ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ កោះពងសត្វ សំណូមពរអាជ្ញាធរ​សង្កាត់ និងក្រុងសិរីសោភ័ណ មេត្តាជួសជុល​ផ្លូវខូចខាត ក្រោយទឹកជំនន់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ក្រោយទឹកជំនន់ បង្កឲ្យផ្លូវលំមួយចំនួន នៅសង្កាត់កោះពងសត្វ រង​ការខូចខាត ប្រជាពលរដ្ឋ បានស្នើសុំចៅសង្កាត់ ដើម្បីជួសជុលឡើងវិញនូវផ្លូវមួយខ្សែ ដែលតភ្ជាប់ពីទៅសង្កាត់ព្រះពន្លា ទៅសង្កាត់កោះពងសត្វ…

ខេត្តបន្ទាយមានជ័យ៖ ក្រោយទឹកជំនន់ បង្កឲ្យផ្លូវលំមួយចំនួន នៅសង្កាត់កោះពងសត្វ រង​ការខូចខាត ប្រជាពលរដ្ឋ បានស្នើសុំចៅសង្កាត់ ដើម្បីជួសជុលឡើងវិញនូវផ្លូវមួយខ្សែ ដែលតភ្ជាប់ពីទៅសង្កាត់ព្រះពន្លា ទៅសង្កាត់កោះពងសត្វ ដែលរងនូវផលប៉ះពាល់ កាលពីទឹកជំនន់ ជន់លិច​កន្លងទៅនេះ បានធ្វើឲ្យស្ថានភាពផ្លូវ​ខូចខាតខ្លាំង លំបាកក្នុងការធ្វើដំណើរ​។

ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២១នេះ  លោកតា ផាត់  យឿម ជាប្រជាពលរដ្ឋ រស់នៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ផ្លូវមួយខ្សែនេះ គឺមានការលំបាកយ៉ាងខ្លាំងមិនថា តែសិស្សសាលា ដែលទៅរៀនសូត្រនោះ​ទេ ពិសេសបងប្អូន​ប្រជាពលរដ្ឋទាំងពីរសង្កាត់ គឺ​សង្កាត់កោះពងសត្វ និងសង្កាត់ភ្នៀត ដែលចាំបាច់ត្រូវធ្វើដំណើរទៅរកទីផ្សារលក់បន្លែ ឬទៅធ្វើការរោងចក្រជាដើម គឺជួបការលំបាកយ៉ាងខ្លាំងជាពិសេសកាលពីរដូវវស្សា គឺទឹកជំនន់ជន់លិចដំណាំអស់​ គ្មានសេសសល់អីទេ ចំណែកផ្លូវ ១ខ្សែ រងនូវការខូចខាតដោយទឹកជំនន់ជន់លិចនោះ ក៏មានការពិបាកធ្វើដំណើរ ដោយសារតែផ្លូវដាច់ក្រឡុក ប៉ុន្តែបើមានភ្លៀងមកម្តងៗ គឺរអិល។

លោកតា ផាត់  យឿម បានបញ្ជាក់ថា​ ព្រោះផ្លូវមួយខ្សែនេះ គឺចាំបាច់បំផុត សម្រាប់ប្រជាពលរដ្ឋពីរសង្កាត់ គឺសង្កាត់​កោះពងសត្វ និងសង្កាត់ភ្នៀត ត្រូវធ្វើដំណើរទៅកាន់ទីផ្សារសិស្សទៅសាលារៀន ហើយកន្លងមក ដោយសារតែផ្លូវនេះ មានការលំបាកខ្លាំងប្រជាពលរដ្ឋ ដូចជាកម្មកររោងចក្រ និងសិស្សសាលាបានធ្វើដំណើរតាមផ្លូវកំព្រីង ដែលត្រូវវាងឆ្ងាយ។

ហេតុដូច្នេះលោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមសំណូមពរដល់លោកចៅសង្កាត់កោះពង់សត្វ ក៏ដូចជាលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណមេត្តាជួយជួសជុល ផ្លូវមួយខ្សែនេះអោយបានខ្ពស់ ផុតពីការជន់លិចផងដែរ។

ទាក់ទិននឹងបញ្ហាផ្លូវ ១ខ្សែ ដែលតភ្ជាប់ពីសង្កាត់ព្រះពន្លា ទៅសង្កាត់កោះពងសត្វ  បើតាមលោក​ រ៉ា ប៊ុនធា ចៅសង្កាត់កោះពង​សត្វ បានឲ្យដឹងថា ផ្លូវ ១ខ្សែ ដែលរងការខូចខាតដោយទឹកជំនន់នេះ គឺមានប្រវែងជាង ៣,០០០ម៉ែត្រ ពីព្រំប្រទល់សង្កាត់​ព្រះពន្លា ទៅកាន់សង្កាត់កោះពងសត្វ អាជ្ញាធរសង្កាត់ បានធ្វើគម្រោងទៅថ្នាក់លើស្នើសុំជាផ្លូវកៅស៊ូយូរ​មក​ហើយ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់ចេញជាលទ្ធផលនៅឡើយទេ​។ ​ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ក៏ដូចជា សិស្សនុសិស្សទៅសាលានោះ អាជ្ញាធរសង្កាត់ ក៏បានស្នើសុំទៅប្រធានក្រុមការងារ ដើម្បីជូសជុលផងដែ​រ៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ