ្លួន​បាត់​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ដោយ​បន្សល់​ទុក​ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ មួយ​គ្រឿង ។

បុរស​អភ័ព្វ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​នាង​រត់គេច​ខ្លួន ក៏​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​នាង​ដែរ តែ​ត្រូវ​នាង​ប្រាប់​ឲ្យ​ដឹង​ថា នាង​មិន​វិល​ត្រឡប់​មក​វិញ​នោះ​ទេ ចំណែក​លុយ​ថ្លៃទឹកដោះ​ចាំ​នាង​សង​វិញ ។ ម្យ៉ាងទៀត ដោយ​ប្រាក់​ថ្លៃទឹកដោះ​ក៏​មិនឃើញ​សង និង​ម៉ូតូ​របស់​នាង​នៅផ្ទះ​ខ្លាច​អាច​ក្លាយជា​មាន​បញ្ហា ក៏​បាន​មក​ប្តឹង​នគរបាល​សូម​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​ទាមទារ​ប្រាក់​ថ្លៃទឹកដោះ​នោះ​មក​វិញ ហើយ​ត្រូវ​នគរបាល​ណែនាំ​ឲ្យ​ទៅ​ប្តឹង​នៅ​ស្រុក​វិញ ។

បុរស​រូប​នោះ​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​មុន​នឹង​ចាក​ចេញពី​ប៉ុស្តិ៍​ន​នគរបាល​ថា មិន​គួរ​អូន​ដាច់​ចិត្ត​អ្វី​ម្ល៉េះ​ទេ បើ​មិន​ស្រលាញ់​បង​ហេតុ​អ្វី​ក៏​ភ្ជាប់ពាក្យ​ជាមួយ​បង​ធ្វើ​អ្វី ឲ្យ​បង​លង់​ទាំង​ចិត្ត លង់​ទាំង​កាយ និង​អស់សង្ឃឹម​យ៉ាង​ខ្លាំង​បែប​នេះ ៕