ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ពោធិ៍សាត់ ឡើង​ហួស​ចំណុច​ប្រកាស​អាសន្ន តែ​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ទឹកស្ទឹង​ពោធិ៍សាត់ បាន​ជន់​ឡើង​ខ្លាំង​ហួស​ចំណុច​ប្រកាស​អាសន្ន ប៉ុន្តែ​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ

ខេត្តពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ទឹកស្ទឹង​ពោធិ៍សាត់ បាន​ជន់​ឡើង​ខ្លាំង​ហួស​ចំណុច​ប្រកាស​អាសន្ន ប៉ុន្តែ​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍​សាត់ បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​ក្នុង​ក្រុង​ពោធិ៍សាត់ ដើម្បី​មាន​វិធានការ​គ្រប់គ្រង​សភាពការណ៍ ប្រសិន​បើ​ទឹក​នៅ​តែ​បន្ត​ជន់​ថែម​ទៀត​នោះ​។

លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​ស​ង្គេ​ត​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ឃើញ​ថា មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ពីរ​បី​យប់​មក​ហើយ ធ្វើ​ឲ្យ​ស្ទឹង​ចំនួន​០៣ គឺ​ស្ទឹង​អា​រ៉ៃ ស្ទឹ្ង​ង​ព្រៃ​ខ្លុង និង​ស្ទឹងធំ នាំ​ទឹក​ហូរ​ចាក់​មក​លើ​ដងស្ទឹង​ពោធិ៍សាត់ បង្ក​ជា​ជំនន់​ទឹកភ្លៀង​លិច​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង ដែល​នៅ​ផ្នែក​ខាងក្រោម​។

លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦​នេះ កម្ពស់​ទឹកស្ទឹង​នៅ​ក្រុង​ពោធិ៍សាត់ ឡើង​ដល់ ៥,៩​ម៉ែត្រ គឺ​ហួស​ចំណុច​ប្រកាស​អាសន្ន ប៉ុន្តែ​ទឹក​នៅ​ស្រុក​ភ្នំក្រវាញ បាន​ចាប់ផ្ដើម​ស្រក​វិញ​បន្តិច​ហើយ​។ បើ​យើង​បើក​ឲ្យ​ចេញ​បែក​វាល វា​នឹង​លិច​ស្រូវ​ប្រជា​កសិករ​ដែល​កំពុង​ទុំ​តាម​ស្រែ ដូច្នេះ​យើង​ឲ្យ​ជន់​តែ​ក្នុង​ស្ទឹង​ពោធិ៍សាត់​សិន​ចុះ លុះត្រាតែ​ទប់​លែង​ជាប់ ទើប​យើង​បញ្ចេញ​ឲ្យ​បែក​វាល​។

លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​លើក​ឡើង​ថា សម្ដេច​តេ​ជោ ហ៊ុន សែន មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​អំពី​បញ្ហា​ទឹកជំនន់​នេះ ដូច្នេះ​ខេត្ត​ដែល​មាន​ស្ទឹង​ធ្លាប់​ជន់​លិច​រាល់​ឆ្នាំ អភិបាលខេត្ត​នីមួយ​ៗ​ត្រូវ​តែ​ត្រៀមលក្ខណៈ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ទល់ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​។

លោក​អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង និង​សេចក្ដីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម គឺថា ទឹក​នៅ​ប៉ែក​ខាងលើ បាន​ស្រក​បន្តិច​វិញ​ហើយ ហើយ​កំពុង​ចាល់​មក​ប៉ែក​ខាងក្រោម​វិញ​។ បើ​ពុំ​មាន​ភ្លៀង​ធ្លាក់​ទៀត​ទេ ក្នុង​រយៈពេល​ពី​០៥​ទៅ​០៦​ម៉ោង ទឹកស្ទឹង​ពោធិ៍សាត់​នឹង​ស្រក​ទៅ​វិញ​ហើយ​។

ទោះបី​ទឹក​ស្រក​បន្តិច​មែន ប៉ុន្តែ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ មេឃ​នៅ​តែ​ងងឹត អាច​នឹង​មាន​ភ្លៀង​ធ្លាក់ បង្ក​ជា​ទឹកជំនន់​ទៀត​ក៏​ថា​បាន​។ ដូច្នេះ​សូម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព​សម្រាប់​ជន្លៀស​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​។

ទោះ​យ៉ាងណា ខេត្ត​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​នូវ​វិធានការ​សរុប កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​ទប់ទល់​នឹង​ជំនន់​ទឹកភ្លៀង​នេះ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​បួងសួង​ដល់​ឧកញ៉ា​ឃ្លាំងមឿង ជំទាវ​ខាន់​ខៀវ ជួយ​បញ្ចៀស​កុំ​ឲ្យ​មាន​ទឹកជំនន់ និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ ចៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​១៩ ទាំងអស់​គ្នា​។

បន្ទាប់​មក​ក្នុង​ថ្ងៃ​ដដែល​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក​ជំទាវ បាន​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សាលាសង្កាត់​ផ្ទះ​ព្រៃ ដើម្បី​ត្រៀម​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ឆ្នាំ​២០២២ និង​បោះ​ឆ្នោត​សភាជាតិ​នៅ​ឆ្នាំ​២០២៣ បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​រស់​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ