ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពរាំងស្ងួត​អូស​បន្លាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​ប្រជា​កសិករ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រែប្រួល​អាកាសធាតុ និង​ភាពរាំងស្ងួត​នៅ​ឆ្នាំ​នេះ​បាន​អូស​បន្លាយ​វែង​ជាង​ឆ្នាំ​មុន​ៗ បើ​ទោះជា​ដល់​រដូវវស្សា​ហើយ​ក្តី ។ តាម​ខេត្ត​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កសិកម្ម​នៅឡើយ​ទេ

រាជធានី​ភ្នំពេញ ៖ ការ​ប្រែប្រួល​អាកាសធាតុ និង​ភាពរាំងស្ងួត​នៅ​ឆ្នាំ​នេះ​បាន​អូស​បន្លាយ​វែង​ជាង​ឆ្នាំ​មុន​ៗ បើ​ទោះជា​ដល់​រដូវវស្សា​ហើយ​ក្តី ។ តាម​ខេត្ត​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កសិកម្ម​នៅឡើយ​ទេ ។ ភាពរាំងស្ងួត​នេះ បាន​ធ្វើ​កសិករ​នៅ​តាម​សហគមន៍​មួយ​ចំនួន ដែល​ចាប់​យក​ការ​ដាំ​ដុះ​បន្លែ​ជា​មុខរបរ​ទី​២ បន្ទាប់​ពី​ធ្វើស្រែ ត្រូវ​រង​នូវ​ផល​ប៉ះពាល់​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

អ្នកស្រី យូ លន់ ប្រធាន​សហគមន៍​កសិកម្ម​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ៖ « កាលពីដើម​ឆ្នាំ​មុន ក៏​ដូច​ជា​ឆ្នាំ​នេះ គិត​ចាប់ពី​ខែមករា ដល់​ខែមេសា សមាជិក​ដាំ​បន្លែ​សាលាដ ៣០​គ្រួសារ​ក្នុង​ចំណោម​សមាជិក​សរុប​៧០​គ្រួសារ អាច​ទទួល​បាន​ចំណូល​ពី​១​លាន​រៀល ដល់​២​លាន​រៀល​ក្នុង​១​ខែ ។ ប៉ុន្តែ​ចាប់ពី​ខែមេសា​រហូត​មក បន្លែ​របស់​ពួក​គាត់​ដែល​ដាំ​បាន បែរជា​ត្រូវ​ខូចខាត​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង អត់​មាន​ភ្លៀង​។ ប៉ុន្តែ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើ​បន្លែ​រលួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ពួក​គាត់ និង​បាត់បង់​អតិថិជន​របស់​សហគមន៍​ផង​ដែរ » ។

អ្នកស្រី​បន្ត​ថា ៖ « នៅ​ពេល​អាកាសធាតុ​អំណោយផល​កន្លង​មក ក្នុង​មួយ​ថ្ងៃ​ខាង​សហគមន៍​អាច​ផ្គត់ផ្គង់​បន្លែ​ដល់​អតិថិជន​បាន​ប្រហែលជា​៣០០​គីឡូក្រាម ។ ប៉ុន្តែ​ពេល​នេះ បន្ទាប់​ពី​ការ​ដាំ​ដុះ​ជួបនឹង​បញ្ហា​មក ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​បន្លែ​របស់​យើង​ទៅ​លើ​ទីផ្សារ​បាន​ត្រឹមតែ​១០០ ទៅ​១៥០​គីឡូក្រាម​ប៉ុណ្ណោះ ។ ក្នុង​ដំណាក់​ការ​នេះ កសិករ​នៅ​តែ​ខំប្រឹង​ប្រែង​ដាំ​ដុះ​បន្ត​ទៀត ទោះបីជា​ដឹង​ថា ទទួល​បាន​ផល​តិចតួច​ក្តី » ។

ភាពរាំងស្ងួត​បាន​អូស​បន្លាយ​នៅ​ក្នុងឆ្នាំនេះ  ចំពោះ​កសិករ​ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម ជា​ពិសេស ការ​ដាំ​ដុះ​បន្លែ និង​ចិញ្ចឹមសត្វ​នៅ​ខេត្តតាកែវ ក៏​គេច​មិន​ផុត​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែរ ។

លោក រស់ ម៉ៅ បាន​ឲ្យ​ដឹង​ថា ៖ « កសិករ​នៅ​ក្នុង​តំបន់​បាន​រង​នូវ​ផល​ប៉ះពាល់​ច្រើន​ក្នុង​ការ​ដាំ​ដុះ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ពេក ធ្វើ​ឱ្យ​ដំណាំ និង​បន្លែ​ស្វិត​ស្រពោន ។ នៅ​ពេល​ស្រោច​ទឹក​កាន់តែ​ច្រើន ធ្វើ​ឱ្យ​ដំណាំ​ទាំងនោះ​ឆាប់​ងាប់ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ការ​ហូប​ចុក​ក្នុង​មួយ​ខែ​ៗ​អស់​ច្រើន » ។

លោក​បន្ត​ថា ៖ « សព្វ​ថ្ងៃនេះ កសិករ​ប្រកប​របរ​ដាំ​បន្លែ​លក់​ក្នុង​តំបន់​នេះ​មាន​ប្រហែលជា​១០​កន្លែង ។ ភាពរាំងស្ងួត​នេះ គ្រួសារ​របស់ខ្ញុំ​ក៏​រង​នូវ​ផល​ប៉ះពាល់​ផង​ដែរ​ក្នុង​ការ​ដាំ​បន្លែ​ស្លឹក និង​ការ​ចិញ្ចឹម​កង្កែប​មាន​ប្រហែលជា​៣០%​។ ប៉ុន្តែ​សម្រាប់​កសិករ​ផ្សេង​ទៀត​បាន​រង​ផល​ប៉ះពាល់​ប្រហែលជា​៦០% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ សម្រាប់​ឆ្នាំ​នេះ ក្នុង​មួ​យស​ប្តា​ហ៍​យើង​អាច​ផ្គត់ផ្គង់​បន្លែ និង​សាច់​នៅ​លើ​ទីផ្សារ​បាន​ប្រហែលជា​២០​គីឡូក្រាម ហើយ​ទទួល​ចំណូល​បាន​តែ​ពី​៥០​ម៉ឺន​រៀល ទៅ​ជិត​១​លាន​រៀល​ប៉ុណ្ណោះ បើ​ធៀប​នឹង​ពេល​មុន គឺ​មានការ​ធ្លាក់​ចុះ » ។

អ្នកស្រី យូ លន់ បាន​លើក​ឡើង​ផង​ដែរ​ថា ៖ « ទាក់ទង​នឹង​បន្លែ​នេះ ខាង​សហគមន៍​បាន​អនុវត្ត​គោលការណ៍​ដាំ​ដុះ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ គឺ​យើង​សហការ​ជាមួយ​ក្រុម​ហ៊ុន​ជប៉ុន សម្រាប់​ការ​ដាំ​បន្លែ​ផ្តល់​នូវ​សុខភាព​ជូន​បងប្អូន​ក្នុង​តំបន់ និង​អតិថិជន​ក្នុង​ក្រុងភ្នំពេញ​ផង​ដែរ ។ ខ្ញុំ​សង្ឃឹមថា នៅ​ឆ្នាំ​បន្ទាប់​ប្រសិនបើ​អាកាសធាតុ​អំណោយផល ការ​ផលិត​របស់​សមាជិក​សហគមន៍​នឹង​ទទួល​បាន​ជោគជ័យ ហើយ​អាច​ផ្តល់​ប្រាក់​ចំណូល​ល្អ​ប្រសើរ​ដល់​សមាជិក​ទាំងអស់​ផង​ដែរ » ។

ចំណែក​លោក ម៉ា​ន កូប អ្នកគ្រប់គ្រង​ផ្នែក​ស្តុក​បន្លែ និង​ផ្លែ​ឈើ​នៃ​ភូមិ​ផ្សារ​កសិកម្ម​ធម្មជាតិ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​៣ បាន​ឲ្យ​ដឹង​ថា ៖ « សព្វ​ថ្ងៃនេះ ភូមិ​ផ្សារ​កសិកម្ម​ធម្មជាតិ បាន​ទទួល​ការ​ផ្គត់ផ្គង់​បន្លែ​ពី​កសិករ​ដាំ​បន្លែ​មិន​ប្រើប្រាស់​ជាតិ​គីមី​មក​ពី​ខេត្ត​ដូច​ជា ខេត្តកណ្តាល កំពង់ស្ពឺ (​សាលាដ​) ស្វាយ​រៀង (​ត្រប់ ត្រកួន​) និង​បាត់ដំបង (​ផ្លែ​ឈើ​) ដោយ​ក្នុង​១​ថ្ងៃ​មាន​ចំនួន​សរុប​ជាង​១០០​គីឡូក្រាម ក្នុង​នោះ​៥០% បាន​បែងចែក​ទៅ​ផ្សារ​ទំនើប​អីុអន និង​ផ្សារ​មី​នី​ម៉ាត ។ បរិមាណ​បន្លែ​នាំ​ចូល​សព្វ​ថ្ងៃនេះ​មាន​ចំនួន​ច្រើន​ជាង​មុន ពីព្រោះ​កសិករ​នៅ​តាម​តំបន់​មាន​ប្រភព​ទឹក​សម្រាប់​ពង្រីក​ការ​ដាំ​ដុះ ខណៈ​ការ​ដាំ​ដុះ​បន្លែ​របស់​កសិ​ករ​ផ្សេង​ទៀត​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​អាកាសធាតុ​ប្រែប្រួល » ។

លោក​បញ្ជាក់​ថា ៖ « គ្រប់​កសិផល​ដែល​លក់​នៅ​ភូមិ​ផ្សារ​កសិកម្ម​មាន​តម្លៃ​ខុស​គ្នា គឺ​បន្លែ​ស្លឹក​និង​ដើម មាន​តម្លៃ​ចាប់ពី​៤.៥០០​រៀល​ទៅ​៩.០០០​រៀល ចំណែក​ផ្លែ​ឈើ​មាន​តម្លៃ​ចាប់ពី​៣.០០០​រៀល​ទៅ​១៥.០០០​រៀល និង​ប្រភេទ​សាច់ មាន​តម្លៃ​ពី​២៥.០០០​រៀល​ទៅ​៣៤.០០០​រៀល​ក្នុង​១​គីឡូក្រាម តាម​ប្រភេទ​សាច់​នីមួយ​ៗ » ៕