ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ភ័ក្ត្រ​រិ​ទ្ធ ពុះពារ​នឹង​អាជីព​ច្រើន​ឆ្នាំ​សម្លឹង​តំណែង​តួឯក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារា​សម្តែង​សុ​ភ័ក្ត្រ​រិ​ទ្ធ បណ្តែត​ជីវិត​ក្នុង​វិស័យ​សិល្បៈ​សម្តែង​ក្រោយ​ជាប់​តំណែង​ហ្វ្រេ​ស៊ី​ប៊​យមក ។ ដំណើរ​ជីវិត​ក្នុង​ពិភព​សិល្បៈ​របស់​លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ​ឆ្ពោះទៅ​មុខជា​លំដាប់ ។

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​តារា​សម្តែង​សុ​ភ័ក្ត្រ​រិ​ទ្ធ បណ្តែត​ជីវិត​ក្នុង​វិស័យ​សិល្បៈ​សម្តែង​ក្រោយ​ជាប់​តំណែង​ហ្វ្រេ​ស៊ី​ប៊​យមក ។ ដំណើរ​ជីវិត​ក្នុង​ពិភព​សិល្បៈ​របស់​លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ​ឆ្ពោះទៅ​មុខជា​លំដាប់ ។

បច្ចុប្បន្ន​លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ ទទួល​បាន​ការងារ​សម្តែង​ច្រើន​រឿង ។ ប្រហែលជា​លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ មាន​ចំណុច​សំខាន់​ក្នុង​ការ​សម្តែង ទើប​ផលិតករ​ភាពយន្ត និង​អ្នកដឹកនាំ​រឿង​ជ្រើសរើស​ឱ្យ​ចូលរួម​សម្តែង​ច្រើន គ្រាន់តែ​ពុំ​ទាន់​មានឱកាស​បាន​តំណែង​តួឯក​ប៉ុណ្ណោះ ។ ខ្សែភាពយន្ត​ជា​ច្រើន​ដែល​លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ បញ្ចេញ​ទេព​កោសល្យ ដូច​ជា​រឿង «សង្សារ​ខ្ញុំ​អាប​» រឿង «​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​» រឿង «​ក្រមុំ​៣១​កំលោះ​៥២» រឿង «​ចាំតែ​ខ្លាច​តើ​! » រឿង «​តាម​ស៊ើប​ជួប​ស្នេហ៍​» រឿង «​វាលស្រែ​ស្នេហ៍​ខ្ញុំ​» និង​រឿង «ស្នេហ៍​ចាំជាតិ​» ជាដើម ។ ថ្មី​ៗ​នេះ​លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ ទទួល​បាន​ឱកាស​ថត​ភាពយន្ត​ចំនួន​២​រឿង គឺ​រឿង​«​កំណត់ហេតុ​នាង​នាថ​» និង​រឿង​«​បណ្តឹង​ស្រី​ទាំង​៥» ។

លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា បន្ទាប់​ពី​លោក​ជាប់​ចំណាត់​លេខ​៥​ក្នុង​ការ​ប្រកួត​ហ្វ្រេ​ស៊ី​ឆ្នាំ​២០១១​មក លោក​ពុះពារ​ជាមួយ​អាជីព​សិល្បៈ​រហូត​មក ព្រោះតែ​ចិត្ត​ស្រឡាញ់ ។ លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ តែងតែ​បណ្តុះ​គំនិត​ថា​ខំ​ស៊ូ​ជាមួយ​ការងារ និង​ខំ​ដុសខាត់​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ «​ខ្ញុំ​ប្រកាន់​ទស្សនៈ​ថា ខំ​សម្តែង​តាំងពី​ចំណុច​ទី​១ តិច​ៗ​សិន ហើយ​ថ្ងៃ​ណាមួយ​គេ​ពិតជា​មើលឃើញ​ពី​អ្វី​ដែល​បាន​កែ​ច្នៃ ។ នៅ​ទីបំផុត​ខ្ញុំ​ទទួល​បានការ​ងារ​ពី​មួយ​ឆ្នាំទៅ មួយ​ឆ្នាំ​ជាមួយ​កិច្ចការ​សិល្បៈ​ដែល​អាច​នឹង​ថា​ការ​បំពេញភារកិច្ច​យើង​ហុច​សញ្ញា​ល្អ គួរ​ជាទី​ពេញចិត្ត ។ ខ្ញុំ​មិន​នឹក​ស្មានថា​មាន​ខ្សែភាពយន្ត​ជា​ច្រើន​បាន​ធ្លាក់​ដល់​ដៃ មាន​វត្តមាន​សម្តែង​ទេ​ប៉ុន្តែ​បែរជា​រត់​មក​យ៉ាងច្រើន​ស្ទើរតែ​មិន​ជឿ នេះ​ប្រហែលជា​គេ​មើលឃើញ​ពី​ស្នាដៃ ការ​គោរព​ពេលវេលា បូក​ផ្សំ​ជាមួយ​គុណធម៌​ផង​ទើប​រុញ​យើង​ទៅ​មុខ​បាន​។ សិល្បៈ​ងាយស្រួល​ប្រសិនបើ​យើង​ចេះ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​ផ្សំ​ជាមួយ​ទេព​កោសល្យ នោះ​អាច​វែកផ្លូវ​យើង​ដើរទៅ​មុខ​បាន​ដើម្បី​ជា​ការ​ធ្វើ​ឲ្យ​ទស្សនិកជន​វាយតម្លៃ​ពេល​ចេញផ្សាយ​ស្នាដៃ​នោះ ។ ទោះជា​យ៉ាងណា​ក្តី​ខ្ញុំ​នៅ​មិន​ទាន់​ឈាន​ឡើង​តួឯក​ណាមួយ​ទេ ប៉ុន្តែ​រឿង​ដែល​ខ្ញុំ​បាន​សម្តែង​កន្លង​មក​គឺ​ហាក់​បង្ហាញ​ភាព​លេចធ្លោ គឺ​សឹង​ថា​ប្រហែលជា​តួឯក ។ ដូចនេះ​ហើយ​ទើប​ខ្ញុំ​មិន​អន់ចិត្ត ព្រោះ​តួឯក ឬ​មិន​តួឯក​មិន​សំខាន់​ទេ សំខាន់​ការ​សម្តែង​ដល់ ឬ​អត់ បើ​យើង​ខ្លាំង គឺ​សម្តែង​កើត អ្នក​មើល​ក៏​គេ​ចេះ​វាយតម្លៃ​យើង​ផង​ដែរ ។ ដូចនេះ​ហើយ​ទើប​កន្លង​មក​ខ្ញុំ​សប្បាយចិត្ត​គ្រា​ដែល​រឿង នីមួយ​ៗ​ខ្ញុំ​សម្តែង​ក៏​មាន​ឈុត​ឆាក​ច្រើន​ដែល​ជា​ឱកាស​ឲ្យ​ខ្ញុំ​បាន​បញ្ចេញស្នាដៃ​ទាញ​យក​ប្រជាប្រិយភាព​» ។

លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ នៅ​តែ​មាន​ជំនឿ​ថា​ថ្ងៃ​ណាមួយ​លោក​នឹង​បាន​តំណែង​តួឯក​ដែល​បង្ហាញ​ពី​ភាព​លូតលាស់​នៃ​អាជីព​មិន​ខាន ។ 

អតីត​និស្សិត​ច្បាប់​លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ អាយុ​២៥​ឆ្នាំ ជា​កូន​អ្នក​ភ្នំពេញ មាន​បងប្អូន​៣​នាក់​ស្រី​២​នាក់ ឯ​រូប​លោក​ជា​កូនពៅ ។ ឪពុក​លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ ជា​អតីតមន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងទេសចរណ៍​និង​ម្តាយ​ជា​អ្នក​រកស៊ី ។

លោក​សុ​ភ័ក្ត្រ​រិ​ទ្ធ នៅ​មិន​ទាន់​គិតគូរ​រឿង​គូស្រករ​នៅឡើយ​ទេ ដោយ​ខិតខំ​សន្សំ​ប្រាក់​ទុក​ឲ្យ​បាន​ច្រើន​សិន ៕