ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល និងភាគីពាក់ព័ន្ធរៀបចំប្រារព្ធទិវាពិភព លោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម និង​ភាគី​ពាក់ព័ន្ធ​ដែល​មាន​តំណាង​ស្ថាប័ន​រដ្ឋាភិបាល តំណាង​កម្មករនិយោជិត សហជីព សមាគម​និយោជក និង​អង្គការ​ជា​ដៃគូ​ជាតិ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម និង​ភាគី​ពាក់ព័ន្ធ​ដែល​មាន​តំណាង​ស្ថាប័ន​រដ្ឋាភិបាល តំណាង​កម្មករនិយោជិត សហជីព សមាគម​និយោជក និង​អង្គការ​ជា​ដៃគូ​ជាតិ អន្តរជាតិ​ប្រមាណ​ជា ១៣០០​នាក់ បាន​មក​ជួបជុំ​គ្នា​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ (Zoom) ដើម្បី​រៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ នា​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០២១ ។

រៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងា​ក្រោម​ប្រធានបទ «​ត្រៀម​ទុកជា​មុន រៀបចំ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ ៖ ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​ជាតិ ប្រកបដោយ​ប្រសិទ្ធភាព​» ។ ទិវា​ពិភពលោក​នេះ មាន​គោលបំណង ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​ស្ថានភាព និង​ទំហំ​បញ្ហា​នៃ​គ្រោះថ្នាក់​ការងារ និង​ការ​បាត់បង់​ជីវិត​របស់​កម្មករនិយោជិត ជា​ពិសេស​ផល​ប៉ះពាល់​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ ។

បង្កើន​ការ​យល់​ដឹង និង​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​ស្ថាប័នរដ្ឋ អង្គការ​ជាតិ អង្គការ​អន្តរជាតិ​ជា​ដៃគូ សមាគម​និយោជក សហជីព និង​កម្មករនិយោជិត ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​បង្ការ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ និង​ជំរុញ​ការ​លើកកម្ពស់​បន្ថែម​ចលនា​ទាក់ទាញ​ការ​គាំទ្រ​ផ្នែក​នយោបាយ និង​ថវិកា​ក្នុង​ការ​បង្ការ និង​កាត់​បន្ថយ​ការ​បាត់​បង់ជីវិត​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​ទូ​ទាំង​ពិភពលោក ។

នេះ​ជា​ឆ្នាំ​ទី​១៦ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ ក្រោម​កិច្ចសហការ​ផ្នែក​បច្ចេកទេស​ជាមួយ​អង្គការ​អន្តរជាតិ ខាង​ការងារ (ILO) តាម​រយ​:​គម្រោង​លើកកម្ពស់​ស្តង់ដា​សុវត្ថិភាព និង​សុខភាព​ការងារ ក្នុង​វិស័យ​សំណង់ (ILO-OSH) និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​ក្នុង​គោលបំណង​ជំរុញ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផែនការ​ឆ្លើយ​តប និង​វិធាន​ការណ៍​ចាំបាច់​នានា ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នៅ​កន្លែងធ្វើការ​។

ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​អធិបតី​នៅ​ក្នុង​ទិវា​ពិភពលោក​នេះ មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ គឺជា​ឆ្នាំ​ទី​២​ហើយ​ដែល​យើង​ប្រារព្ធ​ពិធី​នេះ​ឡើង​តាម​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

រហូត​មក​ដល់​ពេល​នេះ ជំងឺ​កូ​វី​ដ​-១៩ ជា​ជំងឺឆ្លង​រាតត្បាត​ជា​សាកល និង​បន្ត​ប៉ះពាល់ ស្ទើរតែ​ទូ​ទាំង​ពិភពលោក ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជំងឺ​នេះ​ជា​បញ្ហា​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​ពិភពលោក ខ្វល់ខ្វាយ​ជា​ខ្លាំង ដោយសារ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សេដ្ឋកិច្ច សុខុមាលភាព​សង្គម វិបត្តិ​ផ្លូវចិត្ត សង្គម​ជាដើម និង​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​វិធានការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ រួម​មាន​ទាំង​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ចាំបាច់ ដទៃ​ផ្សេង​ទៀត ដើម្បី​គ្រប់គ្រង​សភាពការណ៍​ទាំង​សង្គម និង​សេដ្ឋកិច្ច ក្នុង​នោះ​ការ​ចាក់​វ៉ាក់សាំង ជា យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង​ពី​បណ្តា​ប្រភព​នានា ក៏​ដូច​ជា​ការ​ទទួល​បាន​នូវ​ជំនួយ​ផ្សេង​ៗ ដើម្បី​យក​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ តាម​រយៈ យុទ្ធសាស្ត្រ «​ផ្កា​រីក​» ដើម្បី​បង្កើត​ភាពស៊ាំ​សហគមន៍ និង​ឈាន​ទៅ​បន្ត ជំរុញ​លំនឹង​អាជីវកម្ម និង​ធុរកិច្ច​ឡើង​វិញ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ការ​ទ្រទ្រង់​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ប្រាក់​ចំណូល របស់​កម្មករនិយោជិត រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​ជា​បន្តបន្ទាប់​ចំនួន ៩​ជុំ រួច​មក​ហើយ ក្នុង​នោះ​សម្រាប់​វិស័យ​ការងារ​ក៏​បាន​អនុវត្ត​នូវ​វិធានការ​ដោះស្រាយ​ផល​ប៉ះពាល់ របស់​និយោជក និង​កម្មករនិយោជិត រួម​មានការ​អនុញ្ញាត​ឱ្យ​រោងចក្រ​សហគ្រាស​នៅ​ក្នុង​វិស័យ វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប និង​វិស័យ​ទេសចរណ៍​តាម​គោលដៅ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​អាច​ព្យួរ​កិច្ចសន្យាការងារ ដោយ​កម្មករនិយោជិត​ទទួល​បាន​ប្រាក់​ជំនួយ​ឧបត្ថម្ភ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ទន់ ខណៈ​និយោជក​ក៏​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ចំពោះ​កាតព្វកិច្ច​មួយ​ចំនួន​ដូច​ជា ការ​លើកលែង​បង់​ភាគទាន​របប​សន្តិសុខ​សង្គម​ជាដើម ។

ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នៅ​កន្លែងធ្វើការ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​រំលឹក​បន្ថែម​ទៅ​ដល់ ម្ចាស់​រោងចក្រ សហគ្រាស ត្រូវ​យកចិត្តទុកដាក់​រួម​មាន ៖

  • បន្ត​អនុវត្ត​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កន្លែងធ្វើការ – រៀបចំ​កន្លែង​លាង​សម្អាត​ដៃ ឬ​កំប៉ុង​ទឹក​អាល់កុល ឬ​ជែ​ល​សម្រាប់​កម្មករនិយោជិត លាង​សម្អាត​ទៅ​តាម​ទីតាំង​ដែល​ប្រើប្រាស់​រួម​គ្នា ដូច​ជា​ច្រក​ចេញចូល កន្លែង​ហូប​បាយ បន្ទប់ទឹក​ជាដើម – ត្រូវ​ណែនាំ​ដល់​កម្មករនិយោជិត​ឱ្យធ្វើ​អនាម័យ​ដៃ​ជា​ប្រចាំ​នៅ​កន្លែងធ្វើការ​។
  • បង្កើន​ការ​យកចិត្ត​ទុក​ក្នុង​ការ​បាញ់​សម្លាប់​មេរោគ​នៅ​តាម​កន្លែងធ្វើការ អគារ​ផលិតកម្ម និង​កន្លែង​ប្រើប្រាស់​រួម​គ្នា – ធានា​ថា​មានការ​រក្សា​គម្លាត​សង្គម​នៅ​កន្លែងធ្វើការ និង​ក្រៅ តាម​ដែល​អាច​ធ្វើ​ទៅ​បាន – ណែនាំ​ដល់​កម្មករនិយោជិត​ឱ្យ​ពាក់​ម៉ាស់​ជា​ប្រចាំ និង​ប្រកាន់ខ្ជាប់​នូវ​អនុសាសន៍​ណែនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន «៣​កុំ ៣​ការពារ​» – ត្រូវ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ឃ្លាំមើល និង​តាមដាន​សុខភាព​របស់​កម្មករនិយោជិត​នៅ​ក្នុង រោងចក្រ សហគ្រាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ