រាជធានីភ្នំពេញ ៖ តារាសម្តែង ម៉ៃ យ៉ា បានបង្ហាញគម្រោងផ្ទាល់ខ្លួនធំ២ សម្រាប់ឆ្នាំ២០២២នាពេលខាងមុខនេះ ក្នុងពេលដែលបច្ចុប្បន្ននាងកំពុងតែមមាញឹកលើការងាររកស៊ីលក់ផលិតផលសម្រស់។ គម្រោងធំៗរបស់នាង នោះគឺមិនមានអ្វីឆ្ងាយក្រៅការពង្រីកមុខរបររកស៊ីបន្ថែម និងការពង្រឹងអាជីពសិល្បៈរបស់នាងអោយពេញដៃនោះឡើយ។
ម៉ៃ យ៉ា បានបញ្ជាក់តាមរយៈសារដែលបានបង្ហោះតាមហ្វេសប៊ុកថា ខ្ញុំនឹងមានគំរោងដើម្បីបង្កើតនូវមុខជំនួញ ការរកស៊ីថ្មី និងបន្ថែមនូវសមត្ថភាពជាមួយការសម្តែងឲ្យកាន់តែពេញលេញ សំរាប់ Year of The Tiger 2022។ តាមរយៈសារនេះមានន័យថា ម៉ៃ យ៉ា អាចនឹងពង្រឹងការងារសម្តែងអោយបានពេញដៃឡើងវិញ ក្រោយខកខានមួយរយៈ បន្ទាប់ពីជាប់ដៃរកស៊ី និងបញ្ហាជំងឺកូវីដ១៩។

ជាការកត់សម្គាល់ កន្លងមក ម៉ៃយ៉ា ធ្លាប់បានបញ្ចេញសារលើបណ្ដាញសង្គមនាងថា «បន្តិចទៀត នឹងលាសិល្បៈខ្មែរដែលខ្ញុំស្រឡាញ់» ដែលសារនេះបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនភ្ញាក់ផ្អើល ។
យ៉ាងណាជុំវិញបញ្ហានេះ តារាសម្តែងកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា នាងមិនទៅណាចោលសិល្បៈខ្មែរនោះទេ។ នាងថា អ្នកមានគុណរបស់នាង ចង់ឲ្យនាងឈប់ពីសិល្បៈទៅរស់នៅជាមួយគ្នានៅលើទឹកដីអាល្លឺម៉ង់វិញ ទើបនាងបញ្ចេញសារថា នាងអាចនឹងឈប់ពីសិល្បៈខ្មែរតែម្ដង តែឥឡូវខ្ញុំសម្រេចហើយថា ខ្ញុំអត់ទៅវិញទេ។

តារាកូនកាត់រូបនេះ បញ្ជាក់ទៀតថា ដំបូងនាងចង់តាមឪពុកម្ដាយ ប៉ុន្តែដោយនៅស្ដាយការងារដែលកំពុងរត់រកច្រើន និងកេរ្តិ៍ឈ្មោះផងនោះ ទើបនាងសម្រេចថា បន្តនៅជាមួយសិល្បៈខ្មែរបន្តទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ន ម៉ៃ យ៉ា គឺជាពិធីការិនីក្នុងកម្មវិធីតន្ត្រីរបស់ស្ថានីយទូរទស្សន៍ CNC ខណៈពេលបច្ចុប្បន្ននាងបានបង្ហាញវត្តមានក្នុងភាពយន្តភាគរឿង «ភរិយាសម័យថ្មី» ដែលកំពុងចាក់ផ្សាយនៅលើទូរទស្សន៍ហង្សមាស៕









ចែករំលែកព័តមាននេះ