រាជធានីភ្នំពេញ ៖ មានពលរដ្ឋកម្ពុជាជាង ២ លាននាក់បានកំពុងជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់កម្ចីដើម្បីប្រកបអាជីវកម្ម និងដោះស្រាយជីវភាពប្រចាំថ្ងៃក្តី ។ ទោះបីបំណុលមិនមែនជារឿងអាក្រកហើយគ្មាននណាគេចផុតពីបំណុលដើម្បីបានលុយមករកស៊ី និងទ្រទ្រង់ការរស់នៅក្តី ប៉ុន្តែបើខ្ចីលុយគេច្រើនពេក ហួសពីលទ្ធភាព ខ្ចីលុយគេមកប្រើខុសពីទិសដៅនោះគ្រប់គ្នានឹងមានបំណុលវណ្ឌកបាន ។

សារព័ត៌មានអនឡាញ «លុយ» សូមដកស្រង់វិធីសាស្ត្រកាត់បន្ថយបំណុលវណ្ឌករបស់គម្រោង តោះនិយាយពីលុយ របស់ធនគារជាតិនៃកម្ពុជា មកជម្រាបជូនលោកអ្នកដើម្បីសិក្សាទាំងអស់គ្នា ធ្វើយ៉ាងណាបង្ការកុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះដោយបំណុលវណ្ឌកនោះ ។ តាមស្ថាប័នជំនាញការដោះស្រាយ ឬកាត់បន្ថយវណ្ឌកនោះ មាន ៥ វិធីសាស្ត្រ ។

វិធីសាស្ត្រីទី ១ ជាដំបូង សូមលោកអ្នកគណនាបំណុលសរុប និងការប្រាក់សរុបប្រចាំខែ ។ វាសំខាន់ណាស់ ដែលបងត្រូវបូកសរុបអ្វីដែលបងជំពាក់ទាំងអស់ ទាំងពីម្ចាស់បំណុលផ្លូវការ និងក្រៅផ្លូវការ ដើម្បីបងដឹងឲ្យច្បាស់ថា បំណុលបងនៅក្នុងកម្រិតណា ។ គណនាមើលថា តើបងខ្វះលុយប៉ុន្មានដើម្បីសងបំណុលក្នុងខែនីមួយៗ ដូច្នេះបងអាចកាត់បន្ថយការចំណាយដើម្បីឲ្យសមនឹងចំណូល ឬស្វែងរកវិធីថ្មីដើម្បីរកចំណូលបន្ថែម ។ វិធីសាស្ត្រទី ២ កុំខ្ចីប្រាក់បន្ថែម ទាល់តែបងសងបំណុលបច្ចុប្បន្នអស់ ឬ ក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ។ បងមិនត្រូវខ្ចីលុយបន្ថែមទៀតទេ ប្រសិនបងមិនអាចគ្រប់គ្រងបំណុលបច្ចុប្បន្នបាន។ វាសំខាន់ណាស់ ប្រសិនបើបងសម្រេចចិត្តបូកបញ្ចូលបំណុលរបស់បងឲ្យទៅជាបំណុលតែមួយ គឺបងមិនត្រូវបន្ថែមកម្រិតបំណុលរបស់បងទេ ។ អូ ! កុំភ្លេចសាកសួរ តើអ្នកផ្តល់សេវាហិរញ្ញវត្ថុរបស់បងអនុញ្ញាតឲ្យបងសងប្រាក់មុនកំណត់ដែលទេ ។

ចំណែក វិធីសាស្ត្រទី ៣ បងត្រូវតែគោរពតាមផែនការថវិកា និងពិនិត្យមើលឡើងវិញរាល់សប្តាហ៍ដើម្បីធានាថា បងកំពុងតែអនុវត្តតាមផែនការនោះ ។ វិធីសាស្ត្រទី ៤ ប្រើប្រាស់លុយដែលបងទទួលបានដោយមិនបានរំពឹងទុកមុនដើម្បីសង ឬកាត់បន្ថយបំណុលរបស់បង និងវិធីសាស្ត្រទី ៥ នៅពេលដែលបងបានសងបំណុលមួយអស់ហើយ បងគួរតែយកប្រាក់ សម្រាប់សងនោះទៅទូទាត់សងបំណុលដែលនៅសល់ផ្សេងទៀត ៕
ចែករំលែកព័តមាននេះ