រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញា សាន កុសម: មួយរយៈចុងក្រោយនេះ ត្រូវបានគេចាត់ទុកថា ជាតារាមួយដួងក្នុងចំណោមតារាជើងថ្មីមួយចំនួនទៀត ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងអាជីពសម្តែង បន្ទាប់ពីតារារូបនេះ បានបង្ហាញខ្លួនក្នុងភាពយន្តជាបន្តបន្ទាប់។
ចាប់តាំងពីជាប់ជ័យលាភី ទេពធីតាឯកសង្ក្រាន្តជំនាន់ទី២ សាន កុសម: ត្រូវបានម្ចាស់ផលិតកម្មផ្តល់ឱកាសបង្ហាញខ្លួនគ្រងតំណែងតួឯកជាលើកដំបូងតាមរយៈរឿង «នគរមាស» ដែលទើបតែចាក់បញ្ចប់កាលពីពេលថ្មីៗនេះ។
ដោយសារតែមានទេពកោសល្យសម្តែងបូករួមជាមួយនឹងរូបសម្រស់ផងនោះ សាន កុសម: ក៏ចាប់ផ្តើមមានការងារច្រើនលើវិថីសិល្បៈ និងអាចគ្រងតំណែងតួឯកជាបន្តបន្ទាប់។ ជាពិសេសជាងនេះទៀតនោះ នៅក្នុងរយៈពេលដ៏ខ្លីតារាសម្តែងវ័យក្មេងរូបនេះ បានស្រូបទាញអ្នកគាំទ្របានយ៉ាងច្រើនកុះករតាមបណ្តាញសង្គមនានារបស់នាង។
ប្រិយមិត្តគាំទ្របានចាត់ទុក សាន កុសុម: គឺជាតារាសម្ដែងស្រីជំនាន់ថ្មីប្រចាំប្រទេសកម្ពុជាដែលមានសម្រស់ស្រស់ស្អាតខ្លាំង និងមានទេពកោសល្យសម្ដែងបានល្អ ដែលកំពុងតែទទួលបានប្រជាប្រិយភាពពីសំណាក់បណ្ដាអ្នកគាំទ្រជាច្រើន។
នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ កញ្ញាទទួលបានជោគជ័យយ៉ាងច្រើននៅលើវិថីសិល្ប:មួយនេះ ក្នុងនោះសមិទ្ធផលមួយចំនួនដែលកញ្ញាសម្រេចជោគជ័យបាន ដោយកញ្ញាបានឈ្នះមកុដក្នុងកម្មវិធី ធីតាឯកសង្ក្រាន្តជំនាន់ទី២ ដែលមានឱកាសបានតំណាងជាតួអង្គទេវតា ( ព្រះនាងមណ្ឌាទេវី) ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។
ក្រោយក្លាយជាកញ្ញាឯកសង្ក្រាន្តនេះ កញ្ញាក្ដោបបានតំណែងតួឯកស្រីទាំង៣ នៅក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN មានដូចជា រឿងនគរមាស (តួអង្គអប្សរ) រឿងដើមរលួសមាស និងរឿងមន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស់ ។ ចំណែករឿងខ្នាតខ្លីវិញ មានដូចជា ៖ ការតាំងចិត្ត ( LD Entertainment), ស្រមោល ( Fun TV ), មួយនៃដបបួន ( Fun TV ), កញ្ញាអតិថិជន ( ASUS ) និងផ្កាឈូក ( Smart ) ឆាប់ៗនេះ ខណៈពេលដែលកញ្ញាបានទទួលថតស្ពតជាច្រើនផងដែរ។ ទាំងអស់នេះ គឺជាសមិទ្ធផលដែល សាន កុសម: ទទួលបាននៅក្នុងអាជីពសិល្បៈរបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងណា មានបណ្តាលអ្នកគាំទ្រជាច្រើនរបស់នាង គឺចង់ឃើញ សាន កុសម: ចូលប្រកួតក្នុងកម្មវិធី បវកញ្ញាចក្រវាឡកម្ពុជា ដោយសង្ឃឹមថាកញ្ញានឹងសម្រេចនូវសមិទ្ធផលមួយនេះឆាប់ៗ។ ឆ្លើយតបបញ្ហានេះ សាន កុសម: បានថ្លែងការអរគុណសម្រាប់ការស្រលាញ់ និងគាំទ្រពីបណ្តាទស្សនិកជនទាំងអស់ ហើយនាងសន្យាថានឹងខិតខំបន្ថែមទៀត និងធ្វើឱ្យអ្នកគាំទ្រមានមោទនភាពចំពោះនាង៕
ចែករំលែកព័តមាននេះ