រាជធានីភ្នំពេញ ៖ ការរីកចម្រើននៃបច្ចេកវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំ ក៏បានជះឥទ្ធិពលដល់អាជីវកម្មផងដែរ ជាពិសេសអាជីវកម្មបែបផ្ដល់សេវាកម្មតែម្ដង ។ កាលពី២ទសវត្សរ៍កន្លងទៅ នៅតាមហាងកាហ្វេ និងភោជនីយដ្ឋានមួយចំនួន មិនទាន់មានលទ្ធភាពដាក់ទូរទស្សន៍សម្រាប់កម្សាន្តអារម្មណ៍ភ្ញៀវនៅឡើយទេ ទោះបីយ៉ាងណានៅតែមានអតិថិជនចូលជាហូរហែ ។ ប៉ុន្តែបច្ចុប្បន្ននេះ ការដាក់ទូរទស្សន៍នៅតាមហាងកាហ្វេ ឬភោជនីយដ្ឋាននានា វាក្លាយជារឿងធម្មតាទៅហើយ ។ ដោយសារតែបច្ចេកវិទ្យាវាយលុកបែបនេះ ម្ចាស់អាជីវកម្មក៏ត្រូវផ្លាស់ប្ដូរទៅតាមបរិបទនេះដែរ ដោយបានបំពាក់នូវប្រព័ន្ធអុីនធើរណេត (Wifi) ធ្វើយ៉ាងណា ដើម្បីមានការប្រកួតប្រជែងជាមួយដៃគូអាជីវកម្មដូចគ្នា ។
បច្ចុប្បន្ន មិនត្រឹមតែហាងកាហ្វេ ឬភោជនីយដ្ឋាននោះទេ សូម្បីតែរថយន្តតាក់ស៊ី រថយន្តក្រុង កន្លែងលាងរថយន្ត និងម៉ូតូមួយចំនួន ក៏បានបំពាក់ប្រព័ន្ធអុីនធើរណេត (Wifi) សម្រាប់ភ្ញៀវភ្ជាប់ជាមួយទូរស័ព្ទ ឬកុំព្យូទ័រដែរ។
តើវាមានប្រយោជន៍អ្វី ទើបចាំបាច់បំពាក់ប្រព័ន្ធ Wifi នេះ ?
ម្ចាស់ហាងកាហ្វេមួយកន្លែងនៅតាមបណ្ដោយផ្លូវវេងស្រេង ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា តាមពិតទៅ ការបំពាក់ Wifi មានចំណេញ មានខាត ។ ខាត គឺដោយសារត្រូវការបង់ថ្លៃសេវាប្រចាំខែ ប៉ុន្តែអ្វីដែលចំណេញនោះ គឺទទួលបានភ្ញៀវច្រើន ហើយពួកគេ [ភ្ញៀវ] បានចំណាយពេលយូរនៅក្នុងហាង និងប្រើអីុនធើរណេតចូលទៅកាន់គេហទំព័រ និងបណ្ដាញសង្គមនានាដែលគេចូលចិត្តដូចជា ហ្វេសប៊ុក និងយូធូបជាដើម ។
លោកនិយាយថា ៖ « សម័យនេះ គេចូលចិត្តណាស់ហ្វេសប៊ុក និងYoutube សូម្បីតែកម្មករសំណង់ កម្មកររោងចក្រ ក៏គាត់អាចប្រើបានដែរ ឱ្យតែមានទូរស័ព្ទស្មាតហ្វូន ដែលអាចភ្ជាប់ Wifi បាន ព្រោះតែហ្វេសប៊ុក និងយូធូប ជាកម្មវិធីងាយស្រួលលេង » ។
លោក សៀន សារឹទ្ធិ ម្ចាស់ហាងកាហ្វេ និស្សិត ដែលមានសាខាជាច្រើនកន្លែងនៅភ្នំពេញ និងជាប្រធានសមាគមទេសចរណ៍យូនិក ទ្រីប បានឱ្យដឹងថា ការដាក់ប្រព័ន្ធ Wifi មានសារសំខាន់ណាស់សម្រាប់ហាងកាហ្វេរបស់លោក បើសិនជាមិនដាក់ គឺអត់មានភ្ញៀវចូលហាងតែម្ដង ។ ជាក់ស្ដែង បើថ្ងៃណាមានបញ្ហា (ដាច់ Wifi) នោះភ្ញៀវនឹងរអ៊ូរទាំ ហើយនាំគ្នាដើរចេញពីហាងអស់ បើទោះបីជាក្នុងហាងមានទូរទស្សន៍សម្រាប់មើលព័ត៌មាន ឬកម្មវិធីផ្សេងៗក្តី ។
លោកនិយាយថា ៖ « បើយើងមិនដាក់ Wifi ទេ យើងអាចនៅសល់លុយប្រមាណ១២០ដុល្លារអាមេរិកក្នុងមួយខែ ។ ប៉ុន្តែភ្ញៀវវិញ គឺពួកគេអត់ចូលហូបកាហ្វេ ឬទិញរបស់ផ្សេងៗដែលលក់ក្នុងហាងយើងទេ ។ ដូចនេះ យើងសុខចិត្តទុកលុយ១២០ដុល្លារក្នុងមួយខែដោយអត់មានចំណូល ឬក៏យើងសុខចិត្តបោះលុយ១២០ដុល្លារ ហើយចាំយកចំណូលមកវិញ » ។
លោកបន្តថា ការដាក់ប្រព័ន្ធ Wifi គឺអាចនិយាយបានថា ជាការទាក់ទាញភ្ញៀវផងដែរ ពីព្រោះភ្ញៀវអាចជានិស្សិត ឬអ្នកធ្វើការងារផ្សេងៗដែលត្រូវការស្រាវជ្រាវរកឯកសារពាក់ព័ន្ធតាមអីុនធើរណេត ។ ដូចនេះ នៅពេលដែលហាងមាន Wifi គឺភ្ញៀវចូលញ៉ាំកាហ្វេ និងអាចប្រើ Wifi ដោយឥតកំណត់ផងដែរ ។ លោកនិយាយថា ៖ « តាមការសង្កេតរបស់ខ្ញុំ នៅពេលដាច់ Wifi តែមួយថ្ងៃ ហាងរបស់ខ្ញុំ គឺស្ងាត់ភ្ញៀវតែម្ដង ឬអាចនិយាយថាបាត់បង់ភ្ញៀវ និងបាត់ចំណូលប្រមាណ៨០ភាគរយនៃចំណូលសរុបប្រចាំថ្ងៃ។ ដូចនេះហើយ ទើបខ្ញុំមានការប្រុងប្រយ័ត្នណាស់ក្នុងការគ្រប់គ្រងប្រព័ន្ធ Wifi នេះ » ។
លោកបន្ថែមទៀតថា ចំពោះរថយន្តទេសចរណ៍ដែលលោកបម្រើភ្ញៀវក៏ដូចគ្នាដែរ គឺលោកបានបំពាក់នូវប្រព័ន្ធ Wifi ដើម្បីឱ្យភ្ញៀវបានប្រើ និងស្រាវជ្រាវ ទោះបីជាទៅដល់ទីណាក៏ដោយ ព្រោះអីភ្ញៀវទេសចរភាគច្រើនដែលធ្វើដំណើរតាមរថយន្តរបស់លោក ទៅកាន់តំបន់ទេសចរណ៍នានា គឺជាជនបរទេស ហើយពួកគេត្រូវការណាស់នូវប្រព័ន្ធ Wifi នេះ ដើម្បីមើលផ្លូវ មើលផែនទី ដែលជាគោលដៅ និងការស្រាវជ្រាវផ្សេងៗ ។ ម្យ៉ាងទៀត ដោយសារតែគ្រប់រថយន្តបានបំពាក់នូវប្រព័ន្ធជីភីអេស ដូច្នេះ ត្រូវការប្រព័ន្ធត្រួតពិនិត្យជាប្រចាំ ដើម្បីឱ្យដឹងថា ពេលនេះរថយន្តទៅដល់ទីតាំងណា ហើយក៏ងាយស្រួលក្នុងការផ្ដល់ព័ត៌មានពីរថយន្តមកកាន់ការិយាល័យកណ្ដាលផងដែរ ។
លោក ហេង សេងលី អ្នកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋានផាកកាហ្វេ ក៏បានឱ្យដឹងដែរថា ការបំពាក់ប្រព័ន្ធអុីនធើរណេតនៅក្នុងភោជនីយដ្ឋាន អាចឱ្យភ្ញៀវមានពេលស្រាវជ្រាវរកព័ត៌មាន ឬឯកសាផ្សេងៗក្នុងអំឡុងពេលពួកគេសម្រាកពិសាអាហារ ។ លោកនិយាយថា ៖ « ដោយសារតែមើលឃើញថា តម្រូវការភ្ញៀវប្រើប្រាស់អីុនធើរណេតនៅក្នុងភោជនីយដ្ឋានផាកកាហ្វេកាន់តែច្រើន យើងក៏បានបង្កើនល្បឿនអីុនធើរណេតឱ្យខ្ពស់ជាងមុន រហូតដល់៨មេហ្គាបៃ ។ ដូចនេះ ភ្ញៀវអាចប្រើដោយសេរី និងមិនចាំបាច់ភ្ជាប់អីុនធើរណេតពីទូរស័ព្ទរបស់ខ្លួនឱ្យអស់លុយនោះទេ គឺគាត់អាចប្រើយូរប៉ុណ្ណា ក៏អត់បញ្ហា » ។
លោកបន្តថា វាជាការពិតណាស់ ការបំពាក់ប្រព័ន្ធ Wifi ក៏ជាការទាក់ទាញនូវសេវាកម្មមួយផងដែរ ឧទាហរណ៍ មានហាងពីរ មួយបំពាក់ Wifi និងមួយទៀតមិនបានបំពាក់ Wifi អតិថិជនប្រាកដជាចូលហាងដែលមានបំពាក់ Wifi ហើយ ព្រោះថា សម័យនេះជាសម័យអីុនធើរណេត អ្នកណាក៏មានស្មាតហ្វូន ឬកុំព្យូទ័រប្រើដែរ ហើយស្មាតហ្វូនសម័យនេះ ក៏មិនថ្លៃដែរ តម្លៃត្រឹមតែ១០០ដុល្លារ ឬ២០០ដុល្លារអាមេរិក គឺអាចទិញប្រើប្រាស់បានហើយ។ លោកបញ្ជាក់ថា ការចំណាយលើថ្លៃអីុនធើរណេតនៅក្នុងភោជនីយដ្ឋានផាកកាហ្វេទាំងអស់ទូទាំងប្រទេស ក្នុងមួយខែចំណាយអស់ប្រមាណ១.០០០ដុល្លារ ទៅ២.០០០ដុល្លារអាមេរិកដើម្បីធ្វើយ៉ាងណា ឱ្យភ្ញៀវពេញចិត្ត ។
ថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះ លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ៖ « គិតត្រឹមដើមឆ្នាំ២០១៦ ចំនួនអ្នកជាវសេវាទូរស័ព្ទមានប្រមាណ២១លាននាក់ គឺស្មើនឹង១៣៩% នៃចំនួនប្រជាពលរដ្ឋសរុប ។ ចំនួនអ្នកជាវសេវាអីុនធើរណេត ក៏បានកើនឡើងរហូតដល់ប្រមាណ៦,៧លាននាក់ផងដែរ ស្មើនឹង៤៥%នៃប្រជាពលរដ្ឋសរុប ដែលញ៉ាំងឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន » ៕
ចែករំលែកព័តមាននេះ