ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូនខ្មែរ១រូប​ ពីជនភៀសខ្លួន ក្លាយជា​អភិ​បាលក្រុង នៅ​អា​មេ​រិ​ក

3 ឆ្នាំ មុន

អាមេរិក ៖ លោក សុខា​រី ចូ​វ (Sokhary Chau) ដែល​ជា​ជនភៀសខ្លួន​របប​ខ្មែរក្រហម បាន​ក្លាយ​អភិបាលក្រុង​ឡូ​វែ​ល (Lowell)​។

អាមេរិក ៖ លោក សុខា​រី ចូ​វ (Sokhary Chau) ដែល​ជា​ជនភៀសខ្លួន​របប​ខ្មែរក្រហម បាន​ក្លាយ​អភិបាលក្រុង​ឡូ​វែ​ល (Lowell)​។ លោក​គឺជា​ពលរដ្ឋ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​ដំបូង​បង្អស់​ដែល​កាន់​តំណែង​នេះ​នៅ​អា​មេ​រិ​ក​។

លោក សុខា​រី ចូ​វ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែ​ល នៃ​រដ្ឋ Massachusetts ត្រូវ​បាន​ជ្រើសរើស​ជា​ឯក​ច្ឆ័​ន្ធ​ដោយ​សមាជិក​ក្រុមប្រឹក្សា​របស់​គាត់​ឲ្យ​កាន់​តំណែង​កំពូល​នេះ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ​។ លោក​ក៏ជា​ពលរដ្ឋ​អា​មេ​រិ​ក​ដើម​កំណើត​អាស៊ី​ដែល​កាន់​តំណែង​ជា​អភិបាលក្រុង​នេះ​ផង​ដែរ​។

ពេល​ថ្លែង​សុន្ទរកថា​អំឡុង​ការ​ស្បថ​ចូល​កាន់​តំណែង លោក​បាន​រម្លឹក​ឡើង​វិញ​នូវ​អនុ​ស្សារី​យ៍​នៃ​ការ​មក​ដល់​ទឹកដី​អា​មេ​រិ​ក ក្រោយ​ពេល​រួច​ផុត​ពី​របប​ខ្មែរក្រហម​នៅ​កម្ពុជា​។ លោក​ក៏​មាន​ក្តី​រំជួលចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជិក​ឲ្យ​កាន់​តំណែង​អភិបាលក្រុង​។

លោក​ថ្លែង​ដូច្នេះ​ថា «​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ដល់​អា​មេ​រិ​ក​។ ខ្ញុំ​គឺជា​ជនភៀសខ្លួន ឥឡូវនេះ​ខ្ញុំ​គឺជា​អភិបាល​នៃ​ក្រុង​ដ៏​ធំ​នៅ​រដ្ឋ Massachusetts»​។

អភិបាលក្រុង​វ័យ ៤៩​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា «ខ្ញុំ​មិនដឹង​ថា​តើ​វា​អាច​កើតឡើង​នៅ​កន្លែង​ផ្សេង​ទៀត​ទេ​ក្នុង​ពិភពលោក​។ ខ្ញុំ​នៅ​តែ​ព្យាយាម​ស្រូប​យក​វា»​។

លោក​ថ្លែង​ថា «​ក្នុង​នាម​ជា​ពលរដ្ឋ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​ដ៏​មាន​មោទនភាព ខ្ញុំ​កំពុង​ឈរ​លើ​ស្មា​ជនអន្តោប្រវេសន៍​ជា​ច្រើន​ដែល​មក​ដល់​មុន​ខ្ញុំ​ដើម្បី​កសាង​ទីក្រុង​នេះ​»​។

លោក​ក៏​បាន​រៀបរាប់​ផង​ដែរ​អំពី​ឪពុក​របស់​លោក​ដែល​ជា​មេទ័ព​ក្នុង​ជួរ​កងទ័ព​កម្ពុជា ដែល​ត្រូវ​បាន​របប​កុម្មុយនីស្ត​ខ្មែរក្រហម​ស​ម្លា​.​ប់​ក្នុង​ឆ្នាំ ១៩៧៥ អំឡុង​សង្គ្រាមស៊ីវិល​។

លោក​និយាយ​ថា ម្តាយ​របស់​លោក ដែល​បាន​ទ​ទួល​មរណៈភាព​កាលពី​ឆ្នាំ​មុន​បាន​មើលថែ​កូន​ចំនួន​៧​នាក់​ឲ្យ​អស់​រយៈពេល ៤​ឆ្នាំ​ឲ្យ​រួច​ផុត​ពី​គ្រាប់​មីន ព្រៃ ភាព​អត់ឃ្លាន ជំងឺ​ឈឺ​ថ្កាត់ និង​ភាព​មិន​ច្បាស់លាស់ ដើម្បី​បញ្ជូន​ពួក​គេ​ដោយ​សុវត្ថិភាព​ទៅ​កាន់​អា​មេ​រិ​ក​។

លោក​លើក​ឡើង​ទៀត​ថា អា​មេ​រិ​ក​ប្រហែល​មិន​មាន​ផ្លូវ​ក្រាល​មាស​ដូចដែល​គ្រួសារ​របស់​លោក​ធ្លាប់​គិត​ស្រ​ម៉ៃ​នោះ​ទេ​ ខណៈ​រស់នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន ប៉ុន្តែ​អា​មេ​រិ​ក​គឺជា​ទឹកដី​ប្រជាធិបតេយ្យ ដោយសារ​តែ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តុល្យភាព និង​គោលការណ៍​ស្មើភាព យុត្តិធម៌ និង​តម្លាភាព​។

«​នៅ​ពេល​ខ្ញុំ​អាយុ ៩​ឆ្នាំ គ្រួសារ​ខ្ញុំ​បាន​តាំងទី​លំនៅ​ដំបូង​នៅ​ទីក្រុង Pittsburgh រដ្ឋ Pennsylvania ដោយ​មានការ​ជួយ​ពី​ព្រះ​វិហារ​កាតូលិក​។ បទ​ពិសោធន៍​ដ៏​វិសេសវិសាល​ដែល​ផ្តល់​ដោយ​ព្រះ​វិហារ បាន​ជំរុញ​ពួក​យើង​ឲ្យ​ប្រែ​មក​កាន់​គ្រឹ​ស្ត​សាសនា​»​។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន ទីក្រុង​ឡូ​វែ​ល (Lowell) មាន​ប្រជាជន​រស់នៅ​ជាង ១១៥.០០០​នាក់ ដែល​ក្នុង​នោះ​មាន​ប្រជាជន​អាស៊ី​​ជិត ២៥​ភាគរយ និង​ជាទី​ក្រុងមាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​បំផុត​ទី ២​ក្នុង​សហរដ្ឋអាមេរិក​៕ (​យោង​តាម​ប្រភព​៖ VOA & republicworld)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ