ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រវល់​តែ​អប់រំ​គេ​បែរជា​ភ្លេច​អប់រំ​ចិត្ត​ខ្លួនឯង

2 ឆ្នាំ មុន

រៀន​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​បដិបត្តិ​សមាធិ អប់រំ​ចិត្ត​ស្វែងរក​សន្តិភាព​ឱ្យ​ផ្លូវចិត្ត ព្រោះថា​ចិត្ត​របស់​យើង​នេះ​ពិបាក​ទូន្មាន​អប់រំ​ណាស់ ។ ពេល​ខ្លះ​រវល់​តែ​អប់រំ​ទូន្មាន​ចិត្ត​គេ ភ្លេច​អប់រំ​ទូន្មាន​ចិត្ត​ខ្លួនឯង ។ ការ​បដិបត្តិ​បែប​នេះ​គឺ​យើង​ត្រូវ​តាមដាន​ចិត្ត​របស់​យើង គ្រប់​ដង្ហើម​ចេញចូល ក្នុង​ឥរិយាបថ​ទាំង​៤(​ដេក…

រៀន​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​បដិបត្តិ​សមាធិ អប់រំ​ចិត្ត​ស្វែងរក​សន្តិភាព​ឱ្យ​ផ្លូវចិត្ត ព្រោះថា​ចិត្ត​របស់​យើង​នេះ​ពិបាក​ទូន្មាន​អប់រំ​ណាស់ ។ ពេល​ខ្លះ​រវល់​តែ​អប់រំ​ទូន្មាន​ចិត្ត​គេ ភ្លេច​អប់រំ​ទូន្មាន​ចិត្ត​ខ្លួនឯង ។ ការ​បដិបត្តិ​បែប​នេះ​គឺ​យើង​ត្រូវ​តាមដាន​ចិត្ត​របស់​យើង គ្រប់​ដង្ហើម​ចេញចូល ក្នុង​ឥរិយាបថ​ទាំង​៤(​ដេក ដើរ ឈរ អង្គុយ​) ។

ន​ត្ថិ សន្តិ ប​រំ សុ​ខំ ពុំ​មាន​សេចក្តីសុខ​ដទៃ​ក្រៅ​អំពី​សេចក្តី​ស្ងប់​ឡើយ ។ ធម្ម​ចារី សុ​ខំ សេ​តិ អ្នក​ប្រព្រឹត្ត​ធម៌​ជា​ប្រក្រតី រមែង​ជា​សុខ ។ អត្តា ហិ កិរ ទុ​ទ្ទ​មោ លោក​ថា​ខ្លួន​ហ្នឹងហើយ ដែល​បុគ្គល​ទូន្មាន​បាន​ដោយ​កម្រ ។

ពាក្យ​ថា​ខ្លួន លោក​សំដៅយក​ចិត្ត ខ្លួន​គឺ​ចិត្ត​យើង​នេះ ដែល​ថា​លំបាក​ប្រដៅ​នោះ​គឺ​លំបាក​នឹង​ទូន្មាន​ឱ្យ​លុះ​ក្នុង​អំណាច​ខ្លួន​ជាទី​បំផុតព្រោះ​ចិត្ត​រមែង​ត្រាច់​ទៅ​ក្នុង​អារម្មណ៍​ផ្សេង​ៗ​ជា​ចិត្ត​ឃ្លេងឃ្លោង​នៅ​មិន​នឹង​ដូច​កូន​ក្មេង​ដែល​មិនដឹង​អ្វី ឬ​ដូច​គោ​ដែល​គ្មាន​កន្លុះ ដែល​គេ​ឃ្លុំ​ហើយ នៅ​តែ​ទាញ​ទៅ​រក​សន្ទូង​ដោយ​អាកា​រៈ នៅ​មិន​នឹង​ដូច្នោះ​ឯង ។

មួយទៀត​ខ្លួន​នេះ លោក​សំដៅយក​ទាំង​អត្តភាព​និង​ចិត្ត ដែល​លំបាក​ទូន្មាន​នេះ គឺ​លំបាក​នឹ​ប​ទូន្មាន​មាន​កាយ វាចា ចិត្ត​ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អ ឱ្យ​តាំងនៅ​ក្នុង​កុសលធម៌ សីលធម៌ ឬ​កាលបើ​អាយតនៈ​ខាងក្នុង​និង​ខាងក្រៅ​ជួប​ប្រទះ​ប៉ះ​គ្នា​ហើយ ក៏​លំបាក​នឹង​ទូន្មាន​ឱ្យ​មាន​សោមនស្ស សេចក្តី​រី​រាយ និង​ទោមនស្ស សេចក្តី​មិន​រីករាយ​ឬ​មិន​ជាទី​ពេញចិត្ត កើតឡើង​បាន​គ្រប់ពេល​ទាំងអស់ ។

ព្រោះហេតុនោះ​បុគ្គល​ដែល​ទូន្មាន​ខ្លួន គឺ​ទូន្មាន​មាននូវ​កាយ វាចា ចិត្ត​ក្នុង​អាយតនៈ​ទាំង​៦​បាន​ហើយ ឈ្មោះ​ថា​មាន​ជ័យជម្នះ ប្រសើរ​ជាទី​បំផុត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ