ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​កាន់​ឬ​រក្សា​ឧបោសថសីល​ទាំង​3​ប្រការ

9 ឆ្នាំ មុន

កម្លាំង​សីល​មាន​អានុភាព​ច្រើន​ណាស់​មិន​អាច​គណនា​ចំនួន​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ​បាន​ទេ និង​អាច​រុញច្រាន​ពី​កំណើត​មនុស្ស​ឱ្យទៅ​ជា​កំណើត​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​បាន​តាម​សេចក្តី​ប្រាថ្នា ឱ្យ​តែ​បុគ្គល​នោះ​ប្រព្រឹត្ត​រក្សា​បាន​ល្

កម្លាំង​សីល​មាន​អានុភាព​ច្រើន​ណាស់​មិន​អាច​គណនា​ចំនួន​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ​បាន​ទេ និង​អាច​រុញច្រាន​ពី​កំណើត​មនុស្ស​ឱ្យទៅ​ជា​កំណើត​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​បាន​តាម​សេចក្តី​ប្រាថ្នា ឱ្យ​តែ​បុគ្គល​នោះ​ប្រព្រឹត្ត​រក្សា​បាន​ល្អ ពោល​គឺ​កុំ​ធ្វើ​ឱ្យ​សិក្ខាបទ​ពព្រុះ​ពពាល​សៅហ្មង (​សីលវិបត្តិ​)​។ កាលដែល​បុគ្គល​ប្រតិបត្តិ​សីល​បាន​ល្អ​គ្រប់​សិក្ខាបទ​ហើយ លោក​ឱ្យឈ្មោះ​ថា មាន​ព្រហ្មចរិយធម៌​ក្នុង​សន្តាន ហើយ​អ្នកមាន​ព្រហ្មចរិយធម៌​រមែង​រស់នៅ​ជា​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

ដំបូង​សូម​ធ្វើការ​ពន្យល់​អំពី​ពាក្យ​ព្រហ្មចរិយៈ ឬ​ព្រហ្មចរិយធម៌​សិន មុន​នឹង​បកស្រាយ​ពាក្យ​ថា​សីល ។ ព្រហ្មចរិយៈ ជា​នាម​ប្រែ​ថា បែបបទ​ឬ​សណ្តាប់ធ្នាប់​របស់​ព្រហ្មចារី
ឬ​ព្រហ្មចារិនី ការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ។ តាម​ន័យ​ខាង​ព្រះពុទ្ធ​សាសនា ការ​ឱ្យទាន​, ការ​ខ្វល់ខ្វាយ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល​, ការ​រក្សាសីល​៥ សីល​៨, ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤, ការ​សម្តែងធម៌​ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត​, ការ​វៀរចាក​មេថុនធម្ម សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​ខ្លួន​, សេចក្តី​ព្យាយាម​ដ៏​ភ្ជាប់​ភ្ជួ​ន​ក្នុង​កង​ការ​កុសល​, ការ​រក្សា​ឧបោសថសីល​តាម​ការ​កំណត់​ជាដើម លោក​ឱ្យឈ្មោះ​ថា ព្រហ្មចរិយៈ ឬ​ហៅ​ថា ព្រហ្មចរិយធម៌ ។ ធម៌​ដ៏​ប្រសើរ​ហៅ​ថា ព្រហ្មចរិយៈ​មាន​២​យ៉ាង​គឺ សាសន​ព្រហ្មចរិយៈ បាន​ដល់​មគ្គផល​១ និង​មគ្គ​ព្រហ្មចរិយៈ​បាន​ដល់​មគ្គ​បួន​ផល​បួន និព្វាន​មួយ​១ ។ ព្រហ្មចរិយៈ​ដែល​ប្រែ​ថា ប្រសើរ បាន​ដល់​ពុទ្ធបរិស័ទ​អ្នករក្សា​ឧបោសថសីល​ទាំង​៣​ណាមួយ​ក៏​បាន​គឺ ៖

បកស្រាយ​ពី​សីល​៣​ប្រភេទ

  1. -​បកតិ​ឧបោសថ ឧបោសថ​ប្រក្រតី​ក្នុង​១​ខែ​មាន​កាល​រក្សា​៨​ថ្ងៃ គឺ​៥​កើត ៨​កើត ១៤​កើត​១៥​កើត និង​៥​រោច ៨​រោច ១៤​រោច ១៥​រោច​រួម​ជា​៨​ថ្ងៃ (​ខាង​នោ​ច​បើ​ខែ​ខ្វះ​ថ្ងៃ​១៤​រោច​ថយ​មក​នៅ​ត្រឹម​១៣​រោច​វិញ ថ្ងៃ​១៥​រោច​ថយ​មក​នៅ​ថ្ងៃ​១៤​រោច​វិញ​)
  2. -​ប​ដិ​ជា​គរ​ឧបោសថ ឧបោសថ​រលឹក​តប​តាម​អម​ថ្ងៃ​អង្គ​នៃ​បកតិ​ឧបោសថ​ខាងលើ​នោះ ក្នុង​១​ខែ​មាន​កាល​១១​ថ្ងៃ​គឺ​ថ្ងៃ​៤​កើត ៧​កើត ១៣​កើត និង​ថ្ងៃ​៤​រោច ៧​រោច ១៣​រោច ទាំង​៦​ថ្ងៃនេះ​នៅ​ខាង​ដើម​បកតិ ហៅ​ថា​ថ្ងៃ​ទទួល​រក្សា​សិក្ខាបទ​៨​អស់​១​ថ្ងៃ​១​យប់​ដូច​បកតិ​ឧបោសថ​ដែរ ប៉ុន្តែ​មិន​មាន​កិច្ច​សមាទាន​ទេ​, ថ្ងៃ​៦​កើត ៩​កើត និង​ថ្ងៃ​១​រោច ៦​រោច និង​៩​រោច ទាំង​៥​ថ្ងៃនេះ​ទៅ​ខាង​ចុង​ថ្ងៃ​បកតិ​ឧបោសថ ហៅ​ថា​ថ្ងៃ​ជូន​ដំណើរ​ត្រូវ​រក្សា​សិក្ខាបទ​គ្រប់​ទាំង​៨​ថែម​១​ថ្ងៃ​១​យប់​ទៀត ។
  3. -​បាដិហារិយ​បក្ខ​ឧបោសថ លោក​កំណត់​យក​ខែ​ក្នុង​រដូវភ្លៀង​៥​ខែ ជា​កាល​គឺ​រាប់​ពី​ថ្ងៃ​១​រោច​ខែ​អាសាធ​ទៅ​ទល់​នឹង​ថ្ងៃ​១៥​កើត​ខែកត្តិក បើ​រាប់​ជា​ថ្ងៃ​បាន​១១៨​ថ្ងៃ ។

រីឯ​បាដិហារិយ​បក្ខ​ឧបោសថ​នេះ មិន​មាន​កិច្ច​សមាទាន​ឡើយ ។ ក្នុង​វណ្ណនា​នៃ​រាជ​សូត្រ​ប្រាប់​ថា បាដិហារិយ ប​ក្ខោ នាម អន្តោ​វ​ស្សេ តេ​មា​សំ​និ​ព​ន្ធូ​បោស​ថោ ឧបោសថ​ដែល​បុគ្គល​រក្សា​ជាប់​មិន​ដាច់​អស់​៣​ខែ​ក្នុង​វស្សា​ឈ្មោះ​ថា បាដិហារិយ​បក្ខ​ឧបោសថ​, បើ​បុគ្គល​មាន​សទ្ធា​រក្សា​អស់​កាល​ទាំង​៥​ខែ ក៏​ប្រពៃ​ពេក​ណាស់ តែបើ​មិន​អាច​រក្សា​បាន​ទេ នឹង​រក្សា​តែ​១​ខែ​គឺ​រាប់​ពី​ថ្ងៃ​១​រោច​ខែអស្សុជ​ទៅ​ទល់​នឹង​ថ្ងៃពេញបូណ៌មី​ខែ​ក​ក្តិក​ក៏​បាន ឬ​ក៏​រក្សា​តែ​កន្លះ​ខែ​រាប់​ពី​ថ្ងៃ​១​រោច​ខែអស្សុជ ទៅ​ទល់​នឹង​ថ្ងៃ​១៤​រោច ខែអស្សុជ​ប៉ុណ្ណោះ​ក៏​បាន ឈ្មោះ​ថា​បាដិហារិយ​ឧបោសថ​ដូច​គ្នា តាម​ស្ម័គ្រចិត្ត​អ្នកមាន​សទ្ធា​ចង់​រក្សា ។ ទោះ​ជាយ៉ា​ង​ណា​ក៏​ដោយ មិនឃើញ​មានច្បាប់​បង្គាប់​ថា​ត្រូវ​រក្សា​សិក្ខាបទ​ទាំង​៨​គ្រប់​ថ្ងៃ​ទាំង​អស់នោះ​ទេ​, ឯ​ច្បាប់​ហាមឃាត់​ក៏​គ្មាន​ដែរ ។

បើ​តាម​ន័យ​ខាងលើ​នេះ​គ្រាន់តែ​រក្សា​ប​ដិ​ជា​គរ​ឧបោសថ ជាប់​រាល់ថ្ងៃ​គ្រប់​៣​ខែ ក៏​ឡើង​ទៅ​ជា​បាដិហារិយ​បក្ខ​ឧបោសថ​ហើយ ។ រួម​សីល​ក្នុង​ឧបោសថ​ទាំង​អស់នេះ​ឱ្យឈ្មោះ​ថា សាសន​ព្រហ្មចរិយៈ ។ ឯ​មគ្គ​ព្រហ្មចរិយៈ​នោះ​បាន​ដល់​មគ្គ​៤ ផល​៤ ដែល​រំលត់ភ្លើង​ទុក្ខ​គឺ​ជាតិ ជរា ព្យាធិ មរណៈ និង​ភ្លើង​កិលេស​គឺ​រាគៈ ទោសៈ មោហៈ​បាន ។

ព្រោះហេតុនោះ​ពុទ្ធបរិស័ទ​ទាំងឡាយ​គួរ​ពិចារណា​ឱ្យ​ឃើញ​ផល​អស្ចារ្យ​នៃ​ឧបោសថ គួរ​ណាស់​តែ​យើង​ឆ្លៀតឱកាស​ធ្វើ​ទាន​រក្សាសីល ព្រោះ​កើតមក​បាន​ជួប​ប្រទះ​នឹង​ព្រះពុទ្ធ​សាសនា ទុក​ថា​ជា​ខ្លួន​មានភ័ព្វ​សំណាង​ណាស់ ។ ម្យ៉ា​ង​ទៀត​សេចក្តីស្លាប់​សម្រាប់​រូប​កាយ​យើង​នៅ​ប្រចាំការ​គ្រប់​ដង្ហើម​ចេញចូល​រាល់ថ្ងៃ​រាល់​យប់​គ្រប់​វេលា គួរ​សប្បុរស​គ្រប់​រូប ទោះជា​អ្នក​ធ្វើស្រែ​ចម្ការ​ក្តី អ្នក​ធ្វើ​របរជំនួញ​ក្តី អ្នកធ្វើការ​ឈ្នួល​ក្តី អ្នកបម្រើ​រាជការ​ក្តី បុគ្គលិក​ស្ថាប័នឯកជន​នានា​ក្តី គប្បី​លៃលក​រក​ឱកាស​ធ្វើ​កង​ការ​កុសល គឺ​សីល​ជា​យាន​ទាន​ជា​ស្បៀង ទុក​បង្ការ​ផ្លូវ​ទៅ​មុខ​ឱ្យ​ហើយ ទោះបី​តិច ឬ​ច្រើន​កុំឱ្យ​ខកខាន​ខូច​វេលា ។ ធ្វើ​ទាន​សីល​ភាវនា​ដើម្បី​នឹង​បានជា​ឧបនិស្ស័យ​ទៅ​កាន់​បរមលោក​ក្សេម​ផុត​ចាក​ទុក្ខ​ទាំងពួង ៕

(​ដោយ​ធម្មាចារ្យ សច្ចៈ ភាព)