រាជធានីភ្នំពេញ ៖តំណាងគណបក្សប្រជាជនកម្ពុជា (CPP) និងជាដើមបណ្តឹង លោក សុខ ឥសាន ដែលដាក់ពាក្យប្តឹងអតីតប្រធានមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងទារសំណង៤០០លានរៀលនោះ នឹងត្រូវចូលទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះរបស់លោកព្រះរាជអាជ្ញារង សៀង សុខ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ការចូលទៅបំភ្លឺរបស់លោក សុខ ឥសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអ្នកនាំពាក្យCPP នៅព្រឹកថ្ងៃទី០៦ ឧសភា ២០១៦ ក៍មានលោក គី តិច មេធាវីអមផងដែរ ។
ជាការកត់សម្គាល់ការដែល CPP សម្រេចដាក់ពាក្យប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគនយោបាយនិងសង្គមផងនោះកាលពីថ្ងៃទី២៤ មេសានោះ បានធ្វើឡើងបន្ទាប់ពីអតីតប្រធានមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជារូបនេះ បានធ្វើអត្ថាធិប្បាយផ្សាយតាមរលកធាតុអាកាសវិទ្យុអាស៊ីសេរីដោយលើកឡើងថា”យុទ្ឋសាស្ត្ររបស់គណបក្សកាន់អំណាចនាពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក” ។ ការអត្ថាធិប្បាយរបស់លោក អ៊ូ វីរៈនេះ បានធ្វើឲ្យលោក សុខ ឥសាន យល់ថាជាការមួលបង្កាច់បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនិងសម្រេចដាក់ពាក្យប្តឹងតែម្តង៕
ចែករំលែកព័តមាននេះ