ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចំណង​គ្រួសារ ​និង​ផល​ប៉ះពាល់​ដល់​ជីវិត​​អាពាហ៍ពិពាហ៍

7 ឆ្នាំ មុន

«​បើ​ស្រឡាញ់​ខ្ញុំ សូម​ស្រឡាញ់​ឆ្កែ​របស់ខ្ញុំ​ផង» គឺជា​សុភាសិត​មួយ​ ដែល​មាន​ន័យ​ថា បើ​អ្នក​ស្រឡាញ់​​ខ្ញុំ អ្នក​ត្រូវ​តែ​ស្រឡាញ់​មនុស្ស​​នៅ​ជុំវិញ​ខ្លួន​របស់ខ្ញុំ​ទាំងអស់​ និង​សត្វ​ចិញ្ចឹម​របស់ខ្ញុំ​ ។

«​បើ​ស្រឡាញ់​ខ្ញុំ សូម​ស្រឡាញ់​ឆ្កែ​របស់ខ្ញុំ​ផង» គឺជា​សុភាសិត​មួយ​ ដែល​មាន​ន័យ​ថា បើ​អ្នក​ស្រឡាញ់​​ខ្ញុំ អ្នក​ត្រូវ​តែ​ស្រឡាញ់​មនុស្ស​​នៅ​ជុំវិញ​ខ្លួន​របស់ខ្ញុំ​ទាំងអស់​ និង​សត្វ​ចិញ្ចឹម​របស់ខ្ញុំ​ ។

ទោះបីជា​ជីវិត​អាពាហ៍ពិពាហ៍​ គឺជា​រឿង​រវាង​មនុស្ស២​នាក់​ប្តី​-ប្រ​ព​ន្ធ​ ​ដែល​រៀប​ការ​ជាមួយ​គ្នា​ក្តី វា​តែងតែមាន​ភាព​ជំពាក់ជំពិន​ជាមួយ​​គ្រួសារ​ ។ នៅ​ក្នុង​សង្គម​យើង គេ​ច្រើន​និយាយ​ថា ​ជីវិត​អាពាហ៍ពិពាហ៍​មិន​ត្រឹមតែ​ជា​រឿង​ពីរ​​នាក់​ប្តី​ប្រ​ព​ន្ធ​ទេ វា​ថែម​ទាំង​ទាក់ទង​​នឹង​គ្រួសារ​ផង​ដែរ​ ។ ដោយសារ​តែ​បែប​នេះ ជីវិត​ប្តី​ប្រ​ព​ន្ធ អាច​ត្រូវ​រង​ផល​ប៉ះពាល់​ពី​ផ្នែក​ខាងក្រៅ​ គឺ​គ្រួសារ​ ។ មាន​ប្តី​
ប្រ​ព​ន្ធ​​មួយ​ចំនួន​ឈ្លោះ​ទាស់ទែង​គ្នា ​ដោយសារ​បញ្ហា​គ្រួសារ​របស់​ពួក​គេ​ ជា​ជាង​បញ្ហា​របស់​ពួក​គេ​ទាំង២​ផ្ទាល់​ ។

ឧទាហរណ៍ ប្រ​ព​ន្ធ​អាច​ត្រូវ​បន្ទោស ​ដោយសារ​តែ​មិន​មាន​សន្តាន​ចិត្តល្អ​គ្រប់គ្រាន់​ ចំពោះ​ឪពុក​ម្តាយ​របស់​ប្តី ​ឬ​ក៏​បងប្អូន​ខាង​ប្តី​។ ដូច​​គ្នា​នេះ ប្តី​អាច​ត្រូវ​បន្ទោស​ ដោយសារ​តែ​មិន​ស្រឡាញ់​ និង​គោរព​ឪពុក​ម្តាយ​ខាង​ស្រី​ ឬ​ក៏​មិន​យកចិត្តទុកដាក់​ជួយ​ដល់​​បងប្អូន​ខាង​ស្រី​​​ឱ្យ​បាន​គ្រប់គ្រាន់​ ។

ជួន​​កាល​​ទៀត វា​ជា​ការ​រំពឹង​ទុក​របស់​ឪពុក​ម្តាយ​ខាង​ប្តី​ ឬ​ក៏​ប្រ​ព​ន្ធ​​ដែល​ថា​ កូនបង្កើត​របស់​ខ្លួន ​និង​កូនប្រសា ​ដែល​មាន​ជីវភាព​ធូរធា​ ត្រូវ​ចេះ​ជួយ​បង​ឬ​ប្អូន​ ដែល​មានការ​លំបាក​ ។ ដូច្នេះ​ ប្តី​ប្រ​ព​ន្ធ​មួយគូ​មិន​ត្រឹមតែ​​ត្រូវ​យកចិត្តទុកដាក់​ដល់​ឪពុក​ម្តាយ​​ទាំង​សងខាង​ទេ ​គឺ​ត្រូវ​យកចិត្តទុកដាក់​ដល់​បងប្អូន​ទាំង​សងខាង​ផង​ដែរ​ ។

នេះ​ជា​អ​ម្រែ​ក ​ដ៏​ធ្ងន់​មួយ​សម្រាប់​ជីវិត​អា​ពា​ហ៍​នៅ​ក្នុង​សង្គម​ខ្មែរ ​។ យុវជន ​និង​យុវតី​ មុន​ឈាន​ដល់​ជីវិត​អា​ពា​ហ៍ពិពាហ៍ ​ត្រូវ​យល់​ដឹង​ឱ្យ​ច្បាស់​អំពី​ផ្នត់គំនិត​បែប​នេះ​ នៅ​ក្នុង​សង្គម​ ។ ពួក​គេ​ត្រូវ​តែ​ត្រៀមខ្លួន​ផ្តល់​ការ​ស្រឡាញ់​ និង​ការ​យកចិត្តទុកដាក់​ដល់​គ្រួសារ​ទាំង​សងខាង​ឱ្យ​​បាន​ស្មើភាព​គ្នា​បើ​ពុំនោះ​ទេ ​ពួក​គេ​អាច​នឹង​មាន​ជម្លោះ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ ។

ប៉ុន្តែ​តើ​មនុស្ស​គ្រប់​គ្នា ​ត្រូវ​តែ​បន្ត​គិត​ថា​ប្តី​ប្រ​ព​ន្ធ​មួយគូ​ ត្រូវ​តែ​យកចិត្តទុកដាក់​ និង​ទទួលខុសត្រូវ​ដល់​ជីវិត​មនុស្ស​ទាំង២​គ្រួសារ ​ឬ​យ៉ាងណា?

ការ​រំពឹង​ថា ​ប្តី​ប្រ​ព​ន្ធ​មួយគូ​ ត្រូវ​រែក​ពុន​ដល់​គ្រួសារ​ទាំង​ពីរ ​គឺជា​អ​ម្រែ​កមួយ​​ដែល​ធ្ងន់​ហួសហេតុ​ ។ ជំនួស​មក​វិញ មនុស្ស​នៅ​ក្នុង​សង្គម ​ត្រូវ​មានគំនិត​អំពី​ខ្លួន​ទីពឹង​ខ្លួន​ឱ្យ​​បាន​ច្រើន​ជា​ជាង​ការ​រំពឹង​​ជំនួយ​ពី​ខាងក្រៅ​ ។ ជា​ការ​ពិត​ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ជា​អំពើ​ល្អ​ ដែល​មនុស្ស​ត្រូវ​តែ​​ធ្វើ​នៅ​ក្នុង​សង្គម ​មិន​ថា​បងប្អូន ​ឬ​មិត្តភក្តិ​ឡើយ​ ។ ប៉ុន្តែ​គេ​មិន​ត្រូវ​គិត​ថា​ គឺជា​ការ​ទទួលខុសត្រូវ​របស់​ប្តី​ប្រ​ព​ន្ធ​មួយគូ​ឡើយ​ ។

ជា​​សរុប​មក វា​ចាំបាច់​ណាស់​ដែល​ប្តី​ប្រ​ព​ន្ធ​មួយគូ​ ត្រូវ​តែ​ទទួលស្គាល់​និ​ន្នាការ​​នៃ​ការ​គិត​ថា​ អាពាហ៍ពិពាហ៍​មួយ ​គឺជា​អាពាហ៍​ពិពាហ៍​ពីរ​គ្រួសារ​ ។ ប្តី​ប្រ​ព​ន្ធ ​ត្រូវ​ផ្តល់​ការ​គោរព​ស្រឡាញ់​ និង​យកចិត្តទុកដាក់​ដល់​ឪពុក​ម្តាយ​ ព្រមទាំង​បងប្អូន​ទាំង​សងខាង​​ឱ្យ​​បាន​​ស្មើគ្នា​ ។

ប៉ុន្តែ​ទន្ទឹម​នឹង​​នោះ មនុស្ស​ទូទៅ​ត្រូវ​មានការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​គិត​ខ្លះ​ ដោយ​មិន​ត្រូវ​គិត​ថា ​ប្តី​ប្រ​ព​ន្ធមួយគូ​ ត្រូវ​តែ​មានការ​ទទួល​ខុសត្រូវ​ដល់​គ្រួសារ​ទាំង​ពីរ​​ឡើយ ។ ពីព្រោះ​វា​ជា​អ​ម្រែ​ក​ដ៏​ធ្ងន់​ហួសហេតុ​ សម្រាប់​ប្តី​ប្រ​ព​ន្ធ​ពីរ​នាក់ ​ដែល​ត្រូវ​ចិញ្ចឹម​កូន​ក្នុង​គ្រួសារ​ផ្ទាល់ខ្លួន​ និង​ត្រូវ​ទទួលខុសត្រូវ​ដល់​គ្រួសារ​ធំ​ពីរ​ផ្សេង​ទៀត​របស់​ឪពុក​ម្តាយ ​៕