ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនតៃវ៉ាន់​ ៦​នាក់​ ត្រូវតុលាការ ផ្តន្ទាទោស ​ម្នាក់​ៗ​​ជាប់គុក​ ១​ជីវិត ពាក់ព័ន្ធគ្រឿងញៀ.ន​ តែមេខ្លោងម្នាក់ រត់ពីមន្ទីរពេទ្យបាត់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក អ៊ឹ​ម វណ្ណៈ ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែធ្នូនេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាតិចិន​តៃវ៉ាន់​ចំនួន ​៦​នាក់ កំណត់​ឲ្យ​ជាប់ពន្ធ​នាគារ…

រាជធានី​ភ្នំពេញ​៖ លោក អ៊ឹ​ម វណ្ណៈ ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែធ្នូនេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាតិចិន​តៃវ៉ាន់​ចំនួន ​៦​នាក់ កំណត់​ឲ្យ​ជាប់ពន្ធ​នាគារ ​ក្នុង​ម្នាក់​ៗ មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ករណី​ផលិត និង​ជួញដូរ​គ្រឿងញៀន​ នៅ​កម្ពុជា។

សាលក្រម បាន​តម្រូវ​ជនជាប់ចោទ​ទាំង ​៦នាក់ ​បង់ប្រាក់​ពិន័យ​ចូល​ថវិការដ្ឋ ក្នុង​ម្នាក់​ៗ ៥០​លាន​រៀល និង​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​ តាម​កំណត់​ច្បាប់ បើសិន​ជនជាប់ចោទ​កើតទុក្ខ​មិន​សុខចិត្ត ​ចំពោះ​ការ​កាត់ក្តី​នេះ​។

ជនជាប់ចោទ​ទាំង​ ៦​នាក់​នេះ មាន​៖

១-​ឈ្មោះ He Yi Ri ភេទ​ប្រុស អាយុ​ ៦២ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ G៤៥៧៩៤៣៩៤  (​កំពុង​រត់គេច​ខ្លួន​) ជាប់ចោទ​ពី​បទ​កែ​ច្នៃ រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

២-​ឈ្មោះ Lee Shao Feng ភេទ​ប្រុស អាយុ ​៤៨​ឆ្នាំ ។ 

៣-​ឈ្មោះ Chen Chih Chieh  ហៅ Jakyភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។

៤-​ឈ្មោះ Chen Paijiun ភេទ​ប្រុស អាយុ ​២០​ឆ្នាំ ជាប់ចោទ​ពី​បទ​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

៥-​ឈ្មោះ Zhen Qi Zhi ភេទ​ប្រុស អាយុ​ ២៦​ឆ្នាំ ។

៦-​ឈ្មោះ Yu Yao Sung អាយុ​ ៣៦​ឆ្នាំ​។

ជន​ជាប់​ទាំង​ ៦​នាក់​នេះ ត្រូវ​បាន​ចោទប្រកាន់ពី​បទ​ផលិត រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរដោយ​​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជាមួយ​សារធាតុផ្សំ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​បរិក្ខារ ឬ​សម្ភារៈប្រើប្រាស់​ក្នុង​ការ​ផលិត ឬ​ការ​ប្រើ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ខេត្ត​ព្រះវិហារ ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​។

បទល្មើស​នេះ ​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣៩ មាត្រា​៤០ មាត្រា​៤៨ មាត្រា​៥៤ និង​មាត្រា​៥៦ នៃ​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។

សូម​ជម្រាប​ថា កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​បើក​ប្រតិបត្តិការ​បង្ក្រាប​ជា​បន្តបន្ទាប់ ​នៅ​ខេត្តព្រះវិហារ ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ សរុប​ចំនួន​ ៤​គោលដៅ​ផ្សេង​គ្នា នៅ​ថ្ងៃ​ទី​១០ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ដោយ​រឹបអូស​បាន​គ្រឿងញៀន​ផលិត​រួច​ប្រមាណ ​៧០​គីឡូក្រាម និង​សារធាតុ​ផ្សំ​គ្រឿងញៀន​មួយ​ចំនួន​ធំ រួម​ទាំង​សម្ភារៈ​បរិក្ខារ​ផលិតគ្រឿងញៀន​ជា​ច្រើន​ទៀត ​នៅ​តាម​ទីតាំង​និ​មួយ​ៗ​។

ជនជាប់ចោទ​ត្រូវ​បាន​ឃុំខ្លួន ​នៅ​ពន្ធនាគារ ​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​។ លុះ​មក​ដល់យប់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ជា​អកុសល ជនជាប់ចោទ​ម្នាក់​ ឈ្មោះ Hy  Yi  Ri ដែល​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំង​ ៦​នាក់ បាន​រត់គេច​ខ្លួន​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ខណៈ​អនុរក្ស​ពន្ធ​នាគារ​ នាំ​ទៅ​សម្រាក​ព្យាបាល​ជំងឺ ដែល​រហូត​មក​ដល់​ពេល​នេះ មេខ្លោង​រូប​នោះ ​មិន​ទាន់​ត្រូវ​ចាប់ខ្លួន​បាន​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ