ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ព្នង​ចោទ​មេបញ្ជាការ ប៉េ​អឹ​ម ស្រុក​កែវ​សីមា រំលោ.ភ​យក​ដី

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​ព្នង រស់នៅ​ឃុំ​ស្រែ​ព្រះ ស្រុក​កែ​សីមា បាន​ចោទប្រកាន់​លោក​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា​ថា បាន​រំលោ.ភ​យក​ដីស្រែ​របស់​ពួក​គាត់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​ព្នង រស់នៅ​ឃុំ​ស្រែ​ព្រះ ស្រុក​កែ​សីមា បាន​ចោទប្រកាន់​លោក​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា​ថា បាន​រំលោភ​យក​ដីស្រែ​របស់​ពួក​គាត់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​មក​ហើយ តែ​អាជ្ញាធរ​នៅ​មិន​អាច​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ជូន​ពួក​គាត់​បាន​។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៦ នៅ​សាលាឃុំ​ស្រែ​ព្រះ ក៏​បាន​កោះ​ប្រជុំ​សម្របសម្រួល​រវាង​ប្រជាពលរដ្ឋ និង​លោក សាក់ សា​រ៉ុ​ន ដើម្បី​រក​ដំណោះស្រាយ​ល្អ​មួយ​រវាង​ភាគី​ទាំង​ពីរ ប៉ុន្តែ​គេ​ឃើញ​មាន​វត្តមាន​តែ​អាជ្ញាធរ​ស្រុក​-​ឃុំ និង​ភាគី​ប្រជាពលរដ្ឋ ចំណែក​ភាគី​លោក សាក់ សា​រ៉ុ​ន មិន​បាន​ចូលរួម​ទេ​។

ដីស្រែ​ដែល​ពលរដ្ឋ​បាន​ចោទ​ថា លោក​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា រំលោភ​យក​នោះ មា​នទី​តាំងនៅ​ចំណុច​ភូមិ​អូ​ច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ចំណុច​ប៉ោ​ដើម​ស្វាយ មាន​ទំហំ​៨៦​ហិច​តា ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​៤៤​គ្រួ​សារបាន​អាស្រ័យ​ផល​។ លោក ពឿ​ប ពេ មេឃុំ​ស្រែ​ព្រះ បាន​ឲ្យ​ដឹង​ថា ទំនាស់​ដីស្រែ​នេះ បាន​កើត​តាំងពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន នៅ​មិន​ទាន់​ដោះស្រាយ​បាន​នៅឡើយ​។ ហើយ​ការ​ជួប​គ្នា​ថ្ងៃនេះ (​ថ្ងៃ​ទី​២៨) គឺ​ដើម្បី​សម្របសម្រួល​គ្នា​ម្តងទៀត រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ជូន​ពួក​គាត់ ព្រោះ​ពេល​នេះ​ដល់​រដូវ​ធ្វើស្រែ​ចម្ការ​ហើយ​។

លោក ងើយ សា​វិ​ន អភិបាលរង​ស្រុក​ដែល​បាន​ចូលរួម​ជា​អាជ្ញាធរ​កណ្តាល​ក្នុង​ទំនាស់​ដីធ្លី​ខាងលើ បាន​ឲ្យ​ប្រជាពលរដ្ឋ​លើក​សំណូមពរ​ថា តើ​ចង់បាន​ដំណោះស្រាយ​បែប​ណា ដើម្បី​លោក​យក​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់លើ និង​ភាគី​លោក​សាក់ សា​រ៉ុ​ន ដើម្បី​រក​ច្រកចេញ​ដ៏​ល្អ​មួយ ព្រោះ​រឿង​នេះ​បាន​បន្ត​អូស​បន្លាយ​ជាង​២​ឆ្នាំ​មក​ហើយ​។

ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង បាន​លើក​ឡើង​ថា ពួក​គាត់​គ្រាន់តែ​ចង់បាន​ដីស្រែ​សម្រាប់​បង្កបង្កើន​ផល ដើម្បី​ចិញ្ចឹមជីវិត  បើ​ថា លោក​សាក់ សា​រ៉ុ​ន ចង់បាន​ដី​នោះ ពួក​គាត់​សុខចិត្ត​បែងចែក​មួយ​ចំណែក​ជូន​ទៅ​លោក សាក់ សា​រ៉ុ​ន តែ​បើសិនជា​គាត់​ចង់បាន​ទាំងអស់​ប្រជាពលរដ្ឋ​មិន​ព្រម​ឡើយ​។ ក្រុម​អ្នក​ភូមិ​បាន​បន្ត​ថា គាត់​ចង់បាន​ដីស្រែ​ទុក​សម្រាប់​កូនចៅ​ដាំ​ដុះ​ស្រូវ​ហូប ។ ហើយ​ដីស្រែ​នេះ គឺ​ពួក​គាត់​បាន​ធ្វើ​តាំងពី​មុន​សម័យ​ប៉ុ​ល​ពត​ម្ល៉េះ ហើយ​ហេតុ​អី​បានជា​លោក​សាក់ សា​រ៉ុ​ន មក​ចាប់​កំណត់​ថា ជា​ដី​របស់​គាត់​។

ព័ត៌មាន​ចុង​ក្រោយ​ដែល​តំណាង​អ្នក​ភូមិ​បាន​បញ្ជាក់​មក​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​បាន​សម្រេច​ឲ្យ​ពួក​គាត់​ជា​ប្រជាជន លក់​ដី​ទាំងនោះ​ឲ្យ​ទៅ​លោក សាក់ សា​រ៉ុ​ន ទៅ ដើម្បី​បញ្ចា​ប់រឿង​បាន​ឆាប់ ប៉ុន្តែ​ពួក​គាត់​មិន​បាន​យល់ព្រម​ឡើយ ព្រោះ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់ ត្រូវ​ពឹង​ផ្អែ​ង​ទាំងស្រុង​លើ​ដីស្រែ​នោះ ដើម្បី​ចិញ្ចឹម ជីវិត។ បើ​លក់​ដី​នោះ​ពួក​គាត់​មិនដឹង​ថា បាន​ដី​ឯណា​សម្រាប់​បង្កបង្កើន​ផល​ទេ​។ ចំណែក​លោក សាក់ សា​រ៉ុ​ន កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ នេះ ។

ទាក់ទិន​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​អ្នកមាន​អំណាច​នេះ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ព្រមាន​គាស់កកាយ​ឲ្យ​អស់​រាល់​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​អ្នកមាន​អំណាច ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ស្លូតត្រង់  បើ​ទោះបី​អ្នក​រំលោភ​ដី​ប្រជាពលរដ្ឋ​នោះ មាន​ឋានៈ​បុណ្យ​ស័ក្តិធំ ឬ​ដុះ​ចង្កូម​នៅ​លើ​ក្បាល​ក៏​ដោយ​នោះ​។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ ក្នុង​ឱកាស​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ឥន្ទកោសិយ ហៅ​វត្ត​ចំការ​ម្លូ ស្ថិត​នៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៨ ឧសភា ២០១៦ ។ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​គូសបញ្ជាក់​ថា ឱកាស​នៃ​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​អ្នកមាន​លុយ មាន​អំណាច ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នឹង​ត្រូវ​ចប់​ហើយ បើ​ទោះបី​មិន​ទាន់​បញ្ចប់​ទាំងស្រុង តែ​ក៏​កំពុង​តែ​ថមថយ​ជា​បណ្តើរ​ៗ​ហើយ​។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ឱកាស​នៃ​អ្នក​រំលោភ​ដី​គេ​ត្រូវ​ចប់​ហើយ ប្រកាស​ពី​ទី​នេះ ទៅ​ក្រែង​ឮ​ដល់​ណា​ឮ​ទៅ ! ចប់​ហើយ​! ។