ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​1​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​រាជធានី​ភ្នំពេញ កើនឡើង​ជាង​11%

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​មក​សម្រាក​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ មាន​កំណើន​ប្រមាណ​១១,៤១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៥ ។

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​មក​សម្រាក​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ មាន​កំណើន​ប្រមាណ​១១,៤១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ លោក តាំង សុចិត្ត​គ្រឹ​ស្នា បាន​បញ្ជាក់​ថា ៖ « ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ចូល​មក​រាជធានី​ភ្នំពេញ គឺ​មាន​ភ្ញៀវ​ទេស​ចរ​​អន្តរជាតិ​ចូល​តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៦​នេះ តាម​ការ​ប៉ាន់ស្មាន​មាន​ចំនួន​៣៧២.៤៦០​នាក់ និង​មាន​១៧០​សញ្ជាតិ» ។

លោក​បន្ត​ថា ៖ « ភ្ញៀវ​អន្តរជាតិ​ទាំងនោះ មាន​គោលបំណង​សំខាន់​ៗ​ខុស​ៗ​គ្នា ដូច​ជា ភ្ញៀវ​មក​សម្រាកលំហែ​កម្សាន្ត​មាន​ចំនួន​២៩១.៥៩៤​នាក់​, ទេសចរណ៍​ធុរកិច្ច​ចំនួន​៥៣.៦៣២​នាក់​, គណៈប្រតិភូ និង​អង្គការ​អន្តរជាតិ​ចំនួន​៩.៧២៣​នាក់ និង​អាណិកជន​ខ្មែរ​ចំនួន​១៧.៥១១​នាក់ » ។

លោក តាំង សុចិត្ត​គ្រឹ​ស្នា បាន​ឲ្យ​ដឹង​ដែរ​ថា ៖« ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចូល​មក​រាជធានី​ភ្នំពេញ ក៏​បាន​បែងចែក​ភ្ញៀវ​ដែល​ចូល​មក​ទស្សនា​រមណីយដ្ឋាន​វត្ត​ភ្នំ មាន​ចំនួន​៤៩.៥៧៧​នាក់ ច្រើន​ជាង​ត្រីមាស​ទី​១​ឆ្នាំ​២០១៥ ប្រមាណ​១៤,៦៣% ។ ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ជើងឯក​ចំនួន​៥៦.៩៦៨​នាក់ ។ ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​៥៧.១៨១​នាក់ កើនឡើង​៥,៨០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ » ។

លោក​ប្រធាន​មន្ទីរ​រូប​នោះ​ក៏​បាន​អះអាង​ដែរ​ថា ៖ « ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៦​នេះ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេស​ចរណ៍ រួម​មាន ចុះ​ពិនិត្យ​មូលដ្ឋាន​អាជីវកម្ម មុន​នឹង​ចេញ​អាជ្ញាប័ណ្ណ និង​ចុះ​ត្រួតពិនិត្យ​អាជ្ញាប័ណ្ណ​ជិត​ផុត​សុពលភាព រួម​ទាំង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អាជីវកម្ម​ទេសចរណ៍​ផង​ដែរ។ ក្រៅពី​ការងារ​ខាងលើ មន្ទីរ​ទេសចរណ៍​ក៏​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ត្រួតពិនិត្យ​មគ្គទេសក៍​ទេសចរណ៍​នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា និង​ណែនាំ​ពួក​គេ​ឲ្យ​សុំ​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​មុន​នឹង​ប្រកប​អាជីវកម្ម ។ ទន្ទឹម​នឹង​នោះ ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ទេសចរណ៍ និង​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ផង​ដែរ » ។

យ៉ាងណា​ក៏​ដោយ លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា ៖ « វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​ដូច​ជា មូលដ្ឋាន​អាជីវកម្ម​ទេស​ចរណ៍​​មួយ​ចំនួន​មិន​គោរព​ច្បាប់ ធ្វើ​អាជីវកម្ម​ដោយ​ពុំ​មាន​អាជ្ញាប័ណ្ណ រួម​ទាំង​សកម្មភាព​ល្មើសច្បាប់​ផ្សេង​ៗ​ទៀត​រួម​មាន ការ​ជួញដូរ​ផ្លូវភេទ ការ​បំពុលបរិស្ថាន សណ្តាប់ធ្នាប់ និង​ការ​គ្រប់គ្រង​សុវត្ថិភាព​ប្រព័ន្ធ​អគ្គិភ័យ​នៅ​តាម​មណ្ឌល​កម្សាន្ដ​ទេសចរណ៍​ជាដើម » ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​តាម​ច្រក​សំខាន់​រួម​មាន ច្រក​ភ្នំពេញ​មាន​ចំនួន​៣០៣.២៨១​នាក់ ស្មើនឹង​២២,៦​ភាគ រយ​នៃ​ចំនួន​សរុប កើនឡើង​១១,៣​ភាគរយ​។ តាម​ច្រក​សៀមរាប មាន​ចំនួន​៤៧៩.៣៩៥​នាក់ ស្មើនឹង​៣៥,៧​ភាគរយ​នៃ​ចំនួន​សរុប កើន ឡើង​៤​ភាគរយ ។ តាម​ច្រក​កងកេង​មាន​ចំនួន​២.៣៦១​នាក់ ស្មើនឹង​០,២​ភាគរយ​នៃ​ចំនួន​សរុប ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០ ដែល​មក​ទស្សនា​នៅ​កម្ពុជា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ​រួម​មាន វៀតណាម មាន​ចំនួន​២១៧.៨៦៤​នាក់, ចិន ចំនួន​២១៧.២១៣​នាក់​, កូរ៉េ ចំនួន​១៣១.៥៤៨​នាក់​, ថៃ ចំនួន​៨៥.៦៥៩​នាក់​, អា​មេ​រិ​ក ចំនួន​៧៥.៧០៦​នាក់​, ឡាវ ចំនួន​៥៨.៧៩០​នាក់​, ជប៉ុន ចំនួន​៥៥.៧៥៩​នាក់​, អង់គ្លេស ចំនួន​៥១,៥៨៥​នាក់​, បារាំង ចំនួន​៤៨.៦៧៨​នាក់ និង​ប្រទេស​អា​ល្លឺ​ម៉​ង់ ចំនួន​៤៦.៨៤០​នាក់ ៕