ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC ៖ កំណើន​ប្រកួតប្រជែង​ក្នុង​វិស័យ​កាត់ដេរ​ឡើង​ខ្ពស់ តែ​ផលិតភាព​ធ្លាក់​ចុះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​លើក​ឡើង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​ក្នុង​វិស័យ​កាត់ដេរ​របស់​កម្ពុជា គួប​ផ្សំ​នឹង​ការ​ចំណាយ​ដែល​ចេះ​តែ​បន្ត​កើនឡើង

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​លើក​ឡើង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​ក្នុង​វិស័យ​កាត់ដេរ​របស់​កម្ពុជា គួប​ផ្សំ​នឹង​ការ​ចំណាយ​ដែល​ចេះ​តែ​បន្ត​កើនឡើង អាច​ធ្វើ​ឱ្យ​កម្ពុជា​ចាញ់​ប្រៀប​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​ប្រទេស​ផលិត​សម្លៀក​បំពាក់​ផ្សេង​ទៀត​ដូច​ជា វៀតណាម បង់​ក្លា​ដែ​ស និង​មី​យ៉ា​ន់​ម៉ា ជាដើម ។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​កាលពី​ខែមីនា របស់ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានឱ្យ​ដឹង​ថា នៅ​ចន្លោះ​ពី​ឆ្នាំ​២០១១ រហូត​ដល់​ដំណាច់ឆ្នាំ​២០១៤ ផលិតភាព​ការងារ​ក្នុង​វិស័យ​​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​បាន​ធ្លាក់​ចុះ​ប្រមាណ​១៤​ភាគរយ ។ ផលិតភាព​ការងារ​ហាក់​ធ្លាក់​ចុះ ដោយសារ​តែ​ចំនួន​ការងារ​កើន​លើស​ពី​កំណើន​ផលិតភាព។

តាម​របាយការណ៍ GMAC គឺ​ការ​ធ្លាក់​ចុះ​នូវ​ផលិតភាព​នេះ អាច​បន្ត​រហូត​ដល់​ឆ្នាំ​២០១៦ តទៅ​ទៀត ហើយ​ក៏​បាន​ស្នើ​សុំ​ដល់​កម្មករ សហជីព ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ផ្ដោត​លើ​ការ​បង្កើន​ផលិតភាព​របស់​វិស័យ​នេះ ព្រោះ​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ចេះ​តែ​កើនឡើង ។

អគ្គលេខាធិការ​របស់​សមាគម​រោងចក្រ​កាត់ដេរ លោក ខេន លូ បាន​មាន​ប្រសាសន៍​ថា ៖« ទាំងអស់​គ្នា​ត្រូវ​តែ​ជួយ​ចូលរួម​ចំណែក​ធ្វើ​យ៉ាងណា ថែរក្សា​ឧស្សាហកម្ម​របស់​យើង​ឱ្យ​មាន​សមត្ថភាព និង​អាច​ឈរជើង​ក្នុង​បរិយាកាស​ប្រកួតប្រជែង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​ពិភពលោក ។ ក្នុង​នាម​ជា​និយោជក យើង​បាន​ប្រឹងប្រែង​រួមចំណែក ដោយ​បាន​វិនិយោគ​លើ​ការ​កសាង​សមត្ថភាព​ជំនាញ​ដល់​កម្មករ​-​កម្មការិនី » ។

ទន្ទឹម​គ្នា​នេះ​ដែរ GMAC ថែម​ទាំង​បាន​ពិភាក្សា​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អំពី​ការ​ធ្វើ​យុទ្ធនាការ​ជំរុញ​ផលិតភាព​ការងារ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ពេល​​ឆាប់​ៗ​ខាង​មុខ​នេះ ។ ផ្នែក​សំខាន់​ៗ​នៃ​យុទ្ធនាការ​នោះ​រួម​មាន ៖ ១-​កម្មវិធី​ដែល​ផ្ដោត​លើ​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ផលិតភាព​ការងារ​នៅ​ថ្នាក់​ជាតិ នៅ​កម្រិត​ឧស្សាហ​កម្ម និង​នៅ​តាម​បណ្ដា​រោងចក្រ និង​២-​ការ​ផ្ដល់​ប្រឹក្សា​យោបល់​ជាក់ស្ដែង​ក្នុង​ការ​ប្រែ​ចំណេះដឹង​ឱ្យទៅ​ជា​សកម្មភាព​ជាក់លាក់ ដើម្បី​លើកកម្ពស់​ផលិតភាព​ការងារ ។ យុទ្ធនាការ​នេះ​តម្រូវ​ឲ្យ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី GMAC រាជរដ្ឋាភិបាល ថ្នាក់​គ្រប់គ្រង​រោងចក្រ អ្នកបញ្ជា​ទិញ សហជីព ILO ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

លោក ខេន លូ បាន​បន្ត​ថា ៖ « កូដកម្ម​ខុស​នីតិវិធី ទំនាក់ទំនង​វិជ្ជាជីវៈ​ការងារ​មិនសូវ​ល្អ និង​បញ្ហា​ផ្សេង​ទៀត​បាន​និង​កំពុង​តែ​បង្អាក់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ GMAC ក្នុង​ការ​លើកកម្ពស់​ផលិតភាព​ការងារ​ក្នុង​វិស័យ​នេះ ។ យើង​សំណូមពរ​ឲ្យ​គ្រប់​ភាគី​មានការ​ពិចារណា​ឲ្យ​បាន​ច្រើន និង​ផ្ដល់​អាទិភាព​លើ​ការងារ​នានា​ដែល​អាច​លើកកម្ពស់​ឧស្សាហកម្ម​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត » ។

លោក​បន្ថែម​ថា ៖ « ស្របគ្នា​នេះ​ដែរ ឧស្សាហកម្ម​កាត់ដេរ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​ដែល​ចេះ​តែ​បន្ត​កើនឡើង​ផង​ដែរ ដូច​ជា ការ​ចំណាយ​លើ​អគ្គិសនី និង​ការ​ដឹក​ជញ្ជូន​ជាដើម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​រោងចក្រ​នានា​ងាក​ទៅ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ផ្សេង​ទៀត ។  GMAC ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​ដែល​បាន​សម្រួល​ដល់​ដំណើរការ​នាំ​ចេញ​នូវ​ផលិតផល​សម្លៀក​បំពាក់ » ។

លោក​បន្ថែម​ទៀត​ថា ៖ « ទោះជា​យ៉ាងណា យើង​ត្រូវការ​ឲ្យ​មានការ​កាត់​បន្ថយ​ថែម​ទៀត​ចំពោះ​តម្លៃ​ឯកសារ ជា​ពិសេស គឺ​តម្លៃ​ក្រៅផ្លូវការ ។ បច្ចុប្បន្ន GMAC កំពុង​តែ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​នេះ ដោយ​បាន​និង​កំពុង​កសាង​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI) នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។ ការ​សាងសង់​វិទ្យាស្ថាន​នេះ គឺ​បាន​សម្រេច​ប្រហែលជា​៧០​ភាគរយ ហើយ​វិទ្យាស្ថាន​នេះ​នឹង​ផ្ដល់​នូវ​ការ​បណ្ដុះបណ្ដាល​ដល់​កម្មករ​-​និយោជិត​ក្នុងស្រុក ដើម្បី​បំពេញមុខ​តំណែង​គ្រប់គ្រង​ថ្នាក់​កណ្ដាល​នៅ​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​នានា​ទូ​ទាំង​ប្រទេស ។ យើង​សង្ឃឹមថា វិទ្យាស្ថាន​ថ្មី​នេះ​នឹង​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​ការងារ​តាម​រយៈ​ការ​ផ្ដល់​នូវ​ការ​អប់រំ​ដល់​កម្មករ​-​និយោជិត ដែល​នាំ​ឲ្យ​ពួក​គាត់​មាន​ការងារ​កាន់តែ​ប្រសើរ » ។

គួរ​បញ្ជាក់​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​គឺជា​វិស័យ​សំខាន់​ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​បច្ចុប្បន្ន​កំពុង​តែ​ផ្ដល់​នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៧០​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី ព្រមទាំង​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​២​លាន​នាក់​ផង​ដែរ ។ ក្នុង​មួយ​ខែ​ៗ វិស័យ​កាត់ដេរ​នេះ​បាន​ទាញ​យក​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​កម្មករ​-​កម្មការិនី និង​បងប្អូន​សាច់ញាតិ ៕