ខេត្តមណ្ឌលគិរី៖ ក្រោយរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ និងការកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ពេលចាប់ផ្តើមការអភិវឌ្ឍន៍ខេត្តមួយនេះ ច្បាស់ណាស់ នឹងមានផលប៉ះពាល់មួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន មានជំនឿយ៉ាងមុតមាំពីស្មារតីចូលរួមរបស់ពលរដ្ឋ ដើម្បីកែប្រែតំបន់នេះ ស្របតាមចក្ខុវិស័យរបស់ប្រមុខដឹកនាំនៃរដ្ឋាភិបាលកម្ពុជា។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការអនុវត្តន៍សកម្មភាពប្លង់មេ សម្រាប់អភិវឌ្ឍន៍ខេត្តមណ្ឌលគិរី បន្ទាប់ពីខេត្តសៀមរាប នឹងជួយឲ្យខេត្តមណ្ឌលគិរី ក្លាយជាខេត្ត ដែលលេចធ្លោលលើវិស័យកសិឧស្សាហកម្ម និងទេសចរណ៍។ ប៉ុន្តែការអភិវឌ្ឍន៍ នឹងជួបបញ្ហាបន្តិចបន្តួច ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដោយការពង្រីកផ្លូវ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
លោកអភិបាលខេត្ត បន្តថា ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល ជាអាទិ៍ភាពសំខាន់ៗ ចំនួន៦ ជាការរក្សាការអភិវឌ្ឍន៍ រួមមាន ១-តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃទាំង៥ ទី២-តំបន់របៀងទេសចរណ៍វប្បធម៌ ៣-ក្រុងសែនមនោរម្យ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ ៤-តំបន់ស្រុកអូររាំងអភិវឌ្ឍន៍ព្រលានយន្តហោះ ៥-តំបន់ប្រជុំជនស្រុកកោះញែក ៦-តំបន់ទេសចរណ៍សមាហរណកម្មតាមព្រំដែន។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកទាំង០៥ ។
លោក ម៉ៅ ចំរើន ត្រូវបានផ្ទេរពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី ទៅជាអនុប្រធានមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំណែកលោក លឹម ចាន់សូភី ត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី៕ សាយ ករុណា
ចែករំលែកព័តមាននេះ