ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​ឈានមុខ​ប្រទេស​ថៃ ​និង​វៀតណាម ​បើ​កូរ៉េ​ជួយបង្កើត​មន្ទីរពិសោធន៍​សុវត្ថិភាព​ផលិតផល​សត្វ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ Korea Agency of HACCP Accreditation and Services របស់​សាធារណរដ្ឋ​កូរ៉េ…

រាជធានី​ភ្នំពេញ ​៖ Korea Agency of HACCP Accreditation and Services របស់​សាធារណរដ្ឋ​កូរ៉េ បង្ហាញគម្រោង​សាងសង់​មន្ទីរពិសោធន៍​សុវត្ថិភាព​ផលិតផល​សត្វ គុណភាព​ផលិតផល​បសុសត្វ និង​សារធាតុ​គីមី​លើ​ផលិតផល​សត្វ និង​កាក​សំណល់​ប​សុ​ឱសថ​នៅ​ក្នុង​ផលិតផល​សត្វ និង​សត្វ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើកកំពស់​សុខុមាលភាព​ជាតិ តាម​រយៈ​ការ​បរិភោគ​ផលិតផល​សត្វ​ដែល​មាន​សុវត្ថិភាព និង​លទ្ធភាព​ការ​នាំ​ចេញ​ផលិតផល​សត្វ​នា​ពេល​អនាគត ​។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា រយៈពេល​នៃ​ការ​អនុវត្ត​គម្រោង​មាន​រយៈពេល​ ៥ ​ឆ្នាំ​ចាប់ពី​ឆ្នាំ ​២០២៣ ដល់ ២០២៧​ តាម​ការ​ប៉ាន់ស្មាន​ថវិកា​ជាបឋម គឺ​ត្រូវការ​ថវិកា​ចំនួន ៨​ លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ផ្តោត​ទៅ​លើ​លើ​ការងារ​ធំ​ៗ​ក្នុង​នោះ​មាន​ដូច​ជា ៖ ពង្រឹងសមត្ថភាព​ធនធានមនុស្ស​លើ​ការងារ​គ្រប់គ្រង​បសុសត្វ និង​សាច់សត្វ​,​ ពង្រឹង​សុវត្ថិភាព ប្រព័ន្ធ​គ្រប់គ្រង​អនាម័យ​ និង​ភូតគាម​អនាម័យ ហើយ​និង​បទដ្ឋាន​គិ​តិ​យុ​ត្ត​ក្រោម​ច្បាប់​ និង​ការ​កសាង​វិទ្យាស្ថាន​ជាតិ​បសុសត្វ នៅ​កម្ពុជា​ ។

លោក វេ​ង សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ Korea Agency of HACCP Accreditation and Services​ កាលពី​ថ្ងៃ​ទី​ ១១​ ខែវិច្ឆិកា ​ឆ្នាំ​ ២០២១ ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​ ។ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​ក្រុមការងារ​បេសកកម្ម​កូរ៉េ​ជួយ​ពិនិត្យ​មើល ពី​បញ្ហា​ប្រឈម​កម្ពុជា ទាក់ទង​ទៅ​នឹង​កង្វះខាត​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​ផលិត ស្រាវជ្រាវ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​សត្វ ក្នុងស្រុក​ដែល​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​សត្វ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​ ។

តំណាង​ក្រុម​បេសកកម្ម​កូរ៉េ​បាន​យល់ព្រម​ទទួលយក​សំណូមពរ​របស់​លោក​រដ្ឋមន្ត្រី ហើយ​បាន​សន្យា​ថា នឹង​ធ្វើការ​សិក្សា​រួម​ប​ញ្ជូ​ល​ទៅ​ក្នុង​គម្រោង ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​កម្ពុជា និង​បម្រើ​ដល់​ការ​នាំ​ចេញ​សាច់សត្វ​របស់​កម្ពុ​ជានា​ពេល​អនាគត់​ ។

លោក ​ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ស្វាគមន៍​គម្រោង​នេះ​ ។ លោក​ថា​ សព្វ​ថ្ងៃនេះ សូ​ម្បី​តែ​នៅ​ប្រទេស​វៀតណាម ​និង​ថៃ ​គុណភាព​សាច់សត្វ​នៅ​មិន​ទាន់​មាន​ស្តង់ដារ​នៅឡើយ​ទេ ហើយ​បើសិនជា​កម្ពុជា​ដើរ​បាន​មុន​ពិតជា​ល្អ ធ្វើ​ឱ្យ​ការ​ផលិតកម្ម​សត្វ​ត្រូវ​គោរព​ទៅ​តាម​ស្តង់ដារ ហើយ​ការ​នាំ​ចូល​សាច់សត្វ​ក៏​ត្រូវ​មាន​ស្តង់ដារ​ដូច​គ្នា ហើយ​ដល់​ពេល​នោះ​កម្ពុជា​អាច​នាំ​ចេញ​សាច់សត្វ​ទៅ​ក្រៅប្រទេស​បាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ