ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្រែកយំ​រហូត​សន្លប់ ពេល​ឃើញ​ផ្ទះ​រួម​នឹង​ទ្រព្យសម្បត្តិ​ខ្ទេច​ត្រឹម​មួយប៉ប្រិចភ្នែក

2 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​១​ខ្នង​ដែល​សង់​ពី​ឈើ​ខាងលើ និង​រៀប​បន្ទប់​ថ្ម​ខាងក្រោម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​

រាជធានី​ភ្នំពេញ ៖ ផ្ទះ​១​ខ្នង​ដែល​សង់​ពី​ឈើ​ខាងលើ និង​រៀប​បន្ទប់​ថ្ម​ខាងក្រោម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​ស្ថិត​នៅ​ខាងក្រោម​ផ្ទះ ហើយ​អណ្តាតភ្លើង​បាន​ឆាបឆេះ​នៅ​ផ្នែក​ខាងលើ​មុន ។ លុះ​ពេល​ដឹង​ថា ភ្លើង​ឆេះ​នោះ គឺ​អណ្ដាតភ្លើង​បាន​គ្របដណ្ដប់​អស់​១​ចំហៀង​ផ្ទះ​បាត់​ទៅ​ហើយ ចំណែក​អ្នក​ភូមិ​ក៏​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​អាច​មិន​ឈ្នះ​ឡើយ ហើយ​ណាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​នៅ​ឆ្ងាយ​ថែម​ទៀត ទំ​រាំ​តែ​ទៅ​ដល់​ផ្ទះ​កើតហេតុ​នោះ ផ្ទះ​ជន​រង​គ្រោះ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​បាត់​ទៅ​ហើយ​។

ដោយឡែក​ស្ត្រី​ជា​ម្ចាស់ផ្ទះ ដោយសារ​តែ​មានការ​តក់ស្លុត និង​សោកស្ដាយ​ផ្ទះ រួម​នឹង​ទ្រព្យសម្បត្តិ​ផង​នោះ ក៏​បាន​ស្រែក​ទ្រហោយំ រហូត​ដល់​សន្លប់​បាត់ស្មារតី​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ស្ថិត​នៅ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ទទួល​រង​នូវ​ការ​ឆាបឆេះ​ខាងលើ​នោះ សាងសង់​ពី​ឈើ​ខាងលើ និង​បន្ទប់​ថ្ម​ក្រោម​ប្រក់​ស័ង្កសី មាន​ទំហំ​៤​ម៉ែត្រ​គុណ​និង​៥​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ យ៉ង់ ពៅ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ត្រូវជា​ម្តាយ មុខរបរ​មើលថែ​កូន​ឲ្យ​គេ និង​កូនស្រី​ឈ្មោះ​ហួ ច​ន្ធី អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ។ ចំណែក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន គឺ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ទៅ​ជាមួយ​ផ្ទះ​ដែរ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា តើ​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ? ហើយ​ក៏​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ដែរ​។

បើ​តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​និយាយ​ទាំង​ការ​យំ​ស្រែក​ផង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ គឺ​គាត់​កំពុង​ស្ថិត​នៅ​ខាងក្រោម​ផ្ទះ ហើយ​ភ្លើង​បាន​ចាប់ផ្ដើម​ឆាបឆេះ​នៅ​ខាងលើ ពេល​នោះ​គាត់​ពុំ​បានដឹង​ភ្លាម​ៗ​នោះ​ឡើយ​។ លុះ​ពេល​ភ្លើង​ឆេះ​ដល់​១​ចំហៀង​ផ្ទះ​ទៅ​ហើយ ទើប​គាត់​ដឹង ហើយ​អ្វី​ៗ​គឺ​ហួសពេល​អស់​ទៅ​ហើយ ហើយ​អ្នក​ជិតខាង​ក៏​បាន​ជួយ​ពន្លត់​ដែរ តែ​មិន​អាច​ពន្លត់​ឈ្នះ​ភ្លើង​នោះ​ទេ តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ផ្ទះ​របស់​គាត់​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​។

ស្ត្រី​រូប​នេះ​បាន​និយាយ​ទៀត​ថា នៅ​ក្នុង​ពេល​ឆោឡោ​បែប​នេះ គាត់​មានការ​តក់ស្លុត​ខ្លាំង​ណាស់ ហើយ​ពុំ​អាច​យក​ទ្រព្យសម្បត្តិ​អ្វី​ចេញពី​ក្នុងផ្ទះ​នោះ​បាន​ឡើយ សូ​ម្បី​តែ​បន្តិច ហើយ​ទ្រព្យសម្បត្តិ​ដែល​មាន​ទាំង​ប៉ុន្មាន​ក្នុងផ្ទះ​ក៏​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​អស់រលីង ហើយ​ពេល​នេះ​គាត់​គ្មាន​នៅ​សល់​អ្វី​ទៀត​នោះ​ទេ គឺ​អស់ហើយ​។

បន្ទាប់​ពី​និយាយ​ផង ស្រែកយំ​ផង បាន​មួយសន្ទុះ ដោយសារ​តែ​ការ​សោកស្ដាយ​ផ្ទះ និង​ទ្រព្យសម្បត្តិ​ដែល​ខំ​រក ខំ​សន្សំ​មក​ជា​យូរ ត្រូវ​រលាយ​ទៅ​វិញ​ត្រឹមតែ​មួយ​ភ្លែត​បែប​នេះ ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​ដួល​សន្លប់​បាត់បង់​ស្មារតី គួរ​ឲ្យ​អាណិត​បំផុត​។

បើ​តាម​អ្នក​ភូមិ​វិញ​ក៏​បាន​និយាយ​ថា ផ្ទះ​ដែល​ឆាបឆេះ​ខាងលើ​នេះ នៅ​ពេល​ទឹកស្ទឹង​ជន់​ឡើង​ខ្លាំង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក៏​បាន​ទទួល​រង​នូវ​ការ​លិចលង់​ផង​ដែរ ពេល​នេះ​ទឹក​ទើបតែ​ស្រក​ទៅ​វិញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គិភ័យ​បែប​នេះ​ទៀត​។ ម្យ៉ាងទៀត ដោយសារ​តែ​ផ្ទះ​នោះ គឺជា​ផ្ទះ​ឈើ ទើប​អណ្តាតភ្លើង​ឆេះ​លឿន​ខ្លាំង​ណាស់ ហើយ​គួប​ផ្សំ​នឹង​ម្ចាស់ផ្ទះ​ដឹង​ថា​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​យឺត​ពេល​ផង​នោះ ទើប​ពុំ​អាច​ជួយ​ពន្លត់​បាន​ទាន់​ពេល​ឡើយ ។

នៅ​ពេល​កើត​មាន​ហេតុការណ៍​ខាងលើ​នេះ​ឡើង លោកស្រី គឹ​ម ញ៉ឹ​ប អភិបាល​ខណ្ឌដង្កោ ក៏​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​កាន់​​ទីនោះ​ភ្លាម​ៗ ដើម្បី​ជួយ​អន្តរាគមន៍ និង​ចូលរួម​ការ​សោកស្ដាយ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​របស់​លោកស្រី ជួបនឹង​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ផ្ទះ​បែប​នេះ ។ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ ក៏​បាន​ទៅ​ដល់​ចំនួន​២​គ្រឿង​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​អគ្គិភ័យ​នៅ​ឆ្ងាយ​ផង​នោះ ទើប​ពុំ​អាច​ទៅ​បាន​ទាន់​ពេលវេលា ព្រោះថា​ត្រឹមតែ​រយៈពេល​ប្រមាណ​ជាង​១០​នាទី​ប៉ុណ្ណោះ ផ្ទះ​ជន​រង​គ្រោះ​ទាំងមូល រួម​ជាមួយនឹង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ទាំងអស់​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​បាញ់​ទឹក​ពន្លត់​អស់​ទឹក​១​ស៊ីទែន ដើម្បី​ឲ្យ​រលត់​ទាំងស្រុង កុំ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ