ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដោយសង្ស័យថា ឆ្លងចរន្តអគ្គិសនី ខណៈពេលដែលម្ចាស់មិននៅផ្ទះ ទៅរកស៊ីនៅខេត្តឆ្ងាយ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះនៅចំណុចភូមិហោង ស្ថិតក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីសមត្ថកិច្ចថា ម្ចាស់ផ្ទះខាងលើ ឈ្មោះ លាភ មានប្រពន្ធឈ្មោះ រី អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិហោង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នចេញទៅធ្វើការរកស៊ីនៅខេត្តព្រះសីហនុ ដោយទុកឱ្យស្ត្រីវ័យចំណាស់ម្នាក់ និងក្មេងម្នាក់នៅចាំផ្ទះ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថា នៅមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះផូងៗនៅក្នុងផ្ទះខាងលើ ក្រោយមកក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះសន្ធោរសន្ធៅ បណ្តាលឱ្យភ្លើងឆាបឆេះអស់តែម្តង។ ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ពន្លត់ផងដែរ ប៉ុន្តែដោយសារអំណាចភ្លើង ទើបមិនអាចជួយពន្លត់បាន។
ប្រភពដដែលបន្តថា ផ្ទះដែលអគ្គិភ័យលេបត្របាក់យកទៅនោះ ធ្វើអំពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី ដែលមានទំហំ៦ម៉ែត្រ គុណនឹង៩ម៉ែត្រ បណ្តាលឱ្យខូចខាតទាំងស្រុង ដែលសរុបរងការខូចខាតអស់ជាង២ម៉ឺនដុល្លារអាមេរិក។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីអគ្គិភ័យខាងលើនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វនោះទេ ហើយក៏មិនបានឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដទៃដែរ។ ប៉ុន្តែបើទោះបីជា សមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ តែក៏មិនអាចជួយបានដែរព្រោះតែអំណាចភ្លើង គ្រាន់តែជួយទប់ស្កាត់មិនឱ្យអណ្តាតភ្លើងឆាបឆេះឆ្លងដាលដល់ផ្ទះអ្នកជិតខាងតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ