ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​កសាង​ទំនុកចិត្ត​ចំពោះ​គ្រូពេទ្យ​ដោយ​របៀប​ណា?

7 ឆ្នាំ មុន

សឹងតែ​រាល់ថ្ងៃ យើង​បានដឹង​អំពី​ប្រជាជន​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម ថៃ សាំង​ហ្គា​ពួរ ឬ​ម៉ា​ឡេ​ស៊ី ។ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ពីព្រោះ​ពួក​គេ​បាន​បាត់បង់​ជំនឿ​

សឹងតែ​រាល់ថ្ងៃ យើង​បានដឹង​អំពី​ប្រជាជន​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម ថៃ សាំង​ហ្គា​ពួរ ឬ​ម៉ា​ឡេ​ស៊ី ។ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ពីព្រោះ​ពួក​គេ​បាន​បាត់បង់​ជំនឿ​ទៅ​លើ​គុណភាព​សេវាកម្ម​សុខភាព​នៅ​ក្នុង​ប្រទេស​។

បើសិនជា​ចរន្ត​បែប​នេះ ចេះ​តែ​រីក​ធំ​ទៅ​មុខ​ទៀត វា​នឹង​ធ្វើ​ឱ្យ​វិស័យ​សុខាភិបាល​កម្ពុជា​ទាំងមូល​ត្រូវ​ដួល​រលំ ហើយ​មិន​អាច​ពឹងពាក់​បាន ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​មាន​ជំងឺ​ធ្ងន់​ៗ​។

ខណៈ​ដែល​មាន​ករណី​ជំងឺ​ខ្លះ គ្រូពេទ្យ​កម្ពុជា​មិន​អាច​មាន​លទ្ធភាព​ព្យាបាល​បាន​ដោយ​បញ្ហា ចំណេះដឹង និង​បច្ចេកវិទ្យា​នោះ វា​នឹង​មិន​យុត្តិធម៌​ទេ ដែល​ត្រូវ​ដក​ការ​ទុកចិត្ត​ទាំងស្រុង​ពី​គ្រូពេទ្យ​កម្ពុជា​។ វា​គ្រាន់តែ​ជា​បញ្ហា​ចិត្តសាស្ត្រ​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​ប៉ុណ្ណោះ ខណៈ​ដែល​មនុស្ស​បានលឺ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​អំពី​កំហុសឆ្គង​របស់​គ្រូពេទ្យ​នៅ​ក្នុង​ការ​ព្យ​បាល​ជំងឺ​។

មាន​មនុស្ស​ជា​ច្រើ​ណាស់​ដែល​បាន​សង្គ្រោះ​ជីវិត​ដោយ​គ្រូពេទ្យ​កម្ពុជា​។ ហេតុ​ដូច្នេះ​ហើយ​បានជា​គេ​នៅ​តែ​ឃើញ​មនុស្ស​ម្នា​ជា​ច្រើន​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​។ មនុស្ស​ម្នា​ត្រូវ​តែ​ផ្តល់​តម្លៃ​ដល់​ការងារ​គ្រូពេទ្យ​នៅ​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស​។

ខណៈ​ដែល​ប្រជាជន​មិន​ត្រូវ​មើល​ងងឹត​ហួសហេតុ​ពី​គុណភាព​សេវា​សុខភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ក្រសួងសុខាភិបាល គណៈ​គ្រូពេទ្យ​កម្ពុជា និង​គ្រូពេទ្យ​ផ្ទាល់ ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ភ័យ​ខ្លាច​របស់​ប្រជាជន ដោយ​ផ្តល់​សេវា​សុខភាព​ដែល​កាន់តែ​ប្រសើរ​ជាង​នេះ​។ គេ​ត្រូវ​តែ​រក​វិធី​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ពង្រឹងគុណភាព​សេវា​សុខភាព ដោយ​រួម​មាន​បញ្ជូន​គ្រូពេទ្យ​កម្ពុជា​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ឱ្យ​បាន​កាន់តែ​ច្រើន មាន​ជំនាញការ​ពេទ្យ​បរទេស ដើម្បី​ជួយ​ពង្រឹង​មន្ទីរពេទ្យ​រដ្ឋ ពង្រឹង​ការ​គោរព​ក្រមសីលធម៌​គ្រូពេទ្យ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​។

ជាមួយ​គ្នា​នោះ ការ​ដោះស្រាយ​បញ្ហា​ចិត្តសាស្ត្រ​ប្រជាជន ក៏​ត្រូវ​តែ​ធ្វើ​ដែរ តាម​រយៈ​ការ​ទំនាក់ទំនង​សាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​នេះ ដើម្បី​រំងាប់​ការ​ភ័យ​ខ្លាច​ដែល​ខុស​ទំនង និង​ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​ពិតប្រាកដ​របស់​មន្ទីរពេទ្យ​រដ្ឋ និង​គ្រូពេទ្យ​កម្ពុជា នៅ​ក្នុង​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​។ មន្ទីរពេទ្យ​រដ្ឋ និង​គ្រូពេទ្យ​កម្ពុជា មិន​ត្រូវ​សម្ងំ​ស្ងៀម​រង់​ចាំតែ​ទទួល​ការ​រិះគន់​របស់​មហាជន​ឡើយ​។ ការ​ឃោសនា​អំពី​សមត្ថភាព​ពិត និង​សេវាកម្ម​សុខភាព​ដែល​ខ្លួន​អាច​ផ្តល់​ឱ្យ​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព និង​ធ្វើ​ឱ្យ​ប្រជាជន​យល់​កាន់តែ​ច្បាស់​អំពី​ការងារ​របស់​មន្ទីរពេទ្យ​រដ្ឋ និង​គ្រូពេទ្យ​កម្ពុជា នៅ​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស​។ ការ​យល់​ដឹង​ច្បាស់​នឹង​បង្កើន​ការ​គោរព និង​ទំនុកចិត្ត​។

ជាមួយ​គ្នា​នោះ ការ​អប់រំ​ប្រជាជន​ឱ្យ​មានចំណេះ​អំពី​បញ្ហា​សុខភាព ក៏​នឹង​អាច​ជួយ​ដល់​ពួក​គេ​នៅ​ក្នុង​ការ​បង្ការ​ជំងឺ​ជា​ច្រើន ដូច​ជា​ជំងឺ​បេះដូង ជំងឺលើសឈាម ជំងឺមហារីក និង​ជំងឺ​គ្រោះថ្នាក់​ជា​ច្រើន​ទៀត​។

ការងារ​ជា​ច្រើន​កំពុង​តែ​រង់ចាំ​ក្រសួងសុខាភិបាល និង​គ្រូពេទ្យ​កម្ពុជា ដើម្បី​កសាង​ទំនុកចិត្ត​ក្នុង​ចំណោម​សាធារណជន​។ បើ​ពុំនោះ គេ​នឹង​ធ្វើ​ឱ្យ​វិស័យ​សុខាភិបាល​ទាំងមូល​ស្លាប់​៕