ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកនោមផ្អែម​នៅ​លើ​ស្ដ្រី​មាន​ផ្ទៃពោះ​មិន​មាន​លេច​ចេញ​រោគ​សញ្ញា​ឱ្យ​ដឹង​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​សង្កេត​របស់​អ្នកជំនាញ​បាន​រក​ឃើញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​សរុប​ប្រមាណ​ពី​៤​ទៅ​១០​ភាគរយ​ដែល​កើត​មាន​ជំងឺ​ទឹកនោមផ្អែម ។ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ក្នុង​ខ្លួន​របស់​ស្ត្រី​មានការ​ប្រែប្រួល​អ័​រម៉ូន

រាជធានី​ភ្នំពេញ ៖ តាម​ការ​សង្កេត​របស់​អ្នកជំនាញ​បាន​រក​ឃើញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​សរុប​ប្រមាណ​ពី​៤​ទៅ​១០​ភាគរយ​ដែល​កើត​មាន​ជំងឺ​ទឹកនោមផ្អែម ។ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ក្នុង​ខ្លួន​របស់​ស្ត្រី​មានការ​ប្រែប្រួល​អ័​រម៉ូន​សម្រប​ទៅ​តាម​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ ទើប​មានការ​ប្រែប្រួល​អ័​រម៉ូ​ន​ជាយថាហេតុ ។

អ័​រម៉ូ​ន​ស្ត្រី​នៅ​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឱ្យ​ជាតិ​ស្ករ​របស់​ស្ត្រី​កើនឡើង ។ តាម​ធម្មតា​លំពែង​របស់​ស្ត្រី​ធ្វើការ​ចំនួន​៣​ដង​ច្រើន​ជាង​មុន​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ទប់ទល់​នឹង​អ័​រម៉ូន​ដែល​បាន​បញ្ចេញ​មក ។ បើសិនជា​លំពែង​ស្ត្រី​នោះ​មិន​អាច​ទប់ទល់​នឹង​ការ​កើនឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ទេ គឺ​ស្ត្រី​បាន​កើត​ជំងឺ​មួយ​ដែល​គេ​ហៅ​ថា​ជំងឺ​ទឹកនោមផ្អែម ។ នេះ​ជា​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ប្រធាន​អ៊ុយ​នី​តេ​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ។

លោក​វេជ្ជបណ្ឌិត​ស៊ុំ ស​ត្ថា បាន​មាន​ប្រសាសន៍​ទៀត​ថា ជំងឺ​នេះ​អាច​កើត​មាន​ទៅ​លើ​ស្ត្រី ដែល​មុន​ពេល​មានគភ៌​មាន​គីឡូ​ច្រើន ឬ​មួយ​ស្ត្រី​នោះ​មាន​ប្រវត្តិ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ឬ​មួយ​ក៏​ស្ត្រី​ធ្លាប់​មាន​ប្រវត្តិ​មាន​ផ្ទៃពោះ​លើក​មុន​នោះ​មាន​ទឹកភ្លោះ​ច្រើន​ពេក​។ តើ​អាការ​របស់​ជំងឺ​នេះ​យ៉ាងដូចម្តេច ? ជា​ធម្មតា​ជំងឺ​ទឹកនោមផ្អែម ដែល​កើត​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ មិន​មាន​លេច​ចេញ​ជា​អាការ​ឱ្យ​យើង​ដឹង​ទេ ហេតុ​ដូច្នេះ​ហើយ ទើប​ស្ត្រី​មួយ​ចំនួន​មិន​បាន​ចាប់អារម្មណ៍ ទាំង​ក្រុម​គ្រួសារ និង​អ្នកជំងឺ​ផ្ទាល់​មិន​បាន​ស្វែងរក​ការ​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​នេះ​ទេ ពីព្រោះ​ថា ជំងឺ​នេះ​អត់​មាន​រោគ​សញ្ញា ទាស់​តែ​ទៅ​ធ្វើ​តេស​ទើប​បានដឹង ។ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ក៏​ដូច​ជា​ប្រទេស​ជឿនលឿន​ជិតខាង គឺ​រាល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ទាំងអស់​តម្រូវ​ឱ្យទៅ​ធ្វើ​តេស​ដើម្បី​ស្វែងរក​ជំងឺ​ទឹកនោមផ្អែម​នេះ ។ បើសិនជា​ស្ត្រី​ដែល​មាន​កត្តា​ប្រឈម​មុខ​ខ្ពស់ យើង​ធ្វើ​តេស​រក​ជំងឺ​ទឹកនោមផ្អែម​នេះ​នៅ​ពេល​ដែល​យើង​មក​ជួប​លោកគ្រូ​ពេទ្យ​ជំនាញ​ផ្នែក​សម្ភព​លើក​ដំបូង ។ បើសិន​ស្ត្រី​ដែល​មិន​មាន​កត្តា​ប្រឈម​ច្រើន​លើក​ដំបូង​ទេ គឺ​យើង​រង់ចាំ​រហូត​ដល់​ស​ប្តា​ហ៍​ទី​២៤​ចន្លោះ​ពី​ស​ប្តា​ហ៍​ទី​២៤ និង​ស​ប្តា​ហ៍​ទី​២៨ ចាំ​យើង​ធ្វើ​តេស ។

ផលវិបាក​ដែល​កើតឡើង​ជាយថាហេតុ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​នេះ​គ្មាន​រោគ​សញ្ញា​នោះ​ទេ គឺ​ផលវិបាក​នឹង​កើត​មាន​ទៅ​លើ​ម្តាយ និង​ទារក​ចៀស​មិន​ផុត​។  តើ​ផលវិបាក​ទៅ​លើ​ទារក​មាន​អ្វីខ្លះ? ផលវិបាក​ទៅ​លើ​ទារក​មាន​ដូច​ជា ទារក​នោះ​ធាត់​ពេក​ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​សម្រាល ហើយ​ទារក​នោះ​អាច​មាន​បញ្ហា​ចង្វាក់​ដង្ហើម​នៅ​ពេល​កើត ឬ​មួយ​កើត​មិន​គ្រប់​ខែ ឬ​រលូត ហើយ​ទារក​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នៅ​ពេល​ដែល​ទារក​នោះ​ពេញវ័យ ។ ទាំងនេះ ជា​ផលវិបាក​ដែល​កើតឡើង​ចំពោះ​ទារក ។ ដោយឡែក ចំពោះ​ស្ត្រី​ជា​ម្តាយ​ក៏​មាន​ផលវិបាក​ដែរ គឺ​អ្នក​ម្តាយ​អាច​ប្រឈម​នឹង​ជំងឺលើសឈាម ជំងឺ​ព្រាយ​ក្រឡាភ្លើង ហើយ​គាត់​ខ្លួនឯង​ក៏​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែរ នៅ​ពេល​ខាង​មុខ ឬ​ក៏​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​លើក​ក្រោយ ។ ដូច្នេះ​សូម​ចាប់អារម្មណ៍​ថា ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​លេច​ចេញ​ទេ តែ​វា​មាន​ផល​លំបាក​ច្រើន ដូច្នេះ​យើង​ត្រូវ​តែ​ចាប់អារម្មណ៍ ហើយ​ធ្វើការ​រុករក​ដើម្បី​កុំឱ្យ​ស្ថានភាព​នេះ​លំបាក​ស្មុគស្មាញ​ក្នុង​ការ​ព្យាបាល ។ ការ​ព្យាបាល​ជំងឺ​នេះ​គឺថា មិន​មានអី​ស្មុគស្មាញ​នោះ​ទេ អ្នក​ត្រូវ​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ផ្នែក​ទឹកនោមផ្អែម​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ឱ្យ​គ្រូពេទ្យ​ប្រឹក្សា​យោបល់​អំពី​របប​ចំណីអាហារ ដែល​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។

ការ​ទទួលទាន​អាហារ​ត្រូវ​ឲ្យ​បាន​គ្រប់គ្រាន់ ពីព្រោះ​មានគភ៌​នៅ​ក្នុង​ផ្ទៃ​បើ​យើង​ទទួលទាន​មិន​បាន​គ្រប់គ្រាន់ ផល​ប៉ះពាល់​ទៅ​លើ​ផ្ទៃ​របស់​យើង​ក៏​មាន​ផល​ប៉ះពាល់​ដែរ តែ​ផ្ទុយ​ទៅ​វិញ នៅ​ពេល​អ្នកជំងឺ​លើស​ជាតិ​ស្ករ​បើ​ទទួលទាន​ច្រើន​ពេក​គឺថា ធ្វើ​ឲ្យ​មាន​ផលវិបាក​ដូច​គ្នា ។ ដូច្នេះ​ការ​ដែល​មក​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដែល​អាច​ណែនាំ​ពន្យល់​ពី​របប​ចំណីអាហារ និង​លំ​ហាត់ប្រាណ គឺ​អាច​ជួយ​អ្នក​បាន ។ មធ្យោបាយ​ទី​២​អាច​មាន​ថ្នាំ​គ្រាប់​សម្រាប់​អ្នកជំងឺ​ទទួលទាន​ដើម្បី​បញ្ចុះ​ជាតិ​ស្ករ ។

លោក​វេជ្ជបណ្ឌិត​ស៊ុំ ស​ត្ថា ប្រធាន​អ៊ុយ​នី​តេ​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​បាន​រំលឹក​ថា  សម្រាប់​អ្នក​ដែល​កើត​ជំងឺ​នេះ តើ​ជាតិ​ស្ករ​របស់​គាត់​មាន​ក្នុង​កម្រិត​ណា ? ដែល​ថា​មាន​សុវត្ថិភាព​ផល​ប៉ះពាល់​គឺថា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​កម្រិត​ជាតិ​ស្ករ​ដែល​ល្អ​បំផុត​ដើម្បី​ជៀសវាង​កុំឱ្យ​មាន​ផលវិបាក គឺ​បាន​សេចក្តី​ថា នៅ​ពេល​ព្រឹក​មុន​នឹង​ទទួលទាន​អាហារ កម្រិត​ជាតិ​ស្ករ​របស់​ស្ត្រី​នោះ​ត្រូវ​តែ​ទាប​ជាង ឬ​ស្មើនឹង​៩៥​មី​ល្លី​ក្រាម​ប៉ា​ក់​ដេ​ស៊ី​លី​ត្រ ឬ​មួយ​ក៏​ជាតិ​ស្ករ​២​មោ​៉​ង​ក្រោយ​ពី​ទទួលទាន​អាហារ​តិច​ជាង​១២០​មី​ល្លី​ក្រាម​ប៉ាក់​ដេ​ស៊ីលី​ត្រ កម្រិត​នេះ​ត្រូវ​តែ​ទាប​ហើយ​ល្អ​យ៉ាង​នេះឯង​ដើម្បី​ការពារ​កុំ​ឲ្យ​អ្នកជំងឺ​មាន​ផលវិបាក ។ នៅ​ពេល​ស្ត្រី​នោះ​សម្រាល​រួច ជា​ធម្មតា​ជំងឺ​វា​នឹង​ស្វះស្វែង​ដោយ​ខ្លួនឯង ពីព្រោះ​ថា នៅ​ពេល​សម្រាល​ទារក​រួច​អ័​រម៉ូ​ន​ស្ត្រី​នឹង​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ដូច​មុន​ពេល​ដែល​មាន​ផ្ទៃពោះ​យ៉ាង​ដូច្នេះ​ឯង ។ ជាតិ​ស្ករ​របស់​គាត់​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍វា​នឹង​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ ប៉ុ​ន្តែ​ចំពោះ​កា​រវិ​វត្ត​រយៈពេល​វែង​គឺ​ម្តាយ​ដែល​មាន​ជំងឺ​នេះ​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នៅ​ពេល​អនាគត ។ ដូច្នេះ​ទោះបី​ក្រោយ​ពី​សម្រាល​បុត្រ​រួច និង​បន្ទាប់​ពី​ជាតិ​ស្ករ​ត្រឡប់​មក​ធម្មតា​ហើយ ជា​គោល​ការ​ណែនាំ​របស់​គ្រូពេទ្យ​សម្រាប់​មាតា​ត្រូវ​តែ​បន្ត​ការ​ហាត់ប្រាណ ការ​ទទួលទាន​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន​មិន​សម្បូរ​កាល់​ឡូ​រី​ខ្ពស់ និង​ការ​ឡើង​ទម្ងន់​ពេក​ដើម្បី​ជៀសវាង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ជាយថាហេតុ​។ ពីព្រោះ​ថា បើ​ស្ត្រើ​មាន​ផ្ទៃពោះ​ធ្លាប់​កើត​ជំងឺ​ទឹក​នោមផ្អែម​ហើយ​គឺ​៥០​ភាគរយ​នៃ​មាតា​នោះ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។

សូម​ស្ត្រី​ទាំងឡាយ​ចាប់អារម្មណ៍​រឿង​នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្លាក់​ទៅ​រក​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែល​ជា​ជំងឺ​រ៉ាំ​រ៉ៃ និង​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ព្យាបាល ៕